តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអា មេរិក
ថ្ងៃទី២៩ ខែមេសា កំណត់ខួបទី២៥នៃការចូលជាធរមាននៃអនុសញ្ញាស្តីពីអាវុធគីមី។ ដោយសារតែអាវុធទាំងនេះបណ្តាលឱ្យមនុស្សស្លាប់និងពិការ ព្រមទាំងនាំឱ្យមានការរងទុក្ខវេទនាធ្ងន់ធ្ងរនោះ កាលពីឆ្នាំ១៩៩៧សហគមន៍អន្តរជាតិបានសម្រេចហាមប្រាមការប្រើអាវុធគីមីទាំងស្រុង។
លោក Richard Mills អ្នកតំណាងរងស.រ.អ.ប្រចាំអ.ស.ប.បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា «ក្នុងពេល២៥ឆ្នាំ ស.រ.អ. និងប្រទេសជាតិឯទៀតៗដែលមានការប្តេជ្ញាដូចគ្នាដល់ពិភពលោកមានសុវត្ថិភាពជាងមុនបានខ្នះខ្នែងបំបាត់អាវុធគីមីពីពិភពលោក និងធ្វើឱ្យមានការរារែកប្រើអាវុធទាំងនេះដោយនរណាម្នាក់នៅទីណាមួយ និងក្រោមកាលៈទេសៈណាក៏ដោយ»។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ អនុសញ្ញានេះប្រឈមនឹងឧបសគ្គ ភាគច្រើនក្នុងប្រទេសស៊ី រី។ ដោយប្រឈមនឹងការខឹងសម្បាអន្តរជាតិក្រោយពីខ្លួនបានប្រើអាវុធគីមីច្រើនលើកប្រឆាំងនឹងប្រជារាស្ត្ររបស់ខ្លួន ដោយមានរួមបញ្ចូលក្រុមជនស៊ីវិលស្លូតត្រង់គ្មានទោសពៃរ៍ផងនោះ របបគ្រប់គ្រងស៊ីរីបានយល់ព្រមចូលរួមក្នុងអនុសញ្ញានេះកាលពីឆ្នាំ២០១៣ ប្រកាសអំពីអាវុធគីមីដែលខ្លួនមាន និងបំផ្លាញអាវុធទាំងនេះ។លោកឯកអគ្គរដ្ឋទូត Mills បានមានប្រសាសន៍ថា «នៅពេលនេះយើងដឹងថា សេចក្តីប្រកាសរបស់ស៊ីរីមិនគ្រប់គ្រាន់ទេ»។
លោក Mills បាននិយាយថា៖ «ក្នុងឋានៈជារដ្ឋភាគីមួយនៃអនុសញ្ញាអាវុធគីមី ប្រទេសស៊ីរីបានយល់ព្រមមិនប្រើអាវុធគីមីក្នុងកាលៈទេសៈណាក៏ដោយ។ ក៏ប៉ុន្តែ យើងដឹងពីរបាយការណ៍ឯករាជ្យថា របបគ្រប់គ្រង Assad បានប្រើអាវុធគីមីប្រឆាំងនឹងប្រជារាស្ត្រខ្លួនផ្ទាល់យ៉ាងហោចណាស់៨លើកតាំងពីបានចូលរួមក្នុងអនុសញ្ញានេះមក»។
រូបភាពកាន់តែស្រពាប់ស្រពោនទៀត។ ឧបទ្ទវហេតុច្រើនជាងមុនកំពុងត្រូវស៊ើប អង្កេតហើយស.រ.អ.វាយសម្លៃថា របបគ្រប់គ្រង Assad បានប្រើអាវុធគីមីយ៉ាងតិចណាស់៥០ដងតាំងពីការផ្តើមសង្គ្រាមក្នុងប្រទេសស៊ីរីមក។
លោក Mills បានថ្លែងថា៖ «ប្រទេសស៊ីរីប្រមាថមើលងាយកាតព្វកិច្ចរបស់ខ្លួនក្នុងអនុសញ្ញាអាវុធគីមី របបគ្រប់គ្រង Assad ក្នុងសាលប្រជុំនេះបានចោទប្រកាន់ពីការលម្អៀងរបស់ពួកអ្នកជំនាញឯករាជ្យ និងប្រចាំអាជីពរបស់អង្គការហាមប្រាមអាវុធគីមី OPCW នៅក្នុងការប្រឹងប្រែងគ្មានជោគជ័យដើម្បីចោទពួកគេថាមិនទៀងត្រង់ និងធ្វើឱ្យមានការមិនយកចិត្តទុកដាក់លើការពិតជាក់ស្តែង»។
លោកឯកអគ្គរដ្ឋទូត Mills បានថ្លែងថា ដើម្បីធ្វើឱ្យបញ្ហានេះអាក្រក់ជាងមុនទៀត ប្រទេសរុស្ស៊ី«បន្តផ្សព្វផ្សាយការនិយាយកុហកក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យអង្គការ OPCW មានការខូចខាត ដោយប្រើវ៉េតូជំទាស់របស់ខ្លួនក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដើម្បីការពារប្រទេសស៊ីរីពីការទទួលខុសត្រូវដោយសារអំពើឃោរឃៅរបស់ខ្លួន»។
ក្នុងពេលខ្លីក្រោយការវាយប្រហារទាំងនោះ ពួកមន្ត្រីរុស្ស៊ីនិងបណ្តាញព័ត៌មានត្រួតត្រាដោយវិមានក្រឹមឡាំងបានបើកធ្វើយុទ្ធនាការផ្សាយព័ត៌មានមិនពិត ដោយមានរួមបញ្ចូលតាមបណ្តាញសង្គម ដើម្បីបង្វែរការបន្ទោសពីរបបគ្រប់គ្រងស៊ីរី និងប៉ុនប៉ងដាក់ការបន្ទោសនេះនៅកន្លែងណាផ្សេងទៅវិញ។
លោកឯកអគ្គរដ្ឋទូត Mills បានមានប្រសាសន៍ថា «ម្តងទៀត ស.រ.អ.អំពាវនាវដល់ស៊ីរី...ឱ្យធ្វើតាមកាតព្វកិច្ចរបស់ខ្លួនតាមអនុសញ្ញាអាវុធគីមី»។
លោកបាននិយាយថា «នេះមានរួមបញ្ចូលការបញ្ឈប់ការរារាំងរបស់ខ្លួនដល់កាងារនៃអង្គការ OPCW និងប្រកាសអំពីឃ្លាំងអាវុធគីមីរបស់ខ្លួន និងកម្មវិធីបំផ្លាញអាវុធទាំងនេះដោយមានការត្រួតពិនិត្យអន្តរជាតិ»។
លោក Mills បានថ្លែងថា «យើងក៏អំពាវនាវដល់ប្រទេសរុស្ស៊ីឱ្យធ្វើសកម្មភាពមានការទទួលខុសត្រូវ និងបញ្ឈប់ការប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យមានការខូចខាតដល់អនុសញ្ញាអាវុធគីមីដោយការពារស៊ីរីពីការទទួលខុសត្រូវរបស់ខ្លួនដោយសារការប្រើអាវុធគីមីដែលជាការមិនអាចអត់ឱនឱ្យបាន»៕