Accessibility links

Breaking News

បទវិចារណកថា៖ ស្ថានភាព​នៅ​ប្រទេស​ស៊ីរី​ផ្លាស់ប្តូរ​ពី​អាក្រក់​ទៅ​កាន់តែ​អាក្រក់


រូបឯកសារ៖ ជំរំ Rukban នៅ​ភាគខាងកើត​ប្រទេស​ស៊ីរី។
រូបឯកសារ៖ ជំរំ Rukban នៅ​ភាគខាងកើត​ប្រទេស​ស៊ីរី។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រទេស​ស៊ីរី​ស្ថិត​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ហើយ​បញ្ហា​ជាច្រើន​មិន​អាច​ដោះស្រាយ​បាន​ដោយ​និរន្តរភាព​ដោយ​គ្មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​នោះ​ទេ នេះ​បើ​យោង​តាម​អង្គការ​សហ​ប្រជាជាតិ។ បន្ថែម​ពី​លើ​សេដ្ឋកិច្ច​ដែល​បរាជ័យ និង​ស្ថានភាព​សន្តិសុខ​ដ៏​តានតឹង និង​ហិង្សា «ស្ថានភាព​មនុស្សធម៌​នៅតែ​ធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ‍»។

ពលរដ្ឋ​ស៊ីរី​ត្រូវការ​ជំនួយ​ដោយ​គ្មាន​ការរារាំង និង​ត្រូវការ​ជំនួយ​ដែល​ឆ្លង​កាត់​តាម​ព្រំដែន និង​ឆ្លងកាត់​តាម​ខ្សែ​បន្ទាត់​កំណត់។ ទោះជា​យ៉ាងនេះ​ក៏ដោយ ជាញឹកញាប់​ណាស់ ជំនួយ​មិន​អាច​ត្រូវបាន​ផ្តល់​ឱ្យ​ទេ​ដោយសារតែ​ភាគី​នានា​នៅ​ទូទាំង​ប្រទេស​ស៊ីរី​កំពុង​បដិសេធ​មិន​ឱ្យ​មាន​ក្បួន​រថយន្ត​ឆ្លងកាត់។ ស្ថានភាព​គឺ​ធ្ងន់ធ្ងរ ជាពិសេស​នៅក្នុង​ជំរំ Rukban ដែល​ជា​ជំរំ​សម្រាប់​ជនភៀសខ្លួន​ក្នុង​ប្រទេស​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ីរី។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield បាន​ថ្លែង​ថា «សហរដ្ឋ​អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ការផ្តល់​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ តាមរយៈ​គ្រប់​មធ្យោបាយ​ទាំងអស់​ដោយ​រួមទាំង​ការឆ្លង​កាត់​ព្រំដែន និង​ខ្សែ​បន្ទាត់​កំណត់»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​ទៀត​ថា «‍របប​របស់​លោក Assad មិន​បាន​ប្តេជ្ញា​ជួយ​សម្រួល​រឿង​ជំនួយ​នោះ​ទេ។ យើង​ឃើញ​រឿង​នេះ​កើតឡើង​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ស៊ីរី​ជា​កន្លែង​ដែល​សកម្មភាព​របស់​របប​នេះ ត្រូវបាន​គាំទ្រ​យ៉ាងពេញលេញ និង​គួរឱ្យ​អាម៉ាស់​ដោយ​រុស្ស៊ី​ដែល​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​បន្ត​ទៀត​ថា «‍អស់​រយៈពេល​៤ឆ្នាំ របប​នេះ​បាន​បដិសេធ​មិន​ឱ្យ​អង្គការ​សហប្រជាជាតិ​ចូល​ទៅ​កាន់​ជំរំ Rukban ដែល​មាន​ជនស៊ីវិល​រាប់​ពាន់នាក់​រស់នៅ​នោះ​ទេ ដោយ​ទុក​ឱ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ហៀប​នឹង​ជួប​គ្រោះ​មហន្តរាយ។ ថ្ងៃនេះ យើង​កត់សម្គាល់​រយៈពេល​ពីរខែ​ចាប់តាំងពី​របប​នេះ​បាន​រារាំង​មិន​ឱ្យ​មាន​មធ្យោបាយ​ធ្វើ​ពាណិជ្ជកម្ម។ គ្រោះ​មហន្តរាយ​នោះ ហាក់​កាន់តែ​ជិត​ជាង​មុន​ទៅ​ទៀត។ ឥឡូវនេះ ស្បៀង​អាហារ និង​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្រ្ដ​មាន​ការខ្វះខាត​ មាន​ការប្រឈម​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ ការខ្វះ​អាហារូបត្ថម្ភ អសន្តិសុខ​ស្បៀង ​ឬ​ស្ថានភាព​កាន់តែ​អាក្រក់​សម្រាប់​ជនស៊ីវិល​រាប់​ពាន់​នាក់»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​ទៀត​ថា «‍សហរដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​របប​លោក Assad សហការ​ជាមួយ​សំណើ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​បើក​ឱ្យ​មាន​ការចូល​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ជំរំ Rukban និង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនស៊ីវិល​របស់​ខ្លួន​ដោយ​ឆ្លង​កាត់​ខ្សែ​បន្ទាត់​កំណត់»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​ថា៖ «‍មិន​មាន​ហេតុផល​ក្នុង​ការការរារាំង​ការផ្តល់​ជំនួយ និង​មិន​មាន​ហេតុផល​ក្នុង​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ​ដែល​កំពុង​ត្រូវបាន​អនុវត្ត​នោះ​ទេ។ គឺ​គ្មាន​ទេ»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​បន្ត​ថា៖ «‍យើង​ជំរុញ​ឱ្យ​ប្រទេស​រុស្ស៊ី និង​របប​លោក Assad បញ្ឈប់​ការរារាំង​នេះនិង​ការដោះសារ​នានា។ អស់​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ យើង​បាន​ដឹង​ថា ការមិន​មាន​វឌ្ឍនភាព​ឆ្ពោះ​ទៅរក​ដំណោះស្រាយ​នៅក្នុង​ប្រទេស​ស៊ីរី នឹង​ធ្វើឱ្យ​ហានិភ័យ​នៃ​ជម្លោះ​នៅក្នុង​តំបន់​កាន់តែ​រីក​ធំ។ ឥឡូវនេះ ហានិភ័យ​នោះ​បាន​ក្លាយជា​ការពិត​ហើយ»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​បន្ត​ថា៖ «‍អ៊ីរ៉ង់​និង​ភ្នាក់ងារ និង​ដៃគូ​របស់ខ្លួន​បាន​បង្កើន​ការប្រើប្រាស់​ដែនដី​ស៊ីរី​ដើម្បី​គំរាមកំហែង​អ៊ីស្រាអែល និង​ចរាចរ​អាវុធ​ដ៏​គ្រោះថ្នាក់។ ដោយ​មិន​និយាយ​ដល់​ការណ៍​ដែល​របប​លោក Assad ដាក់​ពង្រាយ​អាវុធ​របស់​ខ្លួន​នៅ​ដែនដី​ស៊ីរី​នោះ​ទេ ប្រជាពលរដ្ឋ​ស៊ីរី​ខ្លួនឯង​ដឹង​ថា ភ្នាក់ងារ និង​ដៃគូ​សកម្ម​ប្រយុទ្ធ​របស់​អ៊ីរ៉ង់​ស្វែងរក​តែ​វិធី​ដើម្បី​ជំរុញ​របៀបវារៈ​របស់​ពួកគេ​ក្នុង​ការបង្ក​អស្ថិរភាព​ប៉ុណ្ណោះ គឺ​មិនមែន​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ស៊ីរី​នោះ​ទេ»។

អ្នកស្រី Thomas-Greenfield បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «‍ក្នុង​ពេល​ដ៏​គ្រោះថ្នាក់​នេះ វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ធ្វើការ​ដើម្បី​កាត់បន្ថយ​ភាពតានតឹង និង​ទប់ស្កាត់​ការកើន​ឡើង​នៅក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​ជិតខាង។ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ការទូត​របស់​យើង​ឆ្ពោះ​ទៅ​រក​ការសម្រេច​កិច្ចការ​នេះ»៕

XS
SM
MD
LG