តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កិច្ចប្រជុំកាលពីពេលថ្មីៗនេះនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជារវាងបណ្ដាប្រទេសជាសមាជិកសមាគមអាស៊ាន (ASEAN) និងអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកគឺជាឱកាសមួយដើម្បីបង្ហាញអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាននិងអំពីគម្រោងផ្ដួចផ្ដើមជាបន្តរបស់សហរដ្ឋអាមេរិកដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មពហុភាគីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
នៅឯសន្និសីទកាសែតមួយមុនពេលកិច្ចប្រជុំប្រឹក្សាយោបល់ចូលមកដល់ អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Katherine Tai ដែលធ្វើជាប្រធាននៃកិច្ចប្រជុំនេះជាមួយនឹងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ បានកត់សម្គាល់ថា៖ «អាស៊ានតំណាងឱ្យទីផ្សារធំជាងគេបង្អស់ទី ៤ របស់សហរដ្ឋអាមេរិកនៅលើពិភពលោក។ ការធ្វើពាណិជ្ជកម្មផ្នែកទំនិញនិងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងអាស៊ាននៅក្នុងឆ្នាំ ២០២១ មានចំនួនសរុបជិត ៤៤២ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន ២២% បើប្រៀបជាមួយនឹងឆ្នាំ ២០២០»។
ដោយសារតែទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងអាស៊ានមានសារៈសំខាន់ដូចនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសកាលពីខែឧសភានៅឯកិច្ចប្រជុំពិសេសរវាងសហរដ្ឋអាមេរិកនិងអាស៊ាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននូវថវិកាចំនួន ១៥០ លានដុល្លារនៅក្នុងគម្រោងផ្ដួចផ្ដើមមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែជ្រាលជ្រៅបន្ថែមទៀត ដែលក្នុងនោះរួមមានទាំងតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត កម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អ្នកធ្វើការ ថវិកាសម្រាប់វិស័យឯកជន និងការផ្លាស់ប្ដូរការអបរំនិងវប្បធម៌នានាផងដែរ។
ថវិកាចំនួន ១៥០ លានដុល្លារនេះគឺជាការបន្ថែមពីលើថវិកាវិនិយោគចំនួន ១០២ លានដុល្លារដែលលោកប្រធានាធិបតី Biden បានប្រកាសនៅឯកិច្ចប្រជុំប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិកនិងអាស៊ានកាលពីខែតុលា ឆ្នាំ ២០២១ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកសុខភាព វិទ្យាសាស្ត្រអាកាសធាតុ ការសម្របសម្រួលពាណិជ្ជកម្ម និងផ្នែកផ្សេងៗទៀត។
កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានបញ្ជាក់អះអាងអំពីសារៈសំខាន់នៃស្ដង់ដារពលកម្មនិងស្ដង់ដារបរិស្ថានចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមានទាំងតាមរយៈការរៀបចំក្របខ័ណ្ឌពាណិជ្ជកម្មនិងវិនិយោគរវាងអាស៊ាននិងសហរដ្ឋអាមេរិក (ASEAN-United States Trade and Investment Framework Arrangement) និងក្នុងអំឡុងពេលកិច្ចសន្ទនាស្ដីពីពាណិជ្ជកម្មនិងការងាររវាងសហរដ្ឋអាមេរិកនិងអាស៊ាន (U.S.-ASEAN Trade and Labor Dialogue) ផងដែរ។
អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Tai បាននិយាយថា៖ «សមិទ្ធផលទាំងនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក Biden នៅក្នុងការបង្កើតឱ្យមានការប្រជែងនៅលើពិភពលោកឆ្ពោះទៅកាន់ចំណាត់ថ្នាក់កំពូលផ្នែកពាណិជ្ជកម្មដែលគោរពសិទ្ធិរបស់អ្នកធ្វើការ ការពារភពផែនដី និងបង្កើតឱកាសសម្រាប់យើងទាំងអស់គ្នា»។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយដែលចេញផ្សាយនៅក្រោយកិច្ចប្រជុំប្រឹក្សាយោបល់នេះ បណ្ដាប្រទេសជាសមាជិកអាស៊ាននិងសហរដ្ឋអាមេរិកបានសរសើរក្នុងចំណោមបញ្ហាផ្សេងៗទៀតនូវ«ការចូលរួមយ៉ាងសកម្មរបស់មន្ត្រីនានានៅក្នុងការពិភាក្សាអំពីវិធីនិងមធ្យោបាយដែលអាចទៅរួចផ្សេងៗដើម្បីអនុវត្តគម្រោងអនាគតសេដ្ឋកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (U.S.-ASEAN Economic Futures) ដែលជាផ្នែកមួយនៃគម្រោងផ្ដួចផ្ដើមថ្មីៗទាំងនេះដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអាស៊ាន (U.S.-ASEAN Strategic Partnership) ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយលោកប្រធានាធិបតី Biden»។
សេចក្ដីថ្លែងការណ៍រួមនេះបានបញ្ជាក់បន្ថែមថា៖ «កិច្ចប្រជុំនេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃពហុភាពនិយម ការប្រកាន់ខ្ជាប់តាមច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពនៅក្នុងការរួមចំណែកចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅលើពិភពលោកនិងនៅក្នុងតំបន់»។
សហរដ្ឋអាមេរិកនៅតែតាំងចិត្តចំពោះសម្ពន្ធមិត្តនិងដៃគូរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាស្នូលនៃការបង្កើតនិងការរក្សានូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយនៅពេលអនាគតដែលលោកប្រធានាធិបតី Biden បានបញ្ជាក់ថា៖ «មានលក្ខណៈសេរីនិងបើកចំហ មានស្ថិរភាពនិងវិបុលភាព និងមានភាពធន់និងសន្តិសុខល្អ»៕