តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បន្ទាប់ពីកងទ័ពជើងអាកាសរបស់កងទ័ពរំដោះប្រជាជនចិន បានធ្វើប្រតិបត្តិការកាលពីពេលថ្មីៗនេះ ក្នុងដែនអាកាសលើកោះតៃវ៉ាន់ សហរដ្ឋអាមេរិក បានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតចិន «ឱ្យបញ្ឈប់សម្ពាធយោធា ការទូតនិងសេដ្ឋកិច្ចរបស់ខ្លួន និងការបង្ខិតបង្ខំលើកោះតៃវ៉ាន់»។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា «សហរដ្ឋអាមេរិក ខ្វល់ខ្វាយណាស់ដោយសារសកម្មភាពយោធាបង្ករឿងរបស់សាធារណរដ្ឋប្រជាមានិតចិនជិតកោះតៃវ៉ាន់ដែលធ្វើឱ្យមានអស្ថិរភាព អាចនាំឱ្យមានការស្មានខុស និងធ្វើឱ្យអន្តរាយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ចាប់តាំងពីថ្ងៃទី១ ខែតុលាមកដែលត្រូវចំ«ទិវាបុណ្យជាតិ»របស់សាធារណរដ្ឋប្រជាមានិតចិន កងទ័ពរំដោះប្រជាជនចិន បានធ្វើការហោះហើរច្រើនដងចូលក្នុងដែនអាកាសដែលស្ថិតក្រោមកិច្ចការពារបស់តៃវ៉ាន់។ យន្តហោះនៃកងទ័ពរំដោះប្រជាជនចិន មានរួមបញ្ចូលកងយន្តហោះប្រតិកម្មប្រយុទ្ធ និងយន្កហោះទម្លាក់គ្រាប់បែក ហើយការហោះនៃយន្តហោះទាំងនេះ មានធ្វើទាំងថ្ងៃទាំងយប់។
ជាការឆ្លើយតប តៃវ៉ាន់បានបញ្ជាឱ្យយន្តហោះប្រយុទ្ធរបស់ខ្លួនហោះឡើងតាមឃ្លាំមើលយន្តហោះចិនទាំងនេះ ហើយបានចេញការព្រមានតាមវិទ្យុដល់ប្រជារាស្ត្រខ្លួននិងបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារថែមទៀតផង។
កាលពីឆ្នាំទៅមិញ សាធារណរដ្ឋប្រជាមានិតចិន បានបង្កើនការហោះហើររបស់ខ្លួនដោយសន្សឹមៗក្នុងដែនអាកាសដែលស្ថិតក្រោមកិច្ចការពារបស់តៃវ៉ាន់ តែចំនួនកិច្ចប្រតិបត្តិការតាមអាកាសកាលពីពេលថ្មីៗនេះ មានចំនួនច្រើនលើសពេលមុនៗទាំងអស់។ កិច្ចប្រតិបត្តិការទាំងនេះ ក៏មានភ្ជាប់ផងដែរជាមួយវោហាសាស្ត្រគំរាមកំហែងនៅក្នុងបណ្តាញផ្សាយព័ត៌មានត្រួតត្រាដោយរដ្ឋរបស់រដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងនឹងកោះនេះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។ កាសែត Global Times បានសរសេរថា «ការផ្តើមគំនិតអំពីពេលវេលា និងវិធីដោះស្រាយបញ្ហាតៃវ៉ាន់ ស្ថិតនៅក្នុងកណ្តាប់ដៃប្រទេសចិនដីគោក»។ បណ្ណាធិការនៃសារព័ត៌មាននេះ បានសរសេរសារ tweet ថា «មិនយូរមិនឆាប់ អាជ្ញាធរបំបែករដ្ឋនៅតៃវ៉ាន់ នឹងធ្លាក់ពីអំណាច»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិក មាន«ការយកចិត្តទុកដាក់ខ្លាំងដល់សន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យើងនឹងបន្តជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួនដោយគ្រប់គ្រាន់ ហើយយើងនឹងធ្វើតាមការប្តេជ្ញារបស់យើងដូចមានចែងនៅក្នុងច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់សេចក្តីថ្លែងការណ៍រួមទាំងបី និងការធានាអះអាងប្រាំមួយ»៕