តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
អាជ្ញាធរស៊ីរី បានរំលោភលើប្រជារាស្ត្រខ្លួនក្នុងវិធីអាក្រក់បំផុតតាមដែលអាចធ្វើបាន អស់ពេលជិតដប់ឆ្នាំ។ របបគ្រប់គ្រងដែលដឹកនាំដោយ Bashar al Assad នេះបានវាយប្រហារលើក្រុមបាតុករដោយសន្តិវិធី ដោយប្រើរថក្រោះនិងកាំភ្លើង។ របបគ្រប់គ្រងនេះ បានទម្លាក់គ្រាប់បែកធុងពេញដោយសាំងនិងគ្រឿងផ្ទុះខ្លាំងទៅលើប្រជារាស្ត្រខ្លួននិងប្រើឧស្ម័នពុលទៅលើភូមិទាំងមូល។ ប្រជាពលរដ្ឋស៊ីរី បានកំបុតដៃជើង ត្រូវធ្វើទារុណកម្មនិងត្រូវសម្លាប់ដោយទុរភិក្ស សារធាតុគីមី និងការបាញ់កាំភ្លើង។ នៅក្នុងប្រទេសស៊ីរី ក្រុមជនស៊ីវិល មិនមែនគ្រាន់តែជាជនរងគ្រោះដោយសារសង្គ្រាមប៉ុណ្ណោះទេ តែពួកគេធ្លាប់ជា និងនៅតែជាទីដៅនៃការវាយប្រហារតទៅទៀត។
ជាលទ្ធផល ក្នុងចំណោមប្រជារាស្ត្រមុនសង្គ្រាមចំនួន២៣លាននាក់ មនុស្សប្រមាណ៥សែននាក់បានត្រូវសម្លាប់ ៦លាន ៥សែននាក់ បានខ្ចាត់ព្រាត់ពីផ្ទះសំបែងនៅក្នុងប្រទេស ហើយ៥លាន ៦សែននាក់ទៀត ជាជនភៀសខ្លួននៅក្នុងប្រទេសជិតខាង។ ក៏ប៉ុន្តែនៅពេលនេះលោក Assad ដែលជាស្ថាបត្យករនៃអំពើឃោរឃៅទាំងនេះ អំពាវនាវឱ្យជនភៀសខ្លួនទាំងនេះវិលត្រឡប់ទៅប្រទេសស៊ីរីវិញ។ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលជាអ្នកគាំទ្រ និងជាអ្នកជួយឱ្យ Assad ប្រព្រឹត្តអំពើឃោរឃៅទាំងនោះ គាំទ្រចំពោះការអំពាវនាវបែបនេះ។
នៅក្នុងសន្និសីទស្ពីពីជនភៀសខ្លួនកាលពីពេលថ្មីៗនេះ ចាត់ចែងរួមគ្នានៅក្នុងក្រុងដាម៉ាស់ដោយប្រទេសស៊ីរីនិងប្រទេសរុស្ស៊ី Assad និង Putin ទទូចថា សង្គ្រាមស៊ីវិលបានចប់ហើយ ហើយថា តំបន់ជាច្រើននៃប្រទេសនេះដែលបានបែកបាក់ខ្ទេចខ្ទាំនោះ នៅពេលនេះមានសន្តិភាពវិញហើយ។ នៅពេលជាមួយគ្នានេះ ប្រទេសរុស្ស៊ីបានទទូចថា ការកសាងប្រទេសនេះដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ត្រូវធ្វើមុនការវិលត្រឡប់មកវិញនៃពួកជនភៀសខ្លួន ដោយអះអាងថា ក្រុមជនភៀសខ្លួននឹងអាចវិលមកផ្ទះវិញបាន ប្រសិនបើពួកបស្ចឹមប្រទេសចង់បង់សោហ៊ុយក្នុងការស្ថាបនាប្រទេសស៊ីរីជាថ្មី នេះជាការប៉ុនប៉ងជាក់ស្តែងមួយដោយប្រទេសរុស្ស៊ីដើម្បីបានប្រាក់ដោយជួយក្រុមហ៊ុនខ្លួនឱ្យបានទទួលកុងត្រាកសាងស៊ីរីជាថ្មី។
ពួកជនភៀសខ្លួនមិនទុកចិត្តការសន្យារបស់លោក Assad ទេ។ ពួកបស្ចិមប្រទេសក៏មិនជឿការសន្យានេះដែរ។ ពួកប្រទេសទាំងនេះទទូចថា នឹងមានប្រាក់សម្រាប់ការកសាងប្រទេសស៊ីរីជាថ្មី តែនៅពេលណាដែលក្រុមអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែង សុវត្ថិភាពរបស់ជនជាតិស៊ីរីទាំងអស់ត្រូវបានធានារ៉ាប់រងហើយដំណើរការនយោបាយមានភាពត្រឹមត្រូវតាមច្បាប់។
លោក Cale Brown អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរថា «របបគ្រប់គ្រងរបស់ Assad ដែលមានការគាំទ្រពីប្រទេសរុស្ស៊ី កំពុងស្វះស្វែងប្រើជនភៀសខ្លួនរាប់លាននាក់ដែលអាចរងគ្រោះដោយងាយ មកធ្វើជាកូនអុកក្នុងការប៉ុនប៉ងមួយដើម្បីអះអាងដោយបន្លំថា សង្គ្រាមនៅក្នុងប្រទេសស៊ីរីបានចប់ហើយ»។
លោក Cale Brown បានថ្លែងទៀតថា «របបគ្រប់គ្រងរបស់លោក Assad ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ពលរដ្ឋខ្លួនជាង៥សែននាក់ ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យជាច្រើននិងការបដិសេធមិនគាំទ្រខាងមនុស្សធម៌ដល់ពលរដ្ឋស៊ីរីរាប់លាននាក់។ ទាំងនេះមិនមែនជាសកម្មភាពនៃរដ្ឋាភិបាលមួយដែលអាចត្រូវទុកចិត្តបាន ដើម្បីសម្រេចថា តើនៅពេលណាទើបក្រុមជនភៀសខ្លួនអាចវិលត្រឡប់ទៅប្រទេសស៊ីរីវិញដោយសុវត្ថិភាពទេ ហើយលោក Assad ក៏គ្មានអំណាចអ្វីក្នុងការចាត់ចែងមូលនិធិអន្តរជាតិសម្រាប់កសាងប្រទេសស៊ីរីជាថ្មីវិញដែរ»។
លោក Cale Brown បាននិយាយបន្ថែមថា «សហរដ្ឋអាមេរិក នៅតែប្តេជ្ញាដល់ប្រជារាស្ត្រស៊ីរី និងដល់សេចក្តីសម្រេចចិត្តលេខ២២៥៤នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាមាគា៌តែមួយគត់ទៅកាន់ដំណោះស្រាយនយោបាយនៃសង្គ្រាមស៊ីរី»៕