Accessibility links

Breaking News

បទវិចារណកថា៖ ការបោះឆ្នោត​សភា​បែប​ទុច្ចរិត​នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា


បុរស​ម្នាក់ ទម្លាក់​សន្លឹកឆ្នោត​ទៅក្នុង​ប្រអប់​សន្លឹកឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង ក្នុង​អំឡុងពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ទីក្រុង​ការ៉ាកាស់ ប្រទេស​វេណេស៊ុយអេឡា នៅ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។
បុរស​ម្នាក់ ទម្លាក់​សន្លឹកឆ្នោត​ទៅក្នុង​ប្រអប់​សន្លឹកឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​មួយ​កន្លែង ក្នុង​អំឡុងពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ទីក្រុង​ការ៉ាកាស់ ប្រទេស​វេណេស៊ុយអេឡា នៅ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាល​ពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ របប​ដឹកនាំ​ខុស​ច្បាប់​របស់​លោក Nicolas Maduro នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា បាន​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​គួរ​ឲ្យ​អស់​សំណើច​មួយ ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​ដូច​ការ​បោះឆ្នោត​សភា​ដូច្នេះ​ដែរ។

រដ្ឋមន្ត្រី​កាបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សំណាង​ល្អ មានតែ​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បំភាន់»។ សហរដ្ឋ​អាមេរិក​រួម​ជាមួយ​នឹង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​រាប់​សិប​ផ្សេង​ទៀត​នៅ​ទូទាំង​ពិភពលោក ថ្កោសទោស​ឆាក​ល្ខោន​នេះ ដែល​មិន​បាន​បំពេញ​តាម​ស្តង់ដារ​អប្បរមា​នៃ​ភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន។

លោក​រដ្ឋមន្ត្រី Pompeo បាន​និយាយ​ថា៖ «លោក Maduro បាន​លួច​បន្លំ​ការ​បោះឆ្នោត​ទាំង​នេះ​ដោយ​ឥត​អៀនខ្មាស​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន តាមរយៈ​ការ​ដណ្ដើម​យក​ដោយ​ខុស​ច្បាប់​នូវ​ឈ្មោះ​ និង​និមិត្ត​សញ្ញា​របស់​គណបក្ស​នយោបាយ​នានា​នៅ​លើ​សន្លឹក​ឆ្នោត ការ​បន្លំ​ដំណើរការ​ដោយ​ក្រុមប្រឹក្សា​បោះឆ្នោត​ដែល​ស្មោះស្ម័គ្រ​នឹង​លោក អំពើ​ហិង្សា​និង​ការ​បំភិត​បំភ័យ និង​កលល្បិច​មិន​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ផ្សេង​ទៀត»។

បន្ថែម​ពី​លើ​នេះ​ទៀត ប្រទេស​និង​អង្គការ​ប្រមាណ ៦០ នៅ​ទូទាំង​ពិភពលោក ដែល​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង្គការ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាមេរិក (OAS) ក្រុម​ប្រទេស Lima និង​អង្គការ​ក្រុម​ទំនាក់ទំនង​អន្តរជាតិ (ICG) មិន​បាន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ថា​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ។

លោក​រដ្ឋមន្ត្រី Pompeo បាន​និយាយ​ថា៖ «ព្រឹត្តិការណ៍​គួរ​ឲ្យ​អស់​សំណើច​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ប៉ុនប៉ង​ដើម្បី​បង្កើត​រដ្ឋសភា​អាយ៉ង​សម​គំនិត​មួយ ដែល​ជំពាក់​គុណ​លោក Maduro ហើយ​ស្រប​ពេល​នោះ​ដែរ បំផ្លាញ​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​ដែល​នៅ​សល់​តែមួយ​គត់​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​នេះ ដែល​ជា​តំណាង​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា»។

ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​បាន​កើតឡើង នៅ​ពេល​ដែល​របប​ដឹកនាំ​ខុស​ច្បាប់​របស់​លោក Maduro បាន​ប្រព្រឹត្តិ​ជា​ប្រព័ន្ធ​នូវ​ការ​លួច​ធ្វើ​ឃាត ការ​ធ្វើ​ទារុណកម្ម និង​ការ​ចាប់​អ្នក​ប្រឆាំង​ដាក់​ពន្ធនាគារ ដូច​ដែល​អង្គការ​សហប្រជាជាតិ អង្គការ OAS និង​អ្នក​សង្កេតការណ៍​ឯករាជ្យ​ផ្សេង​ទៀត បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នានា​កាលពី​ពេល​ថ្មីៗ​នេះ​ដូច្នេះ​ដែរ។

ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​បោះឆ្នោត​បែប​ទុច្ចរិត​នេះ របប​ដឹកនាំ​នេះ​ក៏​បាន​បង្កើន​ការ​រុកគួន​យាយី​លើ​អ្នក​ធ្វើការ​ខាង​ផ្នែក​មនុស្សធម៌ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​ចែកចាយ​ម្ហូប​អាហារ​នានា​ផង​ដែរ។ លោក​រដ្ឋមន្ត្រី Pompeo បាន​ប្រកាស​ថា៖ «របប​ដឹកនាំ​បែប​ឃោរឃៅ​និង​គ្មាន​ធម៌​មេត្តា​នេះ​មិន​មាន​សមត្ថភាព​នៅ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​បាន​ទេ»។

សហរដ្ឋ​អាមេរិក​ នឹង​នៅតែ​បន្ត​ទទួល​ស្គាល់​លោក Juan Guaido ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន និង​រដ្ឋសភា​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ប្រទេសវ៉េណេស៊ុយអេឡា​ដដែល។ សហគមន៍​អន្តរជាតិ​មិន​អាច​អនុញ្ញាត​ឲ្យ​លោក Maduro ដែល​កំពុង​កាន់​អំណាច​ដោយសារ​ការ​លួច​បន្លំ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៨ ឲ្យ​ទទួល​បាន​ប្រយោជន៍​ពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត​លើក​ទី​ពីរ​បាន​ទេ។

សហរដ្ឋ​អាមេរិក ​ជំរុញ​ប្រទេស​ទាំង​អស់​ដែល​ប្តេជ្ញា​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​ចូលរួម​ថ្កោលទោស​លើ​ការ​បោះឆ្នោត​បែប​ឆាកល្ខោន​កាល​ពី​ថ្ងៃ​ទី ៦ ខែ​ធ្នូ និង​គាំទ្រ​រដ្ឋសភា​ត្រឹមត្រូវ​តាម​ច្បាប់ និង​លោក​ប្រធានាធិបតី​បណ្តោះអាសន្ន​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា បន្ត​ទៅ​ថ្ងៃ​ខាង​មុខ។ ទាំង​លោក Maduro និង​ទាំង​រដ្ឋសភា​ដែល​ជ្រើសតាំង​ឡើង​ដោយ​ការ​បោះឆ្នោត​បែប​លួច​បន្លំ​នេះ មិន​តំណាង​ឲ្យ​សំឡេង​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​នោះ​ទេ។ សំឡេង​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា អាច​ត្រូវ​សម្តែង​ឡើង​បាន​តាម​រយៈ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​ភាព​សេរី​និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG