Accessibility links

Breaking News

បទវិចារណកថា៖ ការពង្រីក​ភាពជាដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន


រូបឯកសារ៖ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (កណ្តាល) ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken (កណ្តាល) ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ប្រកាស​នៅក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយ​សន្និសីទ​ថា្នក់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ប្រទេស​ឡាវ​កាលពី​ពេល​ថ្មីៗ​នេះ​ថា «ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ សហរដ្ឋ​អាមេរិក​និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន បាន​ចាប់ផ្ដើម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​របស់​យើង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​គួរឱ្យ​កត់សម្គាល់‍»។

លោក​រដ្ឋមន្ត្រី​ការបរទេស Antony Blinken បាន​ថ្លែង​ថា៖ «‍យើង​បាន​ធ្វើឱ្យ​ទំនាក់ទំនង​របស់​យើង​ក្លាយ​ទៅ​ជា​ភាពជាដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ ហើយ​យើង​បាន​លើក​កម្ពស់​ការងារ​រួមគ្នា​លើ​បញ្ហា​ឌីជីថល សន្តិសុខ​តាម​អ៊ីនធឺណិត សុខភាព បរិស្ថាន​និង​អាកាសធាតុ ថាមពល ការដឹកជញ្ជូន ការពង្រឹង​សិទ្ធិ​អំណាច​របស់​ស្ត្រី – គឺ​កិច្ចការ​ទាំងអស់​នេះ ខណៈពេល​ជាមួយគ្នា​នេះ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​មាន​រយៈពេល​ជា​យូរ​មក​ហើយ​នៅ​ក្នុង​កិច្ចការ​បរទេស កិច្ចការ​សេដ្ឋកិច្ច និង​វិស័យ​ការពារ​ជាតិ»។

លោក Blinken បាន​លើក​ឡើង​ថា៖ «‍ភាពជាដៃគូ​អាស៊ាន​ត្រូវបាន​បង្កើត​ឡើង​នៅ​លើ​តម្លៃ​រួម និង​ចក្ខុវិស័យ​រួម​នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​បើក​ចំហ​ដែល​មាន​សេរីភាព វិបុលភាព សុវត្ថិភាព ការភ្ជាប់​ទំនាក់ទំនង និង​មាន​ភាពធន់‍»។ លោក Blinken បាន​សង្កត់​ធ្ងន់​ទៀត​ថា៖ «យើង​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ចំពោះ​ភាព​នៅ​ជា​កណ្តាល​របស់​អាស៊ាន»។

លោក Blinken បាន​ថ្លែង​ថា៖ «‍នេះ​មាន​ន័យ​ថា យើង​នឹង​បន្ត​ធ្វើការ​ជាមួយ និង​តាមរយៈ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត ខណៈពេល​ដែល​ចាប់​យក​នូវ​អ្វី​ដែល​យើង​មើល​ឃើញ​ថា​ជា​ឱកាស​ស្ទើរតែ​គ្មាន​ដែន​កំណត់។ ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​យើង​មាន​ភាពរឹងមាំ​យ៉ាងខ្លាំង ដោយ​មាន​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទៅវិញ​ទៅមក​ដែល​គាំទ្រ​ដល់​ការងារ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ និង​នៅ​សហរដ្ឋ​អា​មេរិក បង្កើន​អនាគត​សេដ្ឋកិច្ច​សម្រាប់​អាជីវកម្ម និង​អ្នកធ្វើការ​នៅ​អាមេរិក​និង​អាស៊ាន។ សហរដ្ឋ​អាមេរិក​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ខ្លួន​ជា​ប្រភព​ទីមួយ​នៃ​ការវិនិ​យោគ​ផ្ទាល់​ពី​បរទេស​នៅ​ទូទាំង​តំបន់​អាស៊ាន»។

លោក Blinken បាន​ថ្លែង​ថា អាស៊ាន​ក៏​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​ចក្ខុវិស័យ​រួម​នេះ​ផងដែរ។

លោក Blinken បាន​ថ្លែង​បន្ត​ថា៖ «‍មិន​ថា​វា​ជា​ការឈ្លានពាន​ខុស​ច្បាប់​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាងជើង វិបត្តិ​និង​ភាពសោកសៅ​ដែល​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​ភូមា ឬ​សកម្មភាព​ខុសច្បាប់​និង​កំពុង​កើនឡើង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ដែល​ធ្វើ​ឡើង​ប្រឆាំងនឹង​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ចំពោះ​រឿង​នោះ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការកត់​សម្គាល់​អំពី​ការផ្គត់ផ្គង់​ឡើងវិញ​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​នេះ​ដល់​ប្រជុំ​កោះ Second Thomas Shoal ដែល​ជា​លទ្ធផល​ចេញ​ពី​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​រវាង​ហ្វីលីពីន និង​ចិន។ យើង​សាទរ​ចំពោះ​រឿង​នេះ ហើយ​សង្ឃឹម​ថា​នឹង​ឃើញ​វា​បន្ត​ទៅ​មុខ​ទៀត»។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ទន្ទឹង​រង់ចាំ​ក្នុង​ការធ្វើឱ្យ​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន​កាន់តែ​រឹងមាំ និង​«ដោះស្រាយ​បញ្ហា​បន្ទាន់​បំផុត​ដែល​កំពុង​កើត​មាន​ក្នុង​ពេល​សព្វថ្ងៃ​នេះ ជាពិសេស​បញ្ហា​ដែល​ជះ​ឥទ្ធិពល​ផ្ទាល់​ដល់​ជីវិត​របស់​ប្រជាពលរដ្ឋ​ទាំងអស់​របស់​យើង។ លោក​ថ្លែង​បន្ត​ទៀត​ថា «យើង​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ពួកគេ ហើយ​គោលបំណង​នៃ​ភាពជា​ដៃគូ​នេះ​គឺ​ធ្វើ​កិច្ចការ​ទាំងនោះ​ឱ្យបាន​ត្រឹមត្រូវ‍»៕

XS
SM
MD
LG