តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ពិភពលោក «នៅពេលនេះកំពុងប្រឈមនឹងការកើនឡើងខ្លាំងក្លាបំផុតនូវការរើសអើងជាតិសាសន៍ជ្វីហ្វជាងអ្វីដែលយើងបានឃើញនៅទូទាំងពិភពលោកក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Deborah Lipstadt ប្រេសិតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកខាងការឃ្លាំមើលនិងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ជ្វីហ្វនៅក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះ។
អ្នកស្រីឯកអគ្គរដ្ឋទូត Lipstadt បាននិយាយថា ការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់ (Hamas) កាលពីថ្ងៃទី ៧ ខែតុលាលើប្រទេសអ៊ីស្រាអែលគឺជា «ថ្ងៃដ៏ប្រល័យបំផុតសម្រាប់ជាតិសាសន៍ជ្វីហ្វតាំងពីសម័យ Holocaust មក» ហើយករណីនេះមិនត្រឹមតែបណ្ដាលឱ្យមាន «រលកនៃការគាំទ្រចំពោះក្រុមហាម៉ាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្ដាលឱ្យមានមហារលកនៃវោហារសាស្ត្រនិងឧប្បត្តិហេតុប្រឆាំងនឹងជាតិសាសន៍ជ្វីហ្វផងដែរ»។
អ្នកស្រី Lipstadt បានថ្លែងថា៖ «បូជនីយដ្ឋាន Holocaust នានាបានរងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសក្រិក ដាណឺម៉ាក កាណាដា និងសហរដ្ឋអាមេរិក។ ដបដុតសាំងត្រូវបានគេគ្រវែងដាក់វិហារសាសនាយូដាយរបស់ជាតិសាសន៍ជ្វីហ្វ ដែលរួមមានទាំងនៅក្នុងទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់និងទីក្រុងម៉ុងរ៉េអាល់របស់កាណាដាផងដែរ។ រូបផ្កាយជ្វីហ្វត្រូវបានគេលាបពណ៌ដាក់លើអគាររស់នៅរបស់ជាតិសាសន៍ជ្វីហ្វនៅក្នុងប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់។ ជាតិសាសន៍ជ្វីហ្វត្រូវបានយាយី ត្រូវបានស្រែកបន្ទរដាក់នៅក្នុងបាតុកម្មដូចជាពាក្យថា «ចាក់សាំងដុតជាតិសាសន៍ជ្វីហ្វ» និង «សម្លាប់ជាតិសាសន៍ជ្វីហ្វ» ជាដើម។ ប័ណ្ណប្រកាសដែលមានរូបផ្កាយជ្វីហ្វនៅក្នុងធុងសម្រាមមានពាក្យថា «បោសសម្អាតសង្គម» និង «ដោះលែងសង្គម» ជាដើម»។
សហរដ្ឋអាមេរិកស្វាគមន៍បាតុកម្មដោយសន្តិវិធី បើសូម្បីតែនៅពេលដែលក្រុមបាតុករសម្ដែងទស្សនៈដែលប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកក៏ដោយ។ អ្នកស្រី Lipstadt បានបញ្ជាក់ថា៖ «ប៉ុន្តែ នៅពេលយើងឃើញឬក៏ឮមនុស្សស្រែកបន្ទរឱ្យសម្លាប់ជនអំបូរជ្វីហ្វឬក៏អំពាវនាវឱ្យមានការបះបោរហិង្សា...ការធ្វើដូច្នេះគឺមិនមែនជាការគាំទ្រដល់សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីននោះទេ»។
អ្នកស្រី Lipstadt បានថ្លែងថា៖ «នេះជាការប្រឆាំងនឹងជាតិសាសន៍ជ្វីហ្វយ៉ាងពិតប្រាកដ។ ដូច្នេះ នៅពេលណាអ្នកសម្តែងការគាំទ្រចំពោះភេរវកម្មថ្ងៃទី ៧ ខែតុលា យើងមានជំនឿថាគំនិតបែបនេះមានតែញុះញង់ឱ្យមានការស្អប់គុំកួន ការស្លាប់ និងអំពើហិង្សាបន្ថែមទៀតតែប៉ុណ្ណោះ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Lipstadt បានបំភ្លឺបន្ថែមថា ការរិះគន់លើគោលនយោបាយអ៊ីស្រាអែលគឺមិនមែនជាការប្រឆាំងនឹងជាតិសាសន៍ជ្វីហ្វទេ។
អ្នកស្រីបាននិយាយថា៖ «ប៉ុន្តែ ចំណុចសំខាន់បំផុតគឺថានៅពេលណាអ្នកវាយប្រហារលើសហគមន៍ជ្វីហ្វដោយការស្អប់គុំកួន ការគំរាមកំហែង នោះមិនមែនជាការប្រកាន់ជំហរអំពីជម្លោះនៅតំបន់មជ្ឈិមបូព៌ានោះទេ។ វាជាការរើសអើងប្រឆាំងនឹងជាតិសាសន៍ជ្វីហ្វ»។
ជាការឆ្លើយតបទៅនឹងការកើនឡើងនៃការរើសអើងជាតិសាសន៍ជ្វីហ្វ សហរដ្ឋអាមេរិកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកសម្របសម្រួលនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ជ្វីហ្វនិងមេដឹកនាំផ្សេងទៀតដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រជាសាកលសម្រាប់ដោះស្រាយបញ្ហានេះ។ នៅក្នុងដំណើរទស្សនកិច្ចទាំងអស់របស់អ្នកស្រីនៅទ្វីបអឺរ៉ុប អ្នកស្រីឯកអគ្គរដ្ឋទូត Lipstadt បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកយល់ឃើញថា «រលកយក្សនៃការរើសអើងជាតិសាសន៍ជ្វីហ្វនេះមិនត្រឹមតែជាការគំរាមកំហែងចំពោះជាតិសាសន៍ជ្វីហ្វប៉ុណ្ណោះទេ...ប៉ុន្តែជាអ្វីធំជាងនេះដែលជះផលប៉ះពាល់ខ្លាំងលើគុណតម្លៃប្រជាធិបតេយ្យ រដ្ឋាភិបាលប្រជាធិបតេយ្យ មនុស្សជាតិ ស្ថិរភាពជាតិ និងសន្តិសុខជាតិផងដែរ»។
ហេតុដូច្នេះហើយបានជាគ្មានទម្រង់ណាមួយនៃការប្រកាន់ពូជសាសន៍ដែលអាចទទួលយកបាននោះទេ ហើយក៏គ្មានទម្រង់ណាមួយនៃការប្រកាន់ពូជសាសន៍ដែលគួរឱ្យអត់ឱនឱ្យបាននោះឡើយ៕