Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក គឺជា​មិត្តភក្ដិ​ដ៏​ទុកចិត្ត​សម្រាប់​តំបន់​មេគង្គ


រូបឯកសារ៖ រូប​បដិមា​ព្រះពុទ្ធ​ដ៏ធំ​មួយ​នៅ​ត្រើយ​ខាង​ប្រទេស​ថៃ​នៃ​តំបន់​ត្រីកោណ​មាស​ក្នុង​ខេត្តឈៀងរ៉ៃ ដែល​ជាប់នឹង​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ឡាវ។
រូបឯកសារ៖ រូប​បដិមា​ព្រះពុទ្ធ​ដ៏ធំ​មួយ​នៅ​ត្រើយ​ខាង​ប្រទេស​ថៃ​នៃ​តំបន់​ត្រីកោណ​មាស​ក្នុង​ខេត្តឈៀងរ៉ៃ ដែល​ជាប់នឹង​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ឡាវ។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ទន្លេ​មេគង្គ​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​ប្រហែល ៧០ លាន​នាក់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ពឹងផ្អែក​លើ​ទន្ល​នេះ​សម្រាប់​ជីវភាព​រស់នៅ ការ​ដឹក​ជញ្ជូន និង​តម្រូវការ​ថាមពល​របស់​ពួកគេ។

ប៉ុន្តែ ដោយសារតែ​បញ្ហា​ដែល​កើតឡើង​នៅ​កន្លែងណា​មួយ​នៅ​តាម​ដងទន្លេ​មេគង្គ​អាច​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​រស់នៅ​ក្រោម​ខ្សែ​ទឹក​ទន្លេនេះ ទើប​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​ បាន​រួម​គ្នា​បង្កើត​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) កាលពី​ជិត ៣ ទសវត្សរ៍​មុន។

គណៈកម្មការ​នេះ​ គឺជា​អង្គការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​កិច្ច​ពិភាក្សា​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ទឹក​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ សហរដ្ឋ​អាមេរិក​គាំទ្រ​គណៈកម្មការ​នេះ​ជា​ផ្លូវការ​ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍។

កាលពី​ខែ​កក្កដា ឆ្នាំ ២០០៩ សហរដ្ឋ​អាមេរិក ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម បាន​បង្កើត​គម្រោង​ផ្ដួចផ្ដើម​តំបន់​មេគង្គ​ក្រោម (Lower Mekong Initiative) ដើម្បី​បង្កើន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់។

កាលពី​ឆ្នាំ ២០២០ គម្រោង​ផ្ដួចផ្ដើម​តំបន់​មេគង្គ​ក្រោម​នេះ​ បាន​ពង្រីក​និង​ក្លាយជា​គម្រោង​ភាព​ជា​ដៃគូ​មេគង្គ-សហរដ្ឋ​អាមេរិក (Mekong-U.S. Partnership) ដែល​ជា​កិច្ច​សហប្រតិបត្តិការ​សមាហរណកម្ម​អនុ​តំបន់​កើនឡើង​ក្នុង​ចំណោម​ប្រទេស​ជា​ដៃគូ​ទាំង ៥ នៅ​ក្នុង​តំបន់ ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។

ដូច្នេះ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ខ្លួន​ឲ្យ​ក្លាយជា​ដៃគូ​ដ៏​មុតមាំ​មួយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឆ្លង​ប្រទេស ដែល​តំបន់​មេគង្គ​ប្រឈម។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា៖ «រួម​ជាមួយ​នឹង​ដៃគូ​របស់​យើង​នៅ​តំបន់​មេគង្គ យើង​កំពុង​ពង្រឹង​អភិបាលកិច្ច​ល្អ ឯករាជ្យភាព​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព តាម​រយៈ​ការ​លើក​កម្ពស់​គោល​នយោបាយ​ដែល​មាន​តម្លាភាព​និង​ផ្អែក​លើ​ច្បាប់»។

ជា​ការពិត ភាព​ជា​ដៃគូ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ដ៏​ទូលំទូលាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​រចនាសម្ព័ន្ធ​ក្នុង​តំបន់​ដែល​មាន​អាស៊ាន (ASEAN) ជា​ស្នូល។ ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ភាព​ជា​ដៃគូ​នេះ​ បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​នៅ​ក្នុង​តំបន់​មេគង្គ​មាន​ភាព​ប្រសើរ​ឡើង។ ទោះជា​យ៉ាង​នេះ​ក្ដី នៅពេលដែល​ពេលវេលា​ចេះតែ​រំកិល​ទៅ​មុខ បញ្ហា​ប្រឈម​ថ្មី​ក៏​ចេះ​តែ​លេច​ឡើង​ដូចជា​វិបត្តិ​អាកាសធាតុ​ និង​ជំងឺ​រាតត្បាត​កូវីដ១៩ ជាដើម ដោយ​ឥទ្ធិពល​រាតត្បាត​ឆ្លង​ប្រទេស​របស់​បញ្ហា​ទាំង​នេះ ​បាន​ធ្វើ​ឲ្យ​កាន់តែ​ស្មុគស្មាញ​ជាង​មុន​សម្រាប់​ភាព​ជា​ដៃគូ​នេះ។

លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ៣ ខែ​សីហា នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ភាព​ជា​ដៃគូ​មេគង្គ-សហរដ្ឋ​អាមេរិក​ថា៖ «ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​កូវីដ១៩ ដែល​ជា​ការ​គំរាមកំហែង​ទូទៅ​នៅ​ក្នុង​អំឡុងពេល ២ ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​វ៉ាក់សាំង​កូវីដ១៩ ចំនួន ៨ លាន ៥ សែន​ដូស និង​ជំនួយ​ជិត ៦០ លាន​ដុល្លារ​ គិត​មក​ទល់​នឹង​ពេល​នេះ ដល់​បណ្ដា​ប្រទេស​នៅ​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ។ សហរដ្ឋ​អាមេរិក ​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អាជ្ញាធរ​សុខាភិបាល​មូលដ្ឋាន​នៅ​ក្នុង​ការ​ត្រៀម​រៀបចំ​ និង​ការ​បន្ធូរបន្ថយ​វិបត្តិ​ជំងឺ​រាតត្បាត​នេះ។ សហរដ្ឋ​អាមេរិក​ផ្ដល់​វ៉ាក់សាំង​ទាំង​នេះ​ដោយ​មិន​គិត​ថ្លៃ និង​គ្មាន​លក្ខខណ្ឌ​នយោបាយ ​ឬ​សេដ្ឋកិច្ច​ណា​មួយ​ភ្ជាប់​ជាមួយ​នោះ​ទេ»។

លោក Blinekn បាន​បន្ត​ថា៖ «នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ យើង​អាច​សម្លឹង​ទៅ​មុខ​រួម​គ្នា​នៅ​ក្នុង​ការ​បង្កើន​ការ​ចូលរួម​លើ​បញ្ហា​នានា​ដែល​ប៉ះពាល់​មិន​ត្រឹមតែ​តំបន់​មេគង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពិភពលោក​ទាំង​មូល​ផងដែរ។ ការ​បង្កើន​ការ​ចូលរួម​នោះ​មាន​ដូចជា ការ​គាំទ្រ​ការ​លើក​កម្ពស់​អំណាច​ស្ត្រី ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដើម្បី​ត្រៀម​សម្រាប់​ជំងឺ​រាតត្បាត​ផ្សេង​ទៀត​នៅ​ពេល​អនាគត និង​ការ​បង្កើន​មហិច្ឆតា​របស់​យើង​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ»។

លោក Blinken បាន​បន្ថែម​ថា៖ «ភាព​ជា​ដៃគូ​មេគង្គ-សហរដ្ឋ​អាមេរិក​នេះ​ នឹង​ដាក់​ឲ្យ​អនុវត្ត​នូវ​គោល​គំនិត​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​ថា យើង​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម​ដែល​កំពុង​កើនឡើង​នា​ពេល​បច្ចុប្បន្ន​នៅ​លើ​ពិភពលោក នៅ​ពេល​ណា​ដែល​យើង​ធ្វើការ​រួម​គ្នា​តែ​ប៉ុណ្ណោះ។ ស្រប​ពេល​ដែល​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និងស្តារ​សេដ្ឋកិច្ច​របស់​យើង​ឡើងវិញ បណ្ដា​ប្រទេស​នៅ​តំបន់​មេគង្គ ​អាច​ពឹងផ្អែក​លើ​សហរដ្ឋ​អាមេរិក​និង​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុម​មិត្តភក្ដិ​តំបន់​មេគង្គ (Friends of the Mekong) បាន»៕

XS
SM
MD
LG