Accessibility links

 
បទ​វិចារណកថា៖ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ធ្វើ​ឱ្យ​ក្រុម​ហ៊ូធី​និង​អ៊ីរ៉ង់​ទទួល​ខុសត្រូវ
Breaking News

បទ​វិចារណកថា៖ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវតែ​ធ្វើ​ឱ្យ​ក្រុម​ហ៊ូធី​និង​អ៊ីរ៉ង់​ទទួល​ខុសត្រូវ


រូបឯកសារ៖ រូបថត​ដែល​ថត​ពី​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Houthi Military Media បង្ហាញ​ពី​ការបាញ់​មីស៊ីល​ទៅ​លើ​អ៊ីស្រាអែល ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
រូបឯកសារ៖ រូបថត​ដែល​ថត​ពី​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Houthi Military Media បង្ហាញ​ពី​ការបាញ់​មីស៊ីល​ទៅ​លើ​អ៊ីស្រាអែល ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

តទៅ​នេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បន្ទាប់ពី​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល​រយៈពេល​មួយ​ឆ្នាំ​លើ​អ៊ីស្រាអែល​មក ក្រុម​ហ៊ូធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ។

ក្នុង​ចំណោម​ការ​វាយ​ប្រហារ​ជា​ច្រើន​របស់​ក្រុម​ហ៊ូធី​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ការ​វាយ​ប្រហារ​មួយ​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​សាលារៀន​បឋម​សិក្សា​មួយ​កន្លែង​ក្នុង​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​អ៊ីស្រាអែល ហើយ​ការ​វាយ​ប្រហារ​មួយ​ទៀត​បាន​ត្រូវ​ចំ​តំបន់​រស់នៅ​ក្នុង​តំបន់ Jaffa ដោយ​ធ្វើ​ឱ្យ​ជន​ស៊ីវិល​យ៉ាង​តិច ១៦ នាក់​រង​របួស។ បន្ថែម​ពី​នេះ​ទៀត ក្រុម​ហ៊ូធី​បាន​បន្ត​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​កប៉ាល់​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម។

នៅឯ​កិច្ច​ប្រជុំ​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ អ្នក​តំណាង​រង​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Dorothy Shea បាន​បញ្ជាក់​ឡើងវិញ​នូវ​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ពិចារណា​ចាត់​វិធានការ​បន្ថែម​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​គំរាម​កំហែង​កើនឡើង​ពី​ក្រុម​ហ៊ូធី​និង​ដើម្បី​ឱ្យ​អ៊ីរ៉ង់​ទទួល​ខុសត្រូវ។

អ្នកស្រី Shea បាន​ថ្លែង​ថា៖ «យើង​ទាំងអស់​គ្នា​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ក្រុម​ហ៊ូធី​បាន​ទទួល​ការ​ជួយ​ទំនុក​បម្រុង​ពេញ​ទំហឹង​ពី​អ៊ីរ៉ង់​ដើម្បី​ធ្វើការ​វាយ​ប្រហារ​ដោយ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដ៏​ប្រល័យ​លើ​អ៊ីស្រាអែល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ផងដែរ ដូច​ដែល​បង្ហាញ​ឡើង​តាម​រយៈ​ការ​ឃោសនា​របស់​ក្រុម​នេះ​ដែល​អួតអាង​អំពី​ការ​ប្រើ​មីស៊ីល​ទំនើប​លឿន​ជាង​សំឡេង​ដូច្នេះ​ដែរ។ ការ​ផ្តល់​របស់​អ៊ីរ៉ង់​នូវ​មីស៊ីល​ទាំងនេះ​និង​អាវុធ​ប្រល័យ​ជីវិត​ផ្សេង​ទៀត​ដល់​ក្រុម​ហ៊ូធី​គឺជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​ការ​លក់​អាវុធ​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​លើ​ក្រុម​នេះ»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Shea បាន​សង្កត់ធ្ងន់​ថា​វា​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​ការ​រំលោភ​បំពាន​ជាក់ស្តែង​របស់​អ៊ីរ៉ង់​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​នេះ​និង​ការ​ផ្តល់​អាវុធ​ដល់​ក្រុម​ភេរវករ។

អ្នកស្រី Shea បាន​ថ្លែង​ថា៖ «សមាជិក​ទាំងអស់​របស់​ក្រុមប្រឹក្សា​នេះ ជា​ពិសេស​អ្នក​ដែល​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​អ៊ីរ៉ង់ គួរតែ​ដាក់​គំនាប​លើ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ឱ្យ​បញ្ឈប់​ក្រុម​ហ៊ូធី​កុំឱ្យ​វាយ​ប្រហារ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល»។

ជាង​នេះ​ទៀត អ្នកស្រី​ឯកអគ្គរដ្ឋទូត Shea បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គួរតែ​ពង្រឹង​យន្តការ​ផ្ទៀងផ្ទាត់​និង​អធិការកិច្ច​របស់​អង្គការ​សហប្រជាជាតិ (UVIM) ដែល​យន្តការ​នេះ​មើល​ការ​ខុសត្រូវ​លើ​ការ​ឃ្លាំមើល​និង​ការ​ត្រួត​ពិនិត្យ​សេវាកម្ម​នានា​នៃ​ទំនិញ​ពាណិជ្ជកម្ម​និង​ជំនួយ​ទ្វេភាគី​ដែល​ដឹកជញ្ជូន​ឆ្ពោះ​ទៅកាន់​ប្រទេស​យេម៉ែន។ សំខាន់​ជាង​នេះ​ទៀត យន្តការ​នេះ​មាន​បំណង​ធ្វើ​ឱ្យ​ប្រាកដ​ថា​អ៊ីរ៉ង់​និង​តួអង្គ​ផ្សេង​ទៀត​មិន​ផ្តល់​អាវុធ​ទៅឱ្យ​ក្រុម​ហ៊ូធី​ដែល​ជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​ការ​លក់​អាវុធ។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Shea បាន​ថ្លែង​ទៀត​ថា អ្នកស្រី​ក៏​គាំទ្រ​ផងដែរ​នូវ​ការ​បន្ត​នៃ​សំណើ​អំពី​ការ​រាយការណ៍​ដែល​ចែង​ក្នុង​សេចក្តីសម្រេច​លេខ ២៧២២ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​តម្រូវ​ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​រាយការណ៍​ប្រចាំ​ខែ​អំពី​ការ​វាយ​ប្រហារ​របស់​ក្រុម​ហ៊ូធី​លើ​ការ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម។

អ្នកស្រី​បាន​សង្កត់ធ្ងន់​ថា​ការ​វាយ​ប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​សហរដ្ឋ​អាមេរិក​លើ​គោលដៅ​មួយ​ចំនួន​របស់​ក្រុម​ហ៊ូធី ដែល​គោលដៅ​ទាំងនេះ​ត្រូវ​បាន​ក្រុម​ហ៊ូធី​ប្រើ​ដើម្បី​វាយ​ប្រហារ​លើ​នាវា​ទាហាន​ជើងទឹក​និង​កប៉ាល់​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក «គឺ​ស្រប​ទៅនឹង​ច្បាប់​អន្តរជាតិ​និង​ជា​ការ​អនុវត្ត​នូវ​សិទ្ធិ​ការពារ​ខ្លួន​របស់​សហរដ្ឋ​អាមេរិក»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Shea បាន​ប្រកាស​ថា៖ «វា​ហួស​ពេល​ហើយ​សម្រាប់​ក្រុម​ហ៊ូធី​ក្នុង​ការ​បញ្ឈប់​ឥរិយាបថ​ច្រងេងច្រងាង​និង​បែប​បង្ក​អស្ថិរភាព​របស់​ពួកគេ ហើយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គួរតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួកគេ​នឹង​ទទួល​ផលវិបាក​សម្រាប់​ទង្វើ​របស់​ខ្លួន»៕

XS
SM
MD
LG