តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
របាយការណ៍ថ្មីមួយរបស់អង្គការហាមប្រាមអាវុធគីមីបានចោទប្រកាន់ជាផ្លូវការថាកងកម្លាំងយោធាស៊ីរី បានប្រើប្រាស់អាវុធគីមីដែលត្រូវហាមប្រាម។
អាវុធគីមីដែលត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុងសង្គ្រាមលោកលើកទីមួយនោះសម្លាប់មនុស្ស និងធ្វើឱ្យមនុស្សពិការដោយគ្មានរើសមុខ។ អាវុធទាំងនេះ បណ្តាលឱ្យមានទុក្ខវេទនាយ៉ាងខ្លាំង ហើយជនរងគ្រោះដែលនៅរស់ពីការវាយប្រហារខូចមុខមាត់ ហើយជាញឹកញយពិការអស់មួយជីវិត។
សហគមន៍អន្តរជាតិ បានហាមប្រាមការប្រើអាវុធគីមីក្នុងសង្គ្រាមតាមរយៈការអនុវត្តន៍ពិធីការក្រុងហ្សឺណែវ កាលពីឆ្នាំ១៩២៥ ហើយបន្ទាប់មកពិធីការនេះ បានបង្កើតការហាមប្រាមទាំងស្រុងដោយអនុសញ្ញាអាវុធគីមីដែលហាមប្រាមការប្រើប្រាស់ ការអភិវឌ្ឍន៍ ការផលិត ការទិញ ការស្តុកទុក ការរក្សាទុកនិងការផ្ទេរអាវុធគីមី។
ទោះយ៉ាងណាក៏ដោយក៏របបគ្រប់គ្រងរបស់លោក Assad បានប្រើអាវុធទាំងនេះម្តងហើយម្តងទៀត--មិនមែនសម្រាប់ប្រឆាំងតែលើកងកម្លាំងជំទាស់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងគោលបំណងចេតនាលើតំបន់ដែលមានជនស៊ីវិលរស់នៅផងដែរ។
បើតាមរបាយការណ៍របស់អង្គការ OPCW IIT ថា កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១៨ ឧទ្ធម្ភាគចក្រយោធាស៊ីរីមួយគ្រឿង បានទម្លាក់គ្រាប់បែកឧស្ម័ន chlorine មួយគ្រាប់លើក្រុង Saraqeb ដែលក្រុមឧទ្ទាមកាន់កាប់ បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១២នាក់រងរបួស។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា «ការរកឃើញថ្មីបំផុតនេះ មិនគួរជាការភ្ញាក់ផ្អើលដល់នរណាម្នាក់ទេ។ របបគ្រប់គ្រងរបស់លោក Assad ជាអ្នកទទួលខុសត្រូវចំពោះអំពើឃោរឃៅរាប់មិនអស់ ដែលខ្លះមានកម្រិតជាឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិថែមទៀតផង។ របបគ្រប់គ្រងនេះ បានឆ្លើយតបចំពោះការអំពាវនាវរបស់ប្រជាពលរដ្ឋស៊ីរីឱ្យមានកំណែទម្រង់និងការផ្លាស់ប្តូរ ជាមួយការសម្លាប់ និងការបំផ្លាញ»។
របបគ្រប់គ្រងរបស់លោក Assad និងប្រទេសដែលជួយខ្លួនច្រើនជាងគេ គឺប្រទេសរុស្ស៊ី នៅតែបន្តបដិសេធថា កងកម្លាំងរដ្ឋាភិបាលស៊ីរី មិនបានប្រើអាវុធគីមីទេ ហើយបែរជាចោទប្រកាន់ក្រុមឧទ្ទាមថា ធ្វើការវាយប្រហារ និងប្រឌិតភ័ស្តុតាងទៅវិញ។ អ្នកនាំពាក្យលោក Price បានថ្លែងថា «ព័ត៌មានមិនពិត ទ្រឹស្តីអំពីការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិត ឬការបំភ្លៃការពិតណាមួយដោយរបបគ្រប់គ្រងរបស់លោក Assad ឬពួកអ្នកជួយរបបនេះ ប៉ុន្មានក៏មិនអាចបំបាត់ឧក្រិដ្ឋកម្មរបស់លោក Assad បានឡើយ»។
លោក Ned Price បានពោលថា «សហរដ្ឋអាមេរិកថ្កោលទោសការប្រើអាវុធគីមីដោយនរណាក៏ដោយ នៅកន្លែងណាក៏ដោយ និងនៅពេលណាក៏ដោយ។ ការប្រើអាវុធគីមីដោយរដ្ឋណាមួយ ឬតួអង្គមិនមែនជារដ្ឋ ជាការគំរាមកំហែងសន្តិសុខដល់រដ្ឋទាំងអស់ ហើយមិនអាចកើតមានបានដោយគ្មានការដាក់ទោសទណ្ឌឡើយ»។
អ្នកនាំពាក្យលោក Price បានគូសបញ្ជាក់ថា «ប្រទេសជាតិដែលមានការទទួលខុសត្រូវទាំងអស់ ត្រូវឈរជាមួយគ្នាក្នុងសាមគ្កីភាពប្រឆាំងនឹងការប្រើអាវុធគីមីដោយរក្សាបទដ្ឋានសាកលប្រឆាំងនឹងការប្រើអាវុធបែបនេះ ហើយយើងត្រូវប្រុងប្រៀបឱ្យរបបគ្រប់គ្រងរបស់លោក Assad និងជនទាំងឡាយណាដែលប្រើអាវុធសាហាវទាំងនេះ ទទួលខុសត្រូវចំពោះការប្រព្រឹត្តអំពើបែបនេះ»៕