តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីជិត ៥ ឆ្នាំមុន នៅពេលព្រលប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៨ ឧទ្ធម្ភាគចក្រកងទ័ពជើងអាកាសស៊ីរីយ៉ាងតិចមួយគ្រឿងបានទម្លាក់ធុងរាងស៊ីឡាំងពីរដែលមានផ្ទុកឧស្ម័នពុលក្លរីនលើទីក្រុង Douma របស់ប្រទេសស៊ីរី ដោយសម្លាប់មនុស្ស ៤៣ នាក់ និងធ្វើឱ្យមនុស្សរាប់សិបនាក់ទៀតរងរបួស។
នេះគឺជាការវាយប្រហារដោយអាវុធគីមីមួយលើកទៀត ក្នុងពេលជាច្រើនឆ្នាំក្រោយមកបន្ទាប់ពីរបបដឹកនាំស៊ីរីបានធ្វើសង្គ្រាមយ៉ាងព្រៃផ្សៃប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯង ដោយធ្វើឱ្យអ្នកតាមដានស្ថានការណ៍នានានៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើល។
ការបដិសេធរបស់របបដឹកនាំស៊ីរីដែលមិនអនុញ្ញាតឱ្យក្រុមអធិការកិច្ចអាវុធអន្តរជាតិមានលទ្ធភាពលឿនក្នុងការចូលទៅកាន់ទីតាំងនោះ បានប៉ះពាល់ដល់ការស៊ើបអង្កេតលើហេតុការណ៍នេះ ដោយធ្វើឱ្យកិច្ចការរបស់ក្រុមអធិការកិច្ចកាន់តែលំបាក។ ស្របពេលនេះដែរ រដ្ឋាភិបាលស៊ីរីបានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនមានការពាក់ព័ន្ធនៅក្នុងរឿងនេះ ហើយប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ស៊ីរី បានចូលជ្រៀតជ្រែកក្នុងរឿងនេះ។
ប្រទេសរុស្ស៊ីនិងស៊ីរីក៏បានចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយព័ត៌មានប្រឌិតទ្រង់ទ្រាយធំមួយទៀតដើម្បីបិទបាំងសកម្មភាពទាំងនេះរបស់ពួកគេផងដែរ។ ពួកគេអះអាងដោយមិនត្រឹមត្រូវថា ហេតុការណ៍នេះត្រូវបានរៀបចំឡើង ដោយធុងរាងស៊ីឡាំងដែលផ្ទុកឧស្ម័នពុលនិងសាកសពទាំងនោះត្រូវបានក្រុមឧទ្ទាមក្នុងស្រុកយកទៅដាក់នៅកន្លែងកើតហេតុ និងថាឧស្ម័នពុលនោះគឺមានប្រភពមកពីឃ្លាំងដែលនៅក្បែរនោះដែលប្រើដោយពួកបះបោរ ឬក៏ថាជនរងគ្រោះទាំងនោះត្រូវបានសម្លាប់នៅកន្លែងផ្សេងហើយដឹកមកដាក់នៅក្រុង Douma។
ក្នុងអំឡុងពេលទាំងនេះ កងកម្លាំងរបស់របបដឹកនាំរុស្ស៊ីនិងស៊ីរីតាមការពិតបានសម្អាតកន្លែងវាយប្រហារនោះ យកភ័ស្តុតាងពាក់ព័ន្ធនឹងបទឧក្រិដ្ឋចេញ បង្កើតប្លង់ដើម្បីថតរូប និងបង្ខិតបង្ខំសាក្សីឱ្យគាំទ្រការឃោសនាដែលឥតអៀនខ្មាស់របស់ខ្លួន។
បីខែក្រោយមក អង្គការហាមឃាត់អាវុធគីមី (OPCW) បានចេញរបាយការណ៍ដំបូងមួយលើការវាយប្រហារនេះដោយសន្និដ្ឋានថា ពលរដ្ឋនៃក្រុង Douma តាមពិតបានរងការវាយប្រហារដោយអាវុធគីមីពិតប្រាកដមែន។
របាយការណ៍ចុងក្រោយបង្អស់ដែលចេញដោយអង្គការ OPCW កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ បានសន្និដ្ឋានបន្ថែមថា «នៅល្ងាចថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៨ ឧទ្ធម្ភាគចក្រនៃអង្គភាពទ័ពស្រួច «កងកម្លាំងខ្លា» របស់ស៊ីរីបានទម្លាក់ធុងរាងស៊ីឡាំងពណ៌លឿងចំនួនពីរដែលមានផ្ទុកឧស្ម័នពុលក្លរីនលើអគារស្នាក់នៅពីរកន្លែងនៅក្នុងតំបន់រស់នៅរបស់ពលរដ្ឋក្នុងក្រុង Douma ដោយសម្លាប់មនុស្ស ៤៣ នាក់និងធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់សិបនាក់ទៀត»។
បន្ទាប់ពីរបាយការណ៍នេះត្រូវបានចេញផ្សាយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការណ៍រួមមួយថ្កោលទោសរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរីលោក Bashar Assad ចំពោះការវាយប្រហារដោយអាវុធគីមីដ៏ប្រល័យលើទីក្រុង Douma នេះ។ សេចក្ដីថ្លែងការណ៍រួមនេះក៏បានកត់សម្គាល់ផងដែរថា «របាយការណ៍នេះច្រានចោលការអះអាងរបស់រុស្ស៊ីដែលថា ការវាយប្រហារនោះគឺជាការវាយប្រហាររបស់ក្រុមប្រឆាំង»។
សេចក្ដីថ្លែងការណ៍រួមនេះបានលើកឡើងដូច្នេះថា៖ «រដ្ឋាភិបាលស៊ីរីត្រូវតែប្រកាសនិងបំផ្លាញកម្មវិធីអាវុធគីមីរបស់ខ្លួន និងអនុញ្ញាតឱ្យបុគ្គលិករបស់អង្គការ OPCW ចូលទៅកាន់ប្រទេសស៊ីរីដើម្បីផ្ទៀងផ្ទាត់ថា រដ្ឋាភិបាលស៊ីរីបានធ្វើដូច្នេះមែន»។
សេចក្ដីថ្លែងការណ៍រួមនេះបានបន្តថា៖ «យើងអំពាវនាវឱ្យសហព័ន្ធរុស្ស៊ីបញ្ឈប់ការការពាររដ្ឋាភិបាលស៊ីរីពីការទទួលខុសត្រូវសម្រាប់ការប្រើអាវុធគីមីរបស់ខ្លួន។ គ្មានព័ត៌មានប្រឌិតណាមួយដែលធ្វើឡើងដោយរដ្ឋាភិបាលរុស្ស៊ីអាចបិទបាំងបាតដៃរបស់ខ្លួននៅក្នុងការសមគំនិតជាមួយនឹងរបបដឹកនាំរបស់លោក Assad បានទេ»។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា៖ «យើងសរសើរកិច្ចការឯករាជ្យ មិនលម្អៀង និងប្រកបដោយជំនាញរបស់បុគ្គលិកអង្គការ OPCW និងថ្កោលទោសការប្រើអាវុធគីមីមិនថានៅកន្លែងណានិងធ្វើឡើងដោយនរណានោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ។ យើងក៏បញ្ជាក់អះអាងជាថ្មីផងដែរអំពីការតាំងចិត្តរបស់យើងនៅក្នុងការធ្វើឱ្យជនល្មើសទទួលខុសត្រូវចំពោះរាល់ការវាយប្រហារដោយអាវុធគីមីទាំងអស់នៅក្នុងប្រទេសស៊ីរីនិងនៅកន្លែងផ្សេងទៀត»៕