តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
បើតាមអង្គការសហប្រជាជាតិថា នៅពេលសព្វថ្ងៃនេះ វិស័យជំនួយមនុស្សធម៌ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មលូតលាស់បំផុតនៅក្នុងពិភពលោក។ ការណ៍នេះគឺដោយសារមហន្តរាយធម្មជាតិ ការថមថយបរិដ្ឋាន និងជម្លោះប្រដាប់អាវុធជាង១០០ នៅទូទាំងពិភពលោកបានបណ្តាលឱ្យមនុស្សរាប់លាននាក់ថែមទៀតធ្លាក់ក្នុងភាពក្រីក្រ និងការស្រេកឃ្លានរៀងរាល់ឆ្នាំ។
លោកស្រី Cindy McCain នាយិកាប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា «នៅពេលនេះយើងកំពុងរស់នៅក្នុងវិបត្តិមួយចំនួនដែលកើតឡើងចំពេលគ្នា និងមានរយៈពេលយូរដែលនឹងនាំឱ្យមានសេចក្តីត្រូវការខាងមនុស្សធម៌សាកល។ ហើយការណ៍នេះ កើតមានឡើងនៅពេលដែលប្រាក់កាសសម្រាប់កិច្ចប្រតិបត្តិការជួយសង្គ្រោះខាងមនុស្សធម៌ចុះថយ»។
អ្នកតំណាងសហរដ្ឋអាមេរិកប្រចាំអ.ស.ប.លោកស្រី Linda Thomas-Greenfield បាននិយាយថា «សេចក្តីត្រូវការខាងមនុស្សធម៌កំពុងកើនច្រើនយ៉ាងលឿន ហើយភាពចន្លោះរវាងទឹកប្រាក់ត្រូវបានផ្តល់ឱ្យនិងសេចក្តីត្រូវការស្ទង់ប្រមាណដោយអ.ស.ប.មានជិត៤០ពាន់លានដុល្លារ»។
លោកស្រីបានថ្លែងថា ពួកអ្នកធ្វើការខាងជំនួយបានធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយជីវិតមនុស្ស តែ«ពួកគេសុំឱ្យសហគមន៍អន្តរជាតិផ្តល់ធនធានថែមទៀតឱ្យពួកគេ»។
លោកស្រី Linda Thomas-Greenfield បាននិយាយថា «ពេលនេះអំពាវនាវឱ្យមានសកម្មភាពមុះមុត។ វាអំពាវនាវឱ្យមានការចាកចេញពីគម្រូដូចធម្មតា។ វាអំពាវនាវឱ្យមានការគិតអំពីថាតើយើងដោះស្រាយវិបត្តិរ៉ាំរ៉ៃទាំងនេះបែបណា។ ហើយពេលវេលានេះក៏អំពាវនាវឱ្យមនុស្សគ្រប់គ្នា មិនមែនតែក្រុមរដ្ឋជាសមាជិកប៉ុណ្ណោះទេ តែមនុស្សគ្រប់គ្នាដែលមានមធ្យាបាយឱ្យរួមចំណែកក្នុងការធ្វើសកម្មភាពនេះ»។
វិធីមួយដើម្បីជួយបញ្ចប់ការរងទុក្ខវេទនាគឺឱ្យមានការចូលរួមរបស់វិស័យឯកជន។ លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងទៀតថា «កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ សាជីវកម្មខាងភ័ស្តុភារធំៗបួនគឺ UPS, Agility, Maersk និង DP World បានរួមកម្លាំងគ្នាក្នុងចង្កោមភ័ស្តុភារដឹកនាំដោយកម្មវិធីស្បៀងអាហារពិភពលោក ហើយនៅកន្លែងនានាដូចជាប្រទេសហៃទីជាដើម ដែលនៅទីនោះអំពើហិង្សារបស់ក្រុមជនអន្ធពាលបង្អាក់ការផ្តល់ជំនួយមនុស្សធម៌ វិស័យឯកជនមានមុខនាទីសំខាន់មួយ»។
លោកស្រីបានពោលថា «ក្រុមហ៊ុនអាកាសចរណ៍ជំនួញបានផ្តល់កន្លែងក្នុងយន្តហោះធ្វើដំណើរតាមផ្លូវអាកាសរបស់ពួកគេដើម្បីដឹកជញ្ជូនជំនួយ។ ចំណែកឯក្រុមហ៊ុនខាងភ័ស្តុភារបានធ្វើឱ្យប្រាកដប្រជាអំពីចលនាដោយរលូននៃការផ្គត់ផ្គង់ជួយជីវិតមនុស្សទាំងនោះ។ លទ្ធផលគឺមានភាពដៃគូមួយដែលធ្វើឱ្យប្រាកដថា ការព្យាបាលជំងឺអាសន្នរោគបានទៅដល់ក្រុមមនុស្សដែលត្រូវការការព្យាបាល»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានមានប្រសាសន៍ថា «ជាយូរមកហើយ យើងបានងាកទៅរកផ្នែកឯកជនសម្រាប់ការផ្តល់ប្រាក់កាស។ វិស័យនេះបានបង្ហាញចិត្តសប្បុរសដ៏ធំធេង។ តែក្នុងឆ្នាំ២០២៣ យើងដឹងថា ពួកគេមានអ្វីៗច្រើនទៀត សម្រាប់ផ្តល់ជំនួយ។ សមត្ថភាព ចំណេះដឹងនិងនវានុវត្តិរបស់ពួកគេមានសេចក្តីត្រូវការខ្លាំងណាស់»។
លោកស្រីបាននិយាយថា «វិស័យសាធារណៈត្រូវចាត់វិធានការថែមទៀតដើម្បីធ្វើការប្រកបដោយថាមពលជាមួយវិស័យឯកជន ជាពិសេសនៅពេលយើងជំរុញគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ វិស័យសាធារណៈត្រូវយកភាពជំនាញនៃវិស័យឯកជនមកប្រើ និងកែប្រែវាឱ្យទៅជាសកម្មភាព។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងថា «ដល់ពេលសម្រាប់យើងស្វាគមន៍វិស័យឯកជនតាមទ្វារខាងមុខហើយ។ ក្រុមមនុស្សងាយរងគ្រោះបំផុតពឹងពាក់លើយើង»៕