Accessibility links

Breaking News

បទវិចារណកថា៖ ការរឹតត្បិត​ទិដ្ឋាការ​លើ​អ្នកជិះជាន់​គេ​ក្នុង​ប្រទេស​បេឡារុស


អ្នកនាង Yekaterina Andreeva និងអ្នកនាង Darya Chultsova អ្នកយកព័ត៌មាន​ជនជាតិ​បេឡារុស​ដែល​ធ្វើការ​ឱ្យប៉ុស្តិ៍​ទូរទស្សន៍​ប៉ូឡូញ Belsat ត្រូវបាន​ចោទប្រកាន់ពី​បទ​ចាត់​ចែង​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយធំ​កាលពី​ឆ្នាំ២០២០ ក្នុង​អំឡុងពេល​សវនាការ​នៅ​ទីក្រុង Minsk កាលពីថ្ងៃទី៩ ខែកុម្ភៈ ២០២១។
អ្នកនាង Yekaterina Andreeva និងអ្នកនាង Darya Chultsova អ្នកយកព័ត៌មាន​ជនជាតិ​បេឡារុស​ដែល​ធ្វើការ​ឱ្យប៉ុស្តិ៍​ទូរទស្សន៍​ប៉ូឡូញ Belsat ត្រូវបាន​ចោទប្រកាន់ពី​បទ​ចាត់​ចែង​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយធំ​កាលពី​ឆ្នាំ២០២០ ក្នុង​អំឡុងពេល​សវនាការ​នៅ​ទីក្រុង Minsk កាលពីថ្ងៃទី៩ ខែកុម្ភៈ ២០២១។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​

ក្រសួង​ការ​បរទេស​ស.រ.អ. បាន​ដាក់​កំហិត​ការ​រឹតត្បិត​ខាង​ទិដ្ឋាការ​លើ​បុគ្គល​៤៣​នាក់​ថែម​ទៀត​ ដែល​ទទួល​ខុស​ត្រូវលើការ​ធ្វើឱ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​បេឡារុស​ ដោយ​ធ្វើ​ឱ្យ​ពួក​គេ​គ្មាន​សិទ្ធិ​ចូល​ស.រ.អ.។​ ពួក​បុគ្គល​ទាំង​នេះ​ រួម​មាន​ពួក​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​វិស័យ​យុត្តិធម៌​ ពួក​មន្ត្រី​ខាង​ការ​ពង្រឹង​ច្បាប់​ដែល​បាន​ឃាត់​ខ្លួន​និង​រំលោភ​លើ​ក្រុម​បាតុករ​ដោយ​សន្តិវិធី ពួក​ចៅក្រម​និង​ពួក​រដ្ឋអាជ្ញា​ដែល​កាត់​ទោស​ពួក​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ និង​ពួក​អ្នក​កាសែត​ឱ្យ​ជាប់​ពន្ធនាគារ​ហើយ​នឹង​ពួក​អ្នក​រដ្ឋបាល​សាកល​វិទ្យាល័យ​ដែល​បាន​គំរាម​កំហែង​ក្រុម​និស្សិត​មិន​ឱ្យ​ចូល​រួម​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី។​

រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ. លោក​ Anthony Bliken​ បាន​មាន​ប្រសាសន៍​ថា​៖​

« ស.រ.អ. នៅ​តែ​ភ្ញាក់​ផ្អើល​នឹង​របប​គ្រប់គ្រង​របស់​លោក​ Alyaksandr Lukashenka ​ដែល​នៅ​តែ​បន្ត​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ក្រុម​បាតុការ​ដោយ​សន្តិវិធី ​ពួក​សកម្មជន​ប្រជា​ធិបតេយ្យ​ និង​ក្រុម​អ្នក​កាសែត»។​

សកម្មភាព​នាំ​ឱ្យ​ខ្វល់ខ្វាយ​ឯ​ទៀតៗ​ រួម​មាន​ការ​ការ​ឆ្មក់​ចូល​ឆែក​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​អង្គការ​សិទ្ធិ​មនុស្ស ​Vyasna​ សមាគម​អ្នក​សារ​ព័ត៌មាន​បេឡារុស ​និង​សហជីព​កម្មករ​ពាណិជ្ជ​កម្ម​ឯករាជ្យ។ ​ម្យ៉ាង​វិញ​ទៀត​ ​កាលពី​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ចៅក្រម​ បេឡារុស​ម្នាក់ ​បាន​សម្រេច​ថា​ អ្នកយកព័ត៌មានឈ្មោះ​ Katsiaryna Andreyeva ​និង ​Darya Chultsova​ មាន​ទោស​«ពីបទ​ចាត់​ចែង​ព្រឹត្តិ​ការណ៍​សាធារណៈ​មាន​គោល​ដៅ​បង្អាក់​សណ្តាប់​ធ្នាប់​ស៊ីវិល»។ ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ​ក្នុង​សាល​តុលាការ​ អ្នកនាង​ Andreyeva ​និង​អ្នកនាង​ Chultsova ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ពួក​គេ​ ​ដោយ​ហៅ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា​ មកពី​ហេតុផល​នយោបាយ។​

នៅ​ក្នុង​ការ​ដាក់​កំហិត​កាលពី​មុន​ចំនួន​ពីរ​លើក​ ​ស.រ.អ.​ បាន​ដាក់​ឱ្យ​មាន​ការ​រឹតត្បិត​ខាង​ទិដ្ឋាការ​លើ​ពួក​បុគ្គល​៦៦​នាក់ ដែល​ត្រូវ​បាន​កំណត់​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេសបេឡារុស។ ​ពួក​បុគ្គល​ទាំង​នោះ​ ​មានរួមបញ្ចូល​ពួក​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​គ្រប់គ្រង​របស់​លោក Lukashenka ​ព្រម​ទាំង​ជនជាតិ​រុស្ស៊ី និង​បេឡារុស ​ដែល​រួម​គំនិត ក្នុង​ការ​រារាំង​ការងារ​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​ ឬ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អធិបតេយ្យ​ភាព​នៃ​សេរីភាព​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​បេឡារុស។ ​ជា​សរុប​ បុគ្គល​ទាំង​អស់​ចំនួន​១០៩​នាក់​ត្រូវ​បាន​ស.រ.អ.​ការ​រឹត​ត្បិត​ខាង​ទិដ្ឋាការ។

មាន​ប្រជា​រាស្ត្រ​បេឡារុស​រាប់ម៉ឺន​នាក់​ បាន​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ជា​បន្ទាន់​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី៩ ​ខែ​សីហា​ ដែល​មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ ​ហើយ​ក្រុម​បាតុករ​ដោយ​សន្តិវិធី​បាន​ប្រមូល​ផ្តុំគ្នា​រៀង​រាល់​សប្តាហ៍​ចាប់​តាំង​ពី​ពេល​នោះ​មក។​ ក្រុម​បាតុករ​បាន​ទាមទារ​ឱ្យ​លោក Lukashenka ​ចុះ​ចេញ​ពី​តំណែង​ហើយ​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី​ តែ​រហូត​មក​ដល់​ពេល​នេះ ​លោក​មិន​បាន​ធ្វើ​តាម​ការ​ទាមទារ​ទាំង​នេះ​ទេ។​ ពួក​មន្ត្រី​សន្តិសុខ​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​ម៉ឺន​នាក់ ហើយ​បាន​បណ្តេញ​ចេញក្រៅ​ប្រទេស​ ឃាត់​ខ្លួន ​និង​គំរាម​កំហែង​ពួក​ឥស្សរជន​ប្រឆាំង​ជាន់​ខ្ពស់​ថែម​ទៀត​ផង។​

បាតុករ​មួយ​ចំនួន ​ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​ហិង្សា​ ​ហើយ​បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ទី​នោះ​ថា មាន​ភ័ស្តុតាង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ថា ​មាន​ការ​ធ្វើ​ទារុណកម្ម​ប្រឆាំង​នឹង​ក្រុម​ជន​ជាប់​ឃុំឃាំង​ផង​ដែរ។​

លោក​រដ្ឋមន្ត្រី ​Blinken ​បាន​ប្រកាស​ថា ​ស.រ.អ.​នៅ​តែ​បន្ត​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នៅ​ក្នុងប្រទេស​បេឡារុស​ ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ទាក់​ទិន​នឹង​ការ​បោះឆ្នោត និង​ការ​បង្ក្រាប​ដែល​មាន​បន្ទាប់​មក។ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ បាន​មាន​ប្រសាសន៍​ថា៖​

«យើង​ឈរ​ជា​មួយប្រជារាស្ត្រ​ដ៏​ក្លាហាន​នៃ​ប្រទេស​បេឡារុស ​ហើយ​ទ្រទ្រង់​សិទ្ធិ​ពួក​គេ​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ដោយ​យុត្តិធម៌»៕

XS
SM
MD
LG