Accessibility links

Breaking News

បទវិចារណកថា៖ គេ​នៅតែ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​ស៊ីរី


រូបឯកសារ៖ ទាហាន​ម្នាក់​មកពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​លើកដៃ​ទៅកាន់​សិស្ស អំឡុងពេល​ការល្បាត​រួមគ្នា​ដែល​ដឹកនាំ​ដោយ​អាមេរិក​និង​ឃឺដ​នៅ​ភាគឦសាន​ប្រទេស​ស៊ីរី នៅ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ ទាហាន​ម្នាក់​មកពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​លើកដៃ​ទៅកាន់​សិស្ស អំឡុងពេល​ការល្បាត​រួមគ្នា​ដែល​ដឹកនាំ​ដោយ​អាមេរិក​និង​ឃឺដ​នៅ​ភាគឦសាន​ប្រទេស​ស៊ីរី នៅ​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អ្នក​តំណាង​បម្រុង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​នយោបាយ​ពិសេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក Robert Wood បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ការខកចិត្ត​ដោយសារតែ​ភាពជាប់គាំង​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការសម្រេច​ឱ្យ​បាន​នូវ​ដំណោះស្រាយ​នយោបាយ​នៅក្នុង​ប្រទេស​ស៊ីរី។ លោក​បាន​ជំរុញ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ទាំងអស់​ឱ្យ​អំពាវនាវ​ដល់​របប​ស៊ីរី​ឱ្យ​ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​ដោយ​សុច្ចរិត។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ពន្យល់​ថា ទន្ទឹម​នឹង​នេះ​ដែរ ស្ថានភាព​មនុស្សធម៌​នៅ​ប្រទេស​ស៊ីរី​នៅតែ​អាប់អួ។ ប្រជាពលរដ្ឋ​ជាង​១៦លាន​នាក់​នៅក្នុង​ប្រទេស​ស៊ីរី ពឹង​ផ្អែក​លើ​ជំនួយ ដោយ​មាន​ប្រជាពលរដ្ឋ​ចំនួន​១០លាន៨សែន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​បំផុត ដោយ​ពួកគេ​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិត​ភ្លាមៗ។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ថ្លែង​ថា៖ «‍តួលេខ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​ទាំងនេះ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​នូវ​អ្វី​ដែល​សហគមន៍​ជំនួយ​មនុស្សធម៌និង​ប្រជាពលរដ្ឋ​ស៊ីរី​បាន​និយាយ​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​ គឺ​មិនមាន​ជំនួយ​គ្រប់គ្រាន់​សម្រាប់​អ្នក​ដែល​ត្រូវការ​ទេ។ ការរៀបចំ​មាន​រយៈពេល៩០ថ្ងៃ​ជាមួយ​របប​ស៊ីរី​សម្រាប់​ការចូល​ដំណើរការ​របស់​អង្គការ​សហ​ប្រជាជាតិ​ដោយ​ការឆ្លងកាត់​ក្រុង Bab Al-Salam និង​ក្រុង Bab Al-Rai នឹង​ផុត​កំណត់​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ខាងមុខ​នេះ។ ច្រក​ឆ្លង​កាត់​ទាំងពីរ​នេះ​បាន​ផ្តល់​នូវ​លទ្ធភាព​ដ៏​សំខាន់ និង​បាន​បើក​ដំណើរការ​នូវ​ការផ្តល់​ជំនួយ​ឱ្យ​បាន​កាន់តែ​លឿន​និង​មាន​ប្រសិទ្ធភាព​ជាងមុន​ដល់​សហគមន៍​ដែល​ត្រូវការ​ជំនួយ បន្ថែម​ពី​លើ​ការឆ្លងកាត់​ដ៏​សំខាន់​នៅ​ព្រំដែន Bab Al-Hawa។ ការរៀបចំ​រយៈពេល​ប្រាំមួយ​ខែ​សម្រាប់​ការឆ្លងកាត់​នោះ​នឹង​ផុត​កំណត់​នៅក្នុង​ខែកក្កដា​ខាងមុខ​នេះ»។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ប្រកាស​ថា ការពង្រីក​ការរៀបចំ​ទាំងនេះ​នៅ​នាទី​ចុងក្រោយ​គឺ​មិនមែន​ជា​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​គួរ​ឱ្យ​ភ័យខ្លាច និង​តម្រូវការ​មនុស្សធម៌​ដែល​ត្រូវការ​ជា​បន្ត​នៅក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ។

ទាក់ទិន​នឹង​ការឃុំខ្លួន និង​ការបាត់ខ្លួន លោក​ឯកអគ្គរដ្ឋទូត Wood បាន​ស្វាគមន៍​ចំពោះ​ការផ្តល់​មូលនិធិ​នាពេល​ថ្មីៗ​នេះ​ដោយ​ស្ថាប័ន​ឯករាជ្យ​សម្រាប់​ជន​បាត់ខ្លួន​នៅក្នុង​ប្រទេស​ស៊ីរី។ ក្រុមគ្រួសារ​គួរតែ​ត្រូវ​បាន​ដឹង​ពី​ជោគវាសនា និង​ថា ​អ្នក​ដែល​បាត់ខ្លួន​ជាង​១៥៥.០០០ នាក់​កំពុង​ស្ថិត​នៅ​ទីណា ឬ​ត្រូវបាន​ឃុំខ្លួន​ដោយ​បំពាន​នៅក្នុង​ប្រទេស​ស៊ីរី​ដោយ​គ្រប់​ភាគី​នៃ​ជម្លោះ។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​រំឭក​ឡើងវិញ​នូវ​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​របស់​លោក​ដែល​ថា របប​ស៊ីរី​បាន​អនុញ្ញាត​ឱ្យ​ក្រុមជីវពល​ដែល​ជា​សម្ពន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​ទឹកដី​របស់​ខ្លួន ខណៈ​ដែល​អ៊ីរ៉ង់​នៅតែ​បន្ត​ផ្តល់​អាវុធ​ទំនើបៗ ជំនួយ​ផ្នែក​ចារកម្ម ជំនួយ​ហិរញ្ញវត្ថុ និង​ការបណ្តុះបណ្តាល។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ថ្លែង​ថា៖ «‍ភ្នាក់ងារ​សកម្ម​ប្រយុទ្ធ​របស់​អ៊ីរ៉ង់​និង​ដៃគូ​គឺ​គ្រាន់តែ​ស្វែងរក​វិធី​ធ្វើឱ្យ​របៀបវារៈ​អស្ថិរភាព​របស់​ពួកគេ​ប្រសើរ​ឡើង​តែប៉ុណ្ណោះ ហើយ​វា​ច្បាស់​ណាស់​ថា ប្រជាពលរដ្ឋ​ស៊ីរី​កាន់តែ​មិន​ពេញចិត្ត​ចំពោះ​វត្តមាន​របស់​ពួកគេ។ ដើម្បី​ទប់ស្កាត់​ការកើនឡើង​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​ជិត​ខាង សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ការទូត​របស់​យើង​ដើម្បី​ឆ្ពោះ​ទៅ​រក​ការដោះស្រាយ​ភាពតានតឹង​ទាំងអស់​នៅក្នុង​តំបន់»។

ប្រជាពលរដ្ឋ​ស៊ីរី​បាន​រងទុក្ខ​ជាយូរណាស់​មកហើយ ហើយ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​របស់​ពួកគេ​ទាមទារ​ឱ្យ​មាន​ការឆ្លើយតប​ដ៏​មុតមាំ​ពី​សហគមន៍​អន្តរជាតិ។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «‍យើង​ត្រូវតែ​ប្តេជ្ញាចិត្ត​ជា​ថ្មី​ឡើង​វិញ​ក្នុងការ​ផ្តល់​មូលនិធិ​ចាំបាច់ ឆន្ទៈ​នយោបាយ និង​សកម្មភាព​រួម ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ស៊ីរី​ដែល​ខ្វះខាត»៕

XS
SM
MD
LG