តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
រយៈពេល៨ឆ្នាំមកហើយដែលរបបគ្រប់គ្រងរបស់លោក Assad បានវាយប្រហារលើពលរដ្ឋខ្លួនឯងនៅក្នុងសង្កាត់ជាយក្រុង Ghouta នៃរដ្ឋធានីដាម៉ាស ដោយប្រើសារធាតុគីមីសារីន (Sarin) ធ្វើឱ្យខូចសរសៃប្រសាទ ដែលបណ្តាលឱ្យជនជាតិស៊ីរីជាង១ពាន់៤រយនាក់ស្លាប់ដោយមានរាប់រយនាក់ជាកុមារ។ មនុស្សរាប់ពាន់នាក់ទៀតបានត្រូវរបួស។ នេះមិនមែនជាលើកទីមួយទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរដែលរបគ្រប់គ្រងនេះ បានយកពលរដ្ឋខ្លួនជាទីដៅនៃការវាយប្រហារដោយអាវុធគីមី តែទំហំនៃការវាយប្រហារដ៏រន្ធត់លើសង្កាត់ Ghouta បានធ្វើឱ្យពិភពលោកទង្គុកចិត្ត។
នៅខែបន្ទាប់ បន្ទាប់ពីមានការទាក់ទងដោយសហគមន៍អន្តរជាតិ រដ្ឋាភិបាលស៊ីរីបានយល់ព្រមតាមអនុសញ្ញាអាវុធគីមី និងបានទទួលស្គាល់ថា ខ្លួនមានកម្មវិធីអាវុធគីមីហើយបានសន្យាថា នឹងកម្ចាត់ឃ្លាំងអាវុធនេះ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការហាមប្រាមអាវុធគីមីហៅថា OPCW នៅក្នុងការត្រួតពិនិត្យនិងក្នុងបេសកកម្មស៊ើបអង្កេត។
ក៏ប៉ុន្តែរបបគ្រប់គ្រង Assad មិនបានធ្វើតាមសន្យារបស់ខ្លួនទេ។ ទោះជានៅក្រោយការបំផ្លាញឃ្លាំងអាវុធគីមីត្រូវប្រកាសដោយស៊ីរីក៏ដោយ ក៏របបគ្រប់គ្រងស៊ីរីនៅតែប្រើអាវុធគីមីប្រឆាំងនឹងប្រជារាស្ត្រខ្លួនឯងផ្ទាល់។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះថា របបគ្រប់គ្រងស៊ីរីបានចៀសវាងពីការទទួលខុសត្រូវដោយរារាំងការស៊ើបអង្កេតឯករាជ្យនិងមិនបានសហការជាមួយអង្គការ OPCW ទេ។
សហរដ្ឋអាមេរិក គាំទ្រម៉ឺងម៉ាត់ដល់ការងារគ្មានលម្អៀងនិងឯករាជ្យរបស់អង្គការ OPCW និងសាខាស៊ើបអង្កេតរបស់អង្គការនេះ។ លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានចង្អុលបង្ហាញថា ក្រុមស៊ើបអង្កេតនិងរកអត្តសញ្ញាណរបស់អង្គការ OPCW បានបញ្ជាក់ថា មានការវាយប្រហារដាច់ពីគ្នាបួនលើកក្នុងប្រទេសស៊ីរីត្រូវបានធ្វើដោយរបបគ្រប់គ្រងរបស់លោក Assad។ ឧប្បត្តិហេតុទាំងនេះ បានបន្ថែមលើការវាយប្រហារដោយអាវុធគីមីបួនលើកមុនដោយរបបគ្រប់គ្រងរបស់លោក Assad ដែលត្រូវបានបញ្ជាក់ដោយយន្តការស៊ើបអង្កេតរួមរបស់អង្គការសហប្រជាជាតិនិងអង្គការ OPCW។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានកត់សម្គាល់ថា ពួកសម្ព័ន្ធមិត្តរបស់របបគ្រប់គ្រងដោយលោក Assad ដោយមានរួមបញ្ចូលទាំងប្រទេសរុស្ស៊ីផងដែរ «ក៏បានស្វះស្វែងយ៉ាងសកម្មរារាំងកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីឧបត្ថម្ភផ្ចុងផ្តើមការទទួលខុសត្រូវខ្ពស់»។ លោកស្រីបាននិយាយថា មុខនាទីរបស់រុស្ស៊ីក្នុងការជួយរបបគ្រប់គ្រងរបស់លោក Assad ឱ្យក្តាប់អំណាចតទៅទៀត «ជាការនាំឱ្យមានគ្រោះថ្នាក់»។
លោកស្រីបានថ្លែងដែរថា «ការខកខានច្រើនដងដោយរបបគ្រប់គ្រងរបស់លោក Assad ក្នុងការគោរពតាមកាតព្វកិច្ចច្បាប់អន្តជាតិ មិនត្រូវអត់ឱនឱ្យបានឡើយ»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានកត់សម្គាល់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រចថា ក្នុងការមិនគោរពតាមសេចក្តីសម្រេចលេខ ២១១៨ របស់ក្រុមប្រឹក្សាសន្តិសុខដែលក្នុងចំណោមអ្វីឯទៀតៗ បានហាមប្រាមរបបគ្រប់គ្រងស៊ីរី មិនឱ្យប្រើប្រាស់អាវុធគីមី នឹងហាត់កំហិតវិធានការតាមរយៈមាត្រា ៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកស្រីបានប្រកាសថា «នៅពេលនេះ យើងមានភ័ស្តុតាងជាច្រើននៃការមិនគោរពដោយរបបគ្រប់គ្រងរបស់លោក Assad។ នៅពេលនេះ ដល់ពេលវេលាហើយដែលត្រូវប្រព្រឹត្តតាម និងពង្រឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ បើគ្មានការទទួលខុសត្រូវខ្ពស់ដល់អំពើឃោរឃៅប្រឆាំងប្រជារាស្ត្រស៊ីរីទេនោះ នោះក៏មិនមានសន្តិភាពក្នុងប្រទេសស៊ីរីឡើយ»៕