តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបាញ់គ្រាប់ផ្លោងមីស៊ីលលើកទី ១០ របស់ខ្លួននៅក្នុងឆ្នាំនេះ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ។ ជាថ្មីម្ដងទៀត ការបាញ់នេះ បានរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សហរដ្ឋអាមេរិករួមជាមួយនឹងប្រទេសចំនួន ១០ ផ្សេងទៀត បានថ្កោលទោស «ខ្លាំងក្លាបំផុត» លើសកម្មភាពរបស់កូរ៉េខាងជើងនេះថា «ខុសច្បាប់ និងធ្វើឱ្យមានអស្ថិរភាព»។
អាជ្ញាធរជប៉ុននិងអាជ្ញាធរសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានរាយការណ៍ថា មីស៊ីលរបស់កូរ៉េខាងជើងនេះ ហោះបានចម្ងាយជាង ៣០០ គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៦០០ គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។
សកម្មភាពនេះ ត្រូវបានហាមឃាត់ដោយសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
នៅក្នុងការថ្លែងអំពីសេចក្ដីថ្លែងការណ៍រួមរបស់ប្រទេសចំនួន ១១ ស្ដីពីសកម្មភាពរបស់កូរ៉េខាងជើងនេះ លោកឯកអគ្គរដ្ឋទូត Jeff Delaurentis ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនយោបាយនៃស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ «មូលមតិគ្នាថ្កោលទោសសកម្មភាពខុសច្បាប់ដ៏គ្រោះថ្នាក់ទាំងនេះ»។
លោក Delaurentis បាននិយាយថា៖ «ប្រទេសអាល់បានី ប្រេស៊ីល បារាំង អៀរឡង់ ជប៉ុន ន័រវែស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់រួចមកហើយអំពីក្ដីកង្វល់ទាក់ទិននឹងរឿងនេះ។ សំឡេងរួមគ្នាក្នុងការថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើងនេះបានកើនឡើង។ មកទល់នឹងពេលនេះ ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូងបានចូលរួមថ្កោលទោសផងដែរលើសកម្មភាពរបស់កូរ៉េខាងជើងនេះ»។
លោកបានបន្តទៀតថា៖ «យើងជំរុញឱ្យប្រទេសជាសមាជិកទាំងអស់ [នៃអង្គការសហប្រជាជាតិ] អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្ដីសម្រេចទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទិននឹងប្រទេសកូរ៉េខាងជើង»។
លោកបានបន្ថែមថា៖ «សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងនេះក៏តម្រូវផងដែរឱ្យប្រទេសកូរ៉េខាងជើងលះបង់ចោលនូវអាវុធប្រល័យលោកនិងកម្មវិធីគ្រាប់ផ្លោងមីស៊ីលរបស់ខ្លួនតាមវិធីមួយដែលមានលក្ខណៈពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចកែប្រែបាន។ ទណ្ឌកម្មអន្តរជាតិទាំងនេះគឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហាគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខអន្តរជាតិនេះ»។
សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង មិនបានចរចាគ្នាជាផ្លូវការអស់រយៈពេលជាង ២ ឆ្នាំមកហើយ ប៉ុន្តែសហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ម្ដងហើយម្ដងទៀតអំពីការត្រៀមខ្លួនរួចរាល់នៅក្នុងការចូលរួមម៉ឺងម៉ាត់ផ្នែកការទូតជាបន្តទៅមុខជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងជើង។
ជាថ្មីម្ដងទៀត លោកឯកអគ្គរដ្ឋទូត Delaurentis បានជំរុញប្រទេសកូរ៉េខាងជើងឱ្យ «ជ្រើសរើសមាគ៌ាការទូតដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់និងដើម្បីលើកកម្ពស់សន្តិភាពនិងសន្តិសុខអន្តរជាតិ»។
លោក Delaurentis បានប្រកាសថា៖ «សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់នៅក្នុងការចូលរួមចរចា ហើយសហរដ្ឋអាមេរិកនឹងមិនរាថយនៅក្នុងដំណើរឆ្ពោះទៅការសម្រេចឱ្យបាននូវសន្តិភាពនិងស្ថិរភាព»៕