Accessibility links

Breaking News

បទវិចារណកថា៖ ការមិន​ទទួលស្គាល់​ការបោះឆ្នោត​ដែល​មាន​លក្ខណៈ​បោក​ប្រាស់​នៅ​ស៊ីរី


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ស៊ីរី​លោក Hussein Arnous និង​រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​លោក Faisal Mekdad ទៅ​ដល់​ការិយាល័យ​បោះឆ្នោត ដើម្បី​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​ស៊ីរី ក្នុង​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី កាលពី​ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​ស៊ីរី​លោក Hussein Arnous និង​រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​លោក Faisal Mekdad ទៅ​ដល់​ការិយាល័យ​បោះឆ្នោត ដើម្បី​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​ស៊ីរី ក្នុង​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី កាលពី​ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

កាលពី​ថ្ងៃទី១៥ ខែកក្កដា របប​ស៊ីរី​បាន​រៀបចំ​ការបោះឆ្នោត​សភា។ ដូច​ការបោះឆ្នោត​បី​លើក​មុន​ៗដែរ​ដែល​ត្រូវបានរៀបចំ​ដោយ​រដ្ឋាភិបាល​លោក Assad ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​ក្នុង​ឆ្នាំ២០១១ លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវ​បាន​កំណត់​ទុកជាមុន​ជាស្រេច ការបោះឆ្នោត​ជា​ការអនុវត្ត​ការិយាធិបតេយ្យ​ដែល​មាន​ន័យ​ថា​ជា​ការបំភាន់​ភាពស្របច្បាប់ និង​ការត្រួតត្រា​លើ​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្រ្គាម ហើយ​ការបោះឆ្នោត​នេះ​មិន​បាន​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយ​សណ្តាប់ធ្នាប់​ដើម្បី​ឆ្ពោះ​ទៅ​រក​អភិបាលកិច្ច​ដែល​អាច​ជឿ​ទុកចិត្ត​បាន មាន​លក្ខណៈ​រួមបញ្ចូល និង​មិន​ប្រកាន់​បក្សពួកតាម​សេចក្តី​សម្រេច​លេខ ​២២៥៤ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ​ទេ។

អ្នក​តំណាង​បម្រុង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​នយោបាយ​ពិសេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Robert Wood បាន​ថ្លែង​ថា៖ «‍យើង​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី១៥ ខែកក្កដា ដែល​រៀបចំ​ឡើង​ដោយ​របប​គ្រប់គ្រង​នៅ​ស៊ីរី​នោះ​ទេ»។

លោក Robert Wood បាន​ថ្លែង​ទៀត​ថា៖ «‍អ្វី​ដែល​របប​គ្រប់គ្រង​នៅ​ស៊ីរី​ហៅ​ថា​ការបោះឆ្នោត​ទាំង​នោះ មាន​ភាពខ្វះ​ចន្លោះ​សូម្បី​តែ​ការក្លែង​បន្លំ​នៃ​សេរីភាព ឬ​យុត្តិធម៌ ការបោះឆ្នោត​ទាំងនោះ​គឺ​គ្រាន់​តែ​ដូច​ជា​ត្រា​កៅស៊ូ​ដែល​ត្រូវ​បាន​បោះ​ដើម្បី​ជា​ការបន្ត​កាន់​អំណាច​ផ្តាច់ការ​របស់​លោក Bashar al-Assad ប៉ុណ្ណោះ។ គ្មាន​ប្រទេស​ណា​ត្រូវ​បាន​បោកបញ្ឆោត​ដោយ​សកម្មភាព​ដ៏​គួរឱ្យ​អាម៉ាស់​ដូច​នេះ​ទេ។ ប្រជាពលរដ្ឋ​ស៊ីរី​រឹតតែ​មិន​ត្រូវ​បាន​បោក​បញ្ឆោត​ទេ»។

លោក Wood បាន​ថ្លែង​បន្ត​ទៀត​ថា៖ «យើង​សូម​និយាយ​ឱ្យ​ច្បាស់​ថា៖ សហរដ្ឋ​អាមេរិក​នឹង​មិន​ធ្វើឱ្យ​មាន​ទំនាក់ទំនង​ធម្មតា​ជាមួយ​របប​គ្រប់គ្រង​នៅ​ស៊ីរី ឬ​ដក​ទណ្ឌកម្ម​ឡើយ បើសិនជា​គ្មាន​ដំណោះស្រាយ​នយោបាយ​ពិត​ប្រាកដ និង​យូរអង្វែង​ទេ​នោះ»។

លោក Wood បាន​ថ្លែង​ទៀត​ថា៖ «ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ជំរុញ​ឱ្យ​របប​លោក Assad ទទួល​ខុសត្រូវ ​ជាពិសេស​ទាក់ទងនឹង​កំណត់ត្រា​ដ៏​គួរឱ្យ​រន្ធត់​របស់​ខ្លួន​ស្តីពី​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការរំលោភ​បំពាន​ទៅ​លើ​ប្រជាពលរដ្ឋ​ស៊ីរី‍»។

លោក Wood បាន​ថ្លែង​ទៀត​ថា៖ «ការប្តេជ្ញា​របស់​យើង​ក្នុង​ការលើក​កម្ពស់​ឱ្យ​អ្នកទាំងឡាយ​ណា​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឃោរឃៅ​នៅក្នុង​ប្រទេស​ស៊ីរី និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ គឺ​មិនមាន​ការផ្លាស់ប្តូរ​ទេ។ បើ​គ្មាន​ការទទួល​ខុសត្រូវ​ទេ ប្រជាពលរដ្ឋ​ស៊ីរី​នឹង​មិន​ទទួល​បាន​សន្តិភាព ស្ថិរភាព យុត្តិធម៌ និង​ភាពស្ថិតស្ថេរ​ឡើយ‍»។

លោក Wood បាន​ថ្លែង​បន្ត​ថា៖ «ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​របប​គ្រប់គ្រង​ស៊ីរី​គឺ​មិន – ហើយ​ខ្ញុំ​សូម​បញ្ជាក់​ម្តង​ទៀត​ថា គឺ​មិន​ផ្តោត​ទៅ​លើ​ការផ្តល់​សម្ភារៈ​មនុស្សធម៌ ដែល​រួមទាំង​ថ្នាំពេទ្យ ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្រ្ត និង​ម្ហូបអាហារ​ដល់​ប្រទេស​ស៊ីរី​ឡើយ។ កម្មវិធី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ស៊ីរី​របស់​យើង​គឺ​មាន​ផ្តល់​នូវ​ការអនុញ្ញាត ការលើកលែង និង​អាជ្ញាប័ណ្ណ​ទូទៅ​សម្រាប់​ជំនួយ​មនុស្សធម៌‍»។

លោក Wood បាន​និយាយ​ទៀត​ថា៖ «វា​មាន​រយៈពេល​១៣​ ឆ្នាំ​ហើយ​ចាប់តាំង​ពី​បដិវត្តន៍​នៅ​ស៊ីរី​បាន​ចាប់ផ្តើម ហើយ​របប​នេះ​នៅតែ​បន្ត​ប្រើ​អំពើ​ហិង្សា​ដើម្បី​បង្ក្រាប​ទៅ​ការទាមទារ​ដោយ​សន្តិភាព ស្របច្បាប់ និង​មាន​ប្រជាប្រិយភាព​សម្រាប់​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ‍»។

លោក Wood បាន​និយាយ​បន្ថែម​ទៀត​ថា៖ «ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ត្រូវតែ​មាន​លក្ខណៈ​សេរី យុត្តិធម៌ តម្លាភាព និង​មាន​លក្ខណៈ​រួមបញ្ចូល ដូច​ដែល​បាន​អំពាវនាវ​នៅ​ក្នុង​សេចក្តី​សម្រេច​លេខ​ ២២៥៤។ យើង​នឹង​មិន​ធ្វើឱ្យ​មាន​ភាពស្របច្បាប់​ចំពោះ​ការបោះឆ្នោត​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដែល​មាន​ភាពស្របច្បាប់ ​និង​ភាពប្រក្រតី​តែ​សម្បក​ក្រៅ​នោះ​ទេ‍»៕

XS
SM
MD
LG