Accessibility links

Breaking News

បទវិចារណកថា៖ ការជំរុញ​ឱ្យ​មាន​សេចក្តី​សម្រេច​ចិត្ត​នយោបាយ​មួយ​ដល់​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី


រូបឯកសារ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​នៅ​ជិត​កន្លែង​មាន​ភ្លើង​ឆេះ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី។
រូបឯកសារ៖ បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​នៅ​ជិត​កន្លែង​មាន​ភ្លើង​ឆេះ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក

បើតាម​លោក Geir Pedersen ប្រេសិត​ពិសេស​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិសម្រាប់​ប្រទេសស៊ីរីថា ឆ្នាំ២០២៣ ជា​ឆ្នាំមានសោកនាដកម្ម​មួយ​ទៀតសម្រាប់​ជនស៊ីវិល​ស៊ីរីដែល​ត្រូវបាន​សម្លាប់ ត្រូវ​របួស ខ្ចាត់ព្រាត់​ពីផ្ទះ ត្រូវ​ចាប់ឃុំឃាំង​និង​ត្រូវ​ចាប់​ពង្រត់​ដោយ​ចំនួន​ច្រើន ហើយ​នៅពេលនេះ​ប្រឈម​នឹង​គ្រោះថ្នាក់នៃការរាលដាលក្នុង​តំបន់។ លោកបាននិយាយ​ថា «មានសេចក្តីត្រូវការ​ជា​បន្ទាន់​ឱ្យមាន​ការទប់ចិត្តខ្លាំង​បំផុតដោយតួអង្គ​ទាំង​អស់ទាំង​ស៊ីរី​និង​មិនមែន​ស៊ីរី» និងឱ្យមាន​«ការបន្ថយភាពតានតឹងនៅ​ខាងក្នុងនិង​លើ​ប្រទេស​ស៊ីរី»។

លោក Robert Wood អ្នក​តំណាងបម្រុងរបស់​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា «នៅ​ពេល​ជិត​ដាច់ឆ្នាំ២០២៣ ដំណើរការនយោបាយ​ស៊ីរីនៅ​តែ​ត្រូវ​រារាំង​ហើយ​ប្រជាពលរដ្ឋ​ស៊ីរី​នៅតែ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង»។

លោក Wood បាននិយាយថា «ក្នុង​ពេល​ជាង១២ឆ្នាំ របបគ្រប់គ្រងរបស់​លោក Assad បាន​ធ្វើសង្គ្រាមឃោរឃៅ​មួយ​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ស៊ីរី។ បន្ថែមលើ​នេះ ជនជាតិ​ស៊ីរីទើបតែ​រើប​ពីផលប៉ះពាល់ដោយសារ​ការរញ្ជួយ​ផែនដីកាលពី​ខែកុម្ភៈឆ្នាំមុន។ ជាជាង​ចូលរួម​ក្នុងដំណើរការ​នយោបាយ​របប​គ្រប់គ្រងរបស់​លោក Assad កាលពី​ពីរបីខែ​មុន​នេះ បានបង្កើន​ការវាយ​ប្រហារ​លើ​ប្រជារាស្ត្រ​ខ្លួន​ផ្ទាល់ក្នុង​ផ្នែកពាយ័ព្យ​ប្រទេស​ស៊ីរី»។

លោក​ឯកអគ្គរដ្ឋទូត Wood បាន​ថ្លែង​ថា «យើងទាំងអស់គ្នា​ដឹង​ថា​ របប​គ្រប់គ្រងរបស់លោក Assad ទទួល​ខុសត្រូវ​ដល់​សង្គ្រាម​នេះ។ កាលពី​ចុង​ខែធ្នូ មហា​សន្និបាត​អង្គការ​សហប្រជាជាតិបាន​បោះឆ្នោតអំពី​សេចក្តីសម្រេចចិត្តមួយ​សម្រប​សម្រួល​រួម​ដោយ​សហរដ្ឋ​អាមេរិកអំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ស៊ីរីដែលរំឭកពិភពលោក​អំពី​ការរំលោភ​ដែល​របប​គ្រប់គ្រង​នេះ​ចង់ឱ្យយើង​ភ្លេច ​គឺ​ការប្រើ​អាវុធ​គីមី ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការធ្វើ​ទារុណកម្ម​ និង​ការធ្វើ​បាប​ឯទៀតៗ ការឃុំឃាំងដោយ​អយុត្តិធម៌ ការបាត់​ខ្លួន​ដោយ​បង្ខិត​បង្ខំ​ និង​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ»។

លោក Wood បាន​និយាយ​ថា «យើង​ភ្ញាក់ផ្អើលដោយរបាយការណ៍​ថា អំពើហិង្សា​បាន​កើនឡើង​ដល់​កម្រិត​អាក្រក់​បំផុត​តាំងពី​ឆ្នាំ២០១៩។ ការស្លាប់ជនស៊ីវិលរាប់រយ​នាក់បណ្តាល​មកពី​ការវាយលុក​របស់​របប​គ្រប់គ្រង​នេះ​និង​កងកម្លាំង​រុស្ស៊ី​នៅ Idlib នាំ​ឱ្យ​មាន​កង្វល់​ខ្លាំង។ ការបំផ្លិច​បំផ្លាញដែល​ពួក​គេ​ធ្វើឱ្យ​មាន​ដល់​ហេដ្ឋារចនាសម្ព័ន្ធនិង​ការគំរាម​កំហែង​ដល់​កិច្ចប្រតិបត្តិការ​មនុស្សធម៌​បាន​នាំឱ្យ​មនុស្ស​រាប់​សែន​នាក់​មាន​គ្រោះ​ថ្នាក់​នៅ​រដូវត្រជាក់​ជាច្រើន​ខែ»។

លោកឯកអគ្គរដ្ឋទូត Wood បាន​ថ្លែង​ថា «យើង​ចួលរូម​ជា​មួយ​រដ្ឋសមាជិក​អង្គការ​សហប្រជាជាតិ ភាគ​ច្រើន​ក្នុង​ការអំពាវនាវ​ជា​ថ្មីដល់​របប​គ្រប់គ្រង​ស៊ីរី​ឱ្យ​ដោះលែង​ជា​បន្ទាន់​នូវ​ក្រុម​ជន​ទាំងអស់​ដែល​ត្រូវ​បាន​ចាប់​ឃុំឃាំង​តាម​អំពើ​ចិត្ត​និង​ផ្តល់​ព័ត៌មាន​អំពីជន​រាប់សែន​នាក់​ដែល​បាត់​ខ្លួន។ នៅ​ពេលជា​មួយគ្នា​នេះ យើង​ក៏​ខ្វល់ខ្វាយ​ដែរ​អំពីការរាលដាល​ក្នុង​តំបន់»។ លោក​បានពោល​ថា «​យើង​ត្រូវតែ​រក្សា​និង​ប្តេជ្ញាធ្វើឱ្យ​សម្រេច​សេចក្តីសម្រេចចិត្ត​មួយ​ផ្តោតលើ​ស៊ីរិ​និងដឹកនាំ​ដោយ​ស៊ីរី​អំពី​ជម្លោះ​នេះ​តាមលំនាំ​សេចក្តីសម្រេចចិត្ត​លេខ ២២៥៤ ដែល​ជា​ផែនទី​បង្ហាញ​ផ្លូវ​តែមួយ​គត់​សម្រាប់​ឱ្យមាន​ដំណោះស្រាយឋិតថេរអំពី​ជម្លោះ​នេះ»។

លោកឯកអគ្គរដ្ឋទូត Wood បាន​និយាយ​បន្ថែម​ថា «ប្រជាពលរដ្ឋ​ស៊ីរី​បាន​រង់ចាំ​យូរ​ណាស់​មក​ហើយ។ ពួក​គេ​ស័ក្តិសម​មាន​អនាគត​ដែល​ពួកគេប្រយុទ្ធខ្លាំងក្លា​ដើម្បី​ឱ្យ​មាន មានរួម​ការគោរពសិទ្ធិមនុស្សនិង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ»៕

XS
SM
MD
LG