Accessibility links

Breaking News

បទវិចារណកថា៖ ការធ្វើ​ឱ្យ​អតីត​ប្រធានាធិបតី​ហុងឌូរ៉ាស​លោក Juan Orlando Hernandez ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ពុករលួយ


អតីត​ប្រធានាធិបតី​ហុងឌូរ៉ាស​លោក Juan Orlando Hernandez ត្រូវ​បាន​មន្ត្រី​ប៉ូលិស​អម​ការពារ បន្ទាប់​ពី​បាន​មក​ដល់​មូលដ្ឋាន​ប៉ូលិស​បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុង Tegucigalpa ប្រទេស​ហុងឌូរ៉ាស កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
អតីត​ប្រធានាធិបតី​ហុងឌូរ៉ាស​លោក Juan Orlando Hernandez ត្រូវ​បាន​មន្ត្រី​ប៉ូលិស​អម​ការពារ បន្ទាប់​ពី​បាន​មក​ដល់​មូលដ្ឋាន​ប៉ូលិស​បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុង Tegucigalpa ប្រទេស​ហុងឌូរ៉ាស កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប៉ូលិស​នៅក្នុង​ប្រទេស​ហុងឌូរ៉ាស​ បាន​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហុងឌូរ៉ាស​លោក Juan Orlando Hernandez កាលពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​ចង់​ឱ្យ​អាជ្ញាធរ​ហុងឌូរ៉ាស​ បញ្ជូន​លោក​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​កាត់ទោស​សម្រាប់​បទ​ចោទ​ប្រកាន់​ដែល​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។

សហរដ្ឋ​អាមេរិក​ តាំងចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​តំបន់​អាមេរិក​កណ្ដាល។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «យើង​ជឿ​ថា បញ្ហា​អស់​ទាំងនេះ ​គឺជា​គន្លឹះ​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់​ជាង​មុន​សម្រាប់​តំបន់​អាមេរិក​កណ្ដាល»។

ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​អាទិភាព​នេះ ឥឡូវ​នេះ​ សហរដ្ឋ​អាមេរិក​លែង​ចាត់ទុក​រឿង​នេះ​ថា​ជា​ការ​សម្ងាត់​ និង​បាន​ផ្សព្វផ្សាយ​អំពី​ការ​ដាក់​បញ្ចូល​អតីត​ប្រធានាធិបតី​ហុងឌូរ៉ាស​លោក Juan Orlando Hernandez ទៅ​ក្នុង​បញ្ជី​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​បុគ្គល​ពុករលួយ ​និង​មិន​ប្រជាធិបតេយ្យ នៅ​ក្រោម​ជំពូក​ទី ៣៥៣ នៃ​ច្បាប់ Northern Triangle Enhanced Engagement Act របស់​សហរដ្ឋ​អាមេរិក។

ជាទូទៅ ករណី​នេះ ​ធ្វើ​ឱ្យ​បុគ្គល​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ​ មិន​មាន​សិទ្ធិ​នៅក្នុង​ការ​ទទួល​បាន​ទិដ្ឋាការ​ និង​ការ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។ លោក Hernandez ត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​នេះ​នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២១។

យោង​ទៅ​លើ​សេចក្ដី​រាយការណ៍​ដ៏​ទុកចិត្ត​ជាច្រើន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា លោក Hernandez បាន​សម្រួល​ឱ្យ​មាន​អំពើ​ពុករលួយ​ និង​ការ​ជួញដូរ​គ្រឿង​ញៀន ដោយ​បាន​ប្រើ​ថវិកា​ដែល​បាន​មកពី​សកម្មភាព​ខុសច្បាប់​សម្រាប់​ចំណាយ​ទៅលើ​យុទ្ធនាការ​នយោបាយ​នានា។

បន្ថែម​ពី​លើ​នេះ​ទៀត ឈ្មោះ​របស់​លោក Hernandez ត្រូវ​បាន​បញ្ជាក់​នៅក្នុង​សក្ខីកម្ម​របស់​សាក្សី​ដែល​មាន​ការ​ស្បថស្បែ​ត្រឹមត្រូវ​នៅក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​មួយ​ថា លោក​បាន​ទទួល​ថវិកា​ពី​ការ​ជួញដូរ​គ្រឿង​ញៀន ដែល​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​ថវិកា​ដល់​យុទ្ធនាការ​របស់​លោក។

សហរដ្ឋ​អាមេរិក​បន្ត​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​ខ្លួន​មាន​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​លើ​អំពើ​ពុករលួយ​និង​ការ​វាយ​ប្រហារ​ផ្សេងៗ​លើ​សន្តិសុខ ស្ថិរភាព និង​បំណង​ប្រាថ្នា​បែប​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ហុងឌូរ៉ាស តំបន់​អាមេរិក​កណ្ដាល និង​ពិភពលោក។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ថា៖ «យើង​នឹង​បន្ត​ធ្វើ​ជា​ដៃគូ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ហុងឌូរ៉ាស សមាជិក​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដែល​បង្ហាញ​ការ​តាំងចិត្ត​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​ការ​ពង្រឹង​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ទូទៅ​នៃ​ការ​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​ចំណាកស្រុក​មិន​ប្រក្រតី​ពី​តំបន់​អាមេរិក​កណ្ដាល»។

សហរដ្ឋ​អាមេរិក​ នឹង​បន្ត​គាំទ្រ​ប្រជាពលរដ្ឋ​ហុងឌូរ៉ាស ស្របពេល​ដែល​ពួកគេ​ប្រឹងប្រែង​តស៊ូ​ដើម្បី​រួម​ចំណែក​នៅក្នុង​និង​ទទួល​បាន​ប្រយោជន៍​ពី​ស្ថាប័ន​ប្រជាធិបតេយ្យ​នានា បង្កើត​ឱកាស​សេដ្ឋកិច្ច​ស្មើភាព​គ្នា និង​បង្កើត​អនាគត​ដែល​ពួកគេ​ប្រាថ្នា​ចង់បាន​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់​និង​ក្រុម​គ្រួសារ​របស់​ពួកគេ៕

XS
SM
MD
LG