Accessibility links

Breaking News

បទវិចារណកថា៖ ការប្រជុំ​តាម​អនឡាញ​រវាង​លោក Joe Biden និង​លោក Xi Jinping


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​តាម​អនឡាញ កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មុន​ពេល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ផ្ដើម​ការប្រជុំ​តាម​អនឡាញ​របស់​ពួកគេ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ មេដឹកនាំ​ទាំង​ពីរ ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ការ​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ នឹង​ធ្វើឡើង​ដោយ«ស្មោះត្រង់» «ឥត​លាក់លៀម» និង​មាន​លក្ខណៈ«ទូលំទូលាយ»។

ក្ដី​សង្ឃឹម​របស់​លោក​ទាំង​ពីរ​ ហាក់ដូចជា​បាន​ដូច​ក្ដី​បំណង។

សេតវិមាន​ប្រធានាធិបតី​អាមេរិក ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «មេដឹកនាំ​ទាំងពីរ​ បាន​ពិភាក្សា​អំពី​ទិដ្ឋភាព​ស្មុគស្មាញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ និង​អំពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ការ​ប្រកួតប្រជែង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។...លោក​ប្រធានាធិបតី Biden បាន​ស្វាគមន៍​ឱកាស​នៃ​ការ​និយាយ​ដោយ​ស្មោះត្រង់​ និង​ឥត​លាក់លៀម​ទៅកាន់​លោក​ប្រធានាធិបតី Xi Jinping អំពី​ឆន្ទៈ​ និង​អាទិភាព​របស់​ប្រទេស​ទាំងពីរ​លើ​បញ្ហា​ជា​ច្រើន»។

បញ្ហា​ទាំងនោះ​រួម​មាន ក្ដីបារម្ភ​របស់​សហរដ្ឋ​អាមេរិក​អំពី​ការ​អនុវត្ត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ក្នុង​តំបន់ Xinjiang តំបន់​ទីបេ និង​ទីក្រុង​ហុងកុង ក៏​ដូចជា​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ទូទៅ ភាព​ចាំបាច់​នៅ​ក្នុង​ការ​ធានា​ថា «ក្បួនច្បាប់​អនុវត្ត​ជា​ទម្លាប់​កន្លង​មក» សម្រាប់​សតវត្សរ៍​ទី ២១ ជួយ​ជំរុញ​ឱ្យ​បាន​ប្រសើរ​ទៅ​មុខ​នូវ​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែល​មាន​លក្ខណៈ​សេរី បើក​ចំហ និង​យុត្តិធម៌ សារៈសំខាន់​នៃ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​ការ​ហោះហើរ​ប្រកប​ដោយ​សុវត្ថិភាព​ចំពោះ​វិបុលភាព​របស់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ការពារ​អ្នក​ធ្វើការ​ និង​ឧស្សាហកម្ម​របស់​សហរដ្ឋ​អាមេរិក​ពី​ការ​អនុវត្ត​មិន​យុត្តិធម៌​ផ្នែក​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច។

ទាក់ទិន​នឹង​បញ្ហា​កោះ​តៃវ៉ាន់ សេតវិមាន​បាន​បញ្ជាក់​ថា៖ «លោក​ប្រធានាធិបតី Biden បាន​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅតែ​ប្ដេជ្ញា​ចំពោះ​គោល​នយោបាយ «ចិន​តែ​មួយ» ដែល​ត្រួសត្រាយ​ដោយ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ (Taiwan Relations Act) សេចក្តី​ថ្លែងការណ៍​រួម​ចំនួន ៣ (Three Joint Communiques) និង​ការ​ធានា ៦ ចំណុច (Six Assurances) ហើយ​ថា សហរដ្ឋ​អាមេរិក​ជំទាស់​ខ្លាំងក្លា​ចំពោះ​កិច្ច​ប្រឹងប្រែង​ជា​ឯកតោភាគី​ណា​មួយ​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន ឬ​ក៏​ការ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិភាព ​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់»។

បញ្ហា​ដែល​លើក​យក​ពិភាក្សា​ផងដែរ​នៅ​ក្នុង​ជំនួប​រវាង​លោក Biden និង​លោក Xi Jinping គឺ​បញ្ហា​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ហានិភ័យ​យុទ្ធសាស្ត្រ​តាម​រយៈ​ការ​បង្កើត​ការ​ការពារ​ប្រកប​ដោយ​សុភនិច្ឆ័យ​ដើម្បី​ធានា​ថា​ ការ​ប្រកួតប្រជែង​រវាង​សហរដ្ឋ​អាមេរិក ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ មិន​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ និង​តាម​រយៈ​ការ​រក្សា​ទំនាក់ទំនង​ឱ្យ​នៅ​បើក​ចំហ។

បន្ថែម​ពី​លើ​នេះ​ទៀត លោក​ប្រធានាធិបតី Biden បាន​និយាយ​ជាមួយ​លោក​ប្រធានាធិបតី Xi Jinping អំពី​ការ​ធ្វើការ​ជាមួយ​គ្នា​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទាំង​ពីរ​នៅ​លើ​ពិភពលោក លើ​ផ្នែក​មួយ​ចំនួន​ដែល​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​ប្រទេស​ទាំងពីរ​ដូចជា សន្តិសុខ​សុខភាព​សាកលលោក ការ​ប្រឆាំង​នឹង​គ្រឿង​ញៀន និង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan ដែល​បាន​ចូលរួម​នៅ​ក្នុង​ជំនួប​នោះ​ដែរ បាន​ពណ៌នា​ជំនួប​នោះ​ថា​ ជា​ការ​ប្រជុំ​រវាង​មេដឹកនាំ​ពីរ​រូប​ដែល «ទទួល​ស្គាល់​ព្រមគ្នា​នូវ​ទម្ងន់​នៃ​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​គ្រប់គ្រងរក្សា​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន។...លោក​ទាំងពីរ​ មាន​បំណង​ទទួល​រ៉ាប់រង​ចំពោះ​ទម្ងន់​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ គោរព​តាម​ពាក្យ​សម្ដី​ដែល​ខ្លួន​បាន​និយាយ​តាម​វិធី​អនុវត្ត​របស់​លោក​ទាំងពីរ​លើ​បញ្ហា​ដែល​បាន​លើកឡើង»។

ទោះជា​យ៉ាងនេះក្ដី លោក Sullivan បាន​កត់​សម្គាល់​ថា លោក​ប្រធានាធិបតី Biden បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «រួម​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន​និង​អ្នក​ដែល​ផ្ដល់​តម្លៃ​លើ​ប្រជាធិបតេយ្យ​ដូច​ខ្លួន... សហរដ្ឋ​អាមេរិក ​នឹង​ធ្វើការ​ដើម្បី​ចក្ខុវិស័យ​វិជ្ជមាន​នៃ​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែល​នៅតែ​មាន​ភាព​សេរី បើក​ចំហ និង​យុត្តិធម៌ មិន​មែន​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ចិន​នោះ​ទេ»៕

XS
SM
MD
LG