តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas Greenfield បាននិយាយថា៖ «កុមារីគ្រប់រូបសក្តិសមនឹងរស់នៅក្នុងពិភពលោកមួយដែលគ្មានអំពើហិង្សាយេនឌ័រនិងការរើសអើង ដែលពួកគេអាចមានលទ្ធភាពទទួលបានការអប់រំដែលមានគុណភាព សេវាសុខាភិបាល និងឱកាសការងារនៅពេលអនាគត»។
ជាការពិត ទាំងនេះគឺជាសិទ្ធិរបស់កុមារីគ្រប់រូប។ ការធានាថា សិទ្ធិទាំងនេះត្រូវបានការពារគឺពិតជាសំខាន់ដើម្បីបញ្ចប់ភាពក្រីក្រតោកយ៉ាក និងបង្កើនភាពរុងរឿងរួមនៃសង្គម ឬក៏ប្រទេសណាមួយ។
ការវិនិយោគលើការអប់រំរបស់កុមារីគឺផ្ដល់ផលប្រយោជន៍មិនត្រឹមតែដល់កុមារីខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សហគមន៍របស់ពួកគេទៀតផង។
បើយោងតាមធានាគារពិភពលោក កុមារីដែលទទួលបានការអប់រំកម្រិតធម្យមសិក្សានឹងធំធាត់ក្លាយទៅជាស្ត្រីដែលមានការយល់ដឹងប្រសើរអំពីអាហារូបត្ថម្ភនិងការថែរក្សាសុខភាព។ ពួកគេនឹងមិនទំនងជារៀបការនៅមុនអាយុ ១៨ ឆ្នាំនោះទេ ហើយពួកគេនឹងមានកូនតិច។ ពួកគេក៏នឹងទំនងជាធ្វើការនៅខាងក្រៅនឹងរកចំណូលបានខ្ពស់ផងដែរ។ ជាលទ្ធផល ពួកគេនឹងមានកូនដែលមានសុខភាពល្អនិងការអប់រំល្អ ដែលកូនៗទាំងនោះនឹងមានកូនបន្តដែលមានការអប់រំនិងសុខភាពល្អផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជាច្រើន កុមារីប្រឈមនឹងឧបសគ្គនៅក្នុងការបញ្ចប់ការសិក្សារបស់ពួកគេ។ ធនាគារពិភពលោកបានព្រមានថា សង្គមណាដែលរារាំងកុមារីមិនឱ្យបញ្ចប់ការសិក្សាមូលដ្ឋានរយៈពេល ១២ ឆ្នាំ នឹងបាត់បង់ផលិតភាពនិងប្រាក់ចំណូលពេញមួយជីវិតចន្លោះពី ១៥ លានលានដុល្លារទៅ ៣០ លានលានដុល្លារ។
វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា ឧបសគ្គដែលកុមារីប្រឈមនឹងជះផលប៉ះពាល់ដោយផ្ទាល់លើលទ្ធភាពរបស់ពួកគេនៅក្នុងការសិក្សានិងបញ្ចេញសមត្ថភាពឱ្យបានពេញលេញ។
ដំបូង កុមារីជារឿយៗមានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅពេលសិក្សានៅក្នុងសាលារៀននិងនៅពេលធ្វើដំណើរទៅនិងមកពីសាលារៀន។ អំពើហិង្សាយេនឌ័រគឺជាមូលហេតុមួយដែលប្រហែលជាធ្វើឱ្យពួកគេមិនអាចបញ្ចប់ការសិក្សារបស់ពួកគេបាន។
ភាពលំអៀងខាងយេនឌ័រនៅក្នុងថ្នាក់រៀនក៏ជាបញ្ហាប្រឈមមួយទៀតផងដែរ។ ទស្សនៈសន្មតទុកនានាពាក់ព័ន្ធនឹងយេនឌ័រមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែងលើការឱ្យតម្លៃលើខ្លួនឯងនិងការសិក្សារបស់កុមារី ក៏ដូចជាលើជម្រើសរបស់ពួកគេនៅក្នុងការជ្រើសរើសមុខវិជ្ជាសិក្សាផងដែរ។
កុមារីត្រូវតែទទួលបានឱកាសនៅក្នុងការបញ្ចប់ការសិក្សាគ្រប់កម្រិតទាំងអស់ និងនៅក្នុងការសិក្សាជំនាញនានាដែលចាំបាច់ដើម្បីប្រជែងនៅក្នុងទីផ្សារការងារ។ ពួកគេត្រូវតែមានសិទ្ធិនៅក្នុងការសម្រេចលើជីវិតផ្ទាល់ខ្លួនរបស់ពួកគេ និងនៅក្នុងការរួមចំណែកដល់សហគមន៍និងប្រទេសរបស់ពួកគេ។
អ្នកស្រីឯកអគ្គរដ្ឋទូត Thomas Greenfield បាននិយាយថា៖ «សហរដ្ឋអាមេរិកនៅតែតាំងចិត្តលើកកម្ពស់និងការពារសិទ្ធិរបស់កុមារីនិងស្ត្រីវ័យក្មេងគ្រប់រូប។ យើងអំពាវនាវឱ្យពិភពលោកសហការជាមួយយើងដើម្បីធានាថា កុមារីមានលទ្ធភាពទទួលបានម្ហូបអាហារនិងទឹកបរិភោគដែលមានសុវត្ថិភាព ការអប់រំ សេវាសុខាភិបាលនិងវ៉ាក់សាំង និងអនាគតមួយដែលគ្មានអំពើហិង្សាដែលសិទ្ធិរបស់ពួកគេត្រូវបានគេគោរព»។
អ្នកស្រីបានបន្ថែមថា៖ «យើងដឹងថា នៅពេលដែលកុមារីមានលទ្ធភាពនៅក្នុងការចូលរួមដោយសេរីនិងពេញលេញនៅក្នុងការពិភាក្សាណាមួយនៅកម្រិតសាកលលោក យើងទាំងអស់គ្នានឹងមានភាពប្រសើរជាងមុន»៕