តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ សហរដ្ឋអាមេរិកនិងប្រទេស៤៥ ជាអ្នកឧបត្ថម្ភរួមនៅក្នុងអង្គការហាមប្រាមអាវុធគីមីហៅកាត់ថា OPCW សន្និសីទនៃរដ្ឋជាភាគី បានទទួលជោគជ័យក្នុងការថ្កោលទោសរបបគ្រប់គ្រងរបស់ Bashar al-Assad ក្នុងប្រទេសស៊ីរីដែលបានបន្តប្រើប្រាស់ និងមានអាវុធគីមីតទៅទៀត។ អាវុធបែបនេះ ជាការរំលោភដល់កាតព្វកិច្ចរបស់ស៊ីរីតាមរយៈអនុសញ្ញាអាវុធគីមីហៅកាត់ថា CWC។
សេចក្តីសម្រេចនេះ ត្រូវធ្វើឡើងដោយមានប្រទេស៨៧បោះឆ្នោតគាំទ្រ ហើយមានតែប្រទេស១៥ បានជំទាស់។ បន្ថែមលើការថ្កោលទោសការប្រើអាវុធគីមីដោយប្រទេសស៊ីរី អង្គការនេះ បានផ្អាកសិទ្ធិនិងបុព្វសិទ្ធិខ្លះដែលស៊ីរីមាននៅតាមរយៈអនុសញ្ញានេះ ដែលសំខាន់បំផុត គឺសិទ្ធិរបស់ស៊ីរីក្នុងការបោះឆ្នោត។ ស៊ីរីនឹងមានសិទ្ធិនេះឡើងវិញ នៅពេលណាដែលអគ្គនាយកនៃអង្គការ OPCW រាយការណ៍ថា ស៊ីរីបានចាត់វិធានការមួយចំនួនចប់សព្វគ្រប់ហើយ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ជាឧទាហរណ៍ «ប្រទេសស៊ីរីត្រូវដោះស្រាយបញ្ហាសេសសល់ទាំងអស់ទាក់ទិននឹងសេចក្តីប្រកាសដំបូងអំពីឃ្លាំងអាវុធគីមី និងកម្មវិធីអាវុធនេះរបស់ផងខ្លួន»។
ការបោះឆ្នោតនេះមានឡើងក្រោយការចេញផ្សាយរបាយការណ៍ពីររបស់ក្រុមអ្នកស៊ើបអង្កេត និងអត្តសញ្ញាណកម្មរបស់អង្គការ OPCW កាលពីឆ្នាំទៅមិញដែលបានភ្ជាប់ជាផ្លូវការរដ្ឋាភិបាលស៊ីរីទៅនឹងការវាយប្រហារដោយអាវុធគីមីកាលពីឆ្នាំ២០១៧ និង២០១៨។ របាយការណ៍ទាំងនោះបានសន្និដ្ឋានថា អាជ្ញាធរស៊ីរីនៅតែបន្តប្រើឧស្ម័នពុលបន្ទាប់ពីរបបគ្រប់គ្រង Assad បានប្រកាសឈប់ប្រើឧស្ម័ននេះ និងបានដាក់ឃ្លាំងអាវុធបែបនេះសម្រាប់បំផ្លាញចោល។ សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថារបបគ្រប់គ្រង Assad បានប្រើអាវុធគីមីយ៉ាងតិចណាស់៥០ដង ចាប់តាំងពីបានចូលក្នុង CWC ក្នុងឆ្នាំ២០១៣។
នេះជាលើកដំបូងហើយដែលសកម្មភាពមួយបែបនេះ ត្រូវបានធ្វើឡើងប្រឆាំងនឹងប្រទេសមួយក្នុងអង្គការ OPCW។ អ្នកនាំពាក្យលោក Price បានថ្លែងថា៖ «សហរដ្ឋអាមេរិកស្វាគមន៍សេចក្តីសម្រេចរបស់អង្គការ OPCW ហើយអបអរសាទរការប្តេជ្ញាតទៅទៀតរបស់សហគមន៍អន្តរជាតិក្នុងការប្រព្រឹត្តតាមបទដ្ឋានអន្តរជាតិប្រឆាំងនឹងការប្រើអាវុធគីមី»។
លោក Price ថ្លែងថា៖ «ការប្រើអាវុធគីមីដោយរដ្ឋណាមួយជាការគំរាមកំហែងដល់សន្តិសុខមនុស្សគ្រប់គ្នាដែលជាការមិនអាចទទួលយកបានទេ»៕