តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា កត្តាសំខាន់មួយនៃការជំរុញផលប្រយោជន៍អាមេរិកាំង និងការគាំទ្រសេចក្តីថ្លៃថ្នូរជាសាកលរបស់យើងគឺ «ធ្វើការក្នុងបុព្វហេតុរូមគ្នាជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើង និងដៃគូរបស់យើង»។
ដើម្បីសម្រេចគោលដៅនេះ មន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន បានប្រជុំគ្នាតាមអនឡាញ ដើម្បីពិគ្រោះយោបល់គ្នាកាលពីថ្ងៃទី១២ ខែសីហា។ ការពិគ្រោះគ្នាលើកទី៨ ជាការបន្តការពិភាក្សាគ្នាជាប្រវត្តិសាស្ត្ររវាងលោកប្រធានាធិបតី Joe Biden លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក Yoshihida Suga នាយករដ្ឋមន្ត្រីជប៉ុននៅក្នុងសន្និសីទកំពូលរបស់មេដឹកនាំអង្គការ QUAD កាលពីថ្ងៃទី១២ ខែមីនាឆ្នាំ២០២១។
ក្រុមប្រទេស QUAD មានប្រទេសកាន់លទ្ធិប្រជាធិបតេយ្យបួនជាសមាជិក ដូចដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា «ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាដែលមានផលប៉ះពាល់ដល់ពលរដ្ឋនៃប្រទេសរបស់យើងនិងដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលផងដែរ។ ហើយនៅក្រោមនេះ គឺជំនឿយ៉ាងជាក់លាក់មួយថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវតែជាតំបន់សេរី និងបើកចំហមួយជាបន្តទៅអនាគត»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកត់សម្គាល់ថា នៅក្នុងការប្រជុំគ្នាកាលពីថ្ងៃ១២ ខែសីហា ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទាំងបួននេះ បាន«ទទួលស្គាល់ថា សន្តិសុខសាកលនិងភាពសំបូររុងរឿងអាស្រ័យលើការរួមបញ្ចូលគ្នា ការតស៊ូនិងសុខសន្តិភាពនៅក្នុងតំបន់នេះ»។ មេដឹកនាំនៃប្រទេសទាំងបួននេះ បានពិភាក្សាគ្នាអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិឋិតថេរដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ១៩ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងដើម្បីឧបត្ថម្ភផ្ចុងផ្តើមការរើបសេដ្ឋកិច្ចឡើងវិញ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «មន្ត្រីនៃប្រទេសទាំងបួន បានពិនិត្យស្វែងរកវិធីជំរុញឲ្យមានកិច្ចសហការបន្ថែមដែលកំពុងមានរួចហើយលើវិស័យមួយចំនួន ដោយមានរួមបញ្ចូលឧបសគ្គខាងយុទ្ធសាស្ត្រដែលតំបន់នោះប្រឈម ការទប់ទល់នឹងការផ្សាយព័ត៌មានមិនពិត ការឧបត្ថម្ភផ្ចុងផ្តើមលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ការពង្រឹងស្ថាប័នអន្តរជាតិដោយមានរួមបញ្ចូលអង្គការសហប្រជាជាតិនិងអង្គការពាក់ព័ន្ធនិងការគាំទ្រប្រទេសងាយរងគ្រោះដោយសារការបង្ខិតបង្ខំក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ពួកមន្ត្រីទាំងនេះ ក៏បានពិភាក្សាគ្នាដែរអំពី«សារៈសំខាន់នៃសន្តិភាពនិងសន្តិសុខក្នុងច្រកសមុទ្រតៃវ៉ាន់ វិបត្តិកំពុងមានក្នុងប្រទេសភូមានិងបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងខ្លាំងរបស់ក្រុមប្រទេស QUAD ដល់ភាពចុះសម្រុងគ្នារបស់សមាគម ASEAN និងទស្សនវិស័យរបស់ ASEAN អំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ក្រុមមន្ត្រីនៃប្រទេសទាំង៤នេះ នឹងបន្តការពិគ្រោះគ្នាជាទៀងទាត់នៅកម្រិតរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់និងកម្រិតការងារ ហើយគ្រោងនឹងចាត់ចែងសន្និសីទកំពូលទីពីររបស់ថ្នាក់មេដឹកនាំនៃប្រទេស QUAD នៅរដូវស្លឹកឈើជ្រុះនេះ។
ក្រុមប្រទេស QUAD ជាផ្នែកមួយនៃបណ្តាញដៃគូដែលជួយសហរដ្ឋអាមេរិក ពង្រឹងសណ្តាប់ធ្នាប់ផ្អែកលើបទបញ្ញត្តិនិងជំរុញលើកស្ទួយសេចក្តីថ្លៃថ្នូរនៃលទ្ធិប្រជាធិបតេយ្យ។ សមដូចលោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា «ឧបសគ្គភាគច្រើនដែលយើងប្រឈមក្នុងពិភពលោក មិនអាចត្រូវដោះស្រាយដោយប្រទេសណាមួយតែឯកឯងទេ។ ដូច្នេះជាការធម្មតាមួយដែលប្រទេសប្រជាធិបតេយ្យមានចិត្តគំនិតដូចគ្នា ជួបជុំគ្នា ហើយធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ»៕