Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ប្រកាស​អំពី​ជំនួយ​ខាង​ថាមពល​បន្ថែម​ដល់​អ៊ុយក្រែន


រូបឯកសារ៖ រោងចក្រ​ថាមពល​កម្ដៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បន្ទាប់​ពី​រង​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី។
រូបឯកសារ៖ រោងចក្រ​ថាមពល​កម្ដៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បន្ទាប់​ពី​រង​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី។

តទៅ​នេះ​ ជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្តល់​ជំនួយ​បន្ថែមមាន​ទឹក​ប្រាក់​១២៥​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​វិស័យ​ថាមពល​និង​ប្រព័ន្ធ​ចែកចាយអគ្គិសនីនៃ​ប្រទេស​អ៊ុយក្រែន​ ប្រឆាំង​នឹង​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​វិស័យ​ទឹកភ្លើងនិង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ឯ​ទៀតៗ។ តាំងពី​សង្គ្រាម​នេះ​ចាប់​ផ្តើម​មក សហរដ្ឋ​អាមេរិក​បាន​ផ្តល់ជំនួយ​២៧០​លាន​ដុល្លារ​ ​ដើម្បី​ជួយ​ជួសជុល ថែរក្សា​ និង​ពង្រឹងវិស័យ​អគ្គិសនីនៃ​ប្រទេស​អ៊ុយក្រែនក្នុង​ការ​ប្រឈម​នឹងការ​វាយ​ប្រហារ​ដែល​មាន​ធ្វើ​តទៅ​ទៀត។

តាំង​ពី​ការ​ចាប់ផ្តើមការលុកលុយ​ពេញទំហឹង​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​មក​ ហើយ​ជាពិសេស​តាំង​ពី​ខែតុលា​ឆ្នាំ២០២២​មក កងកម្លាំង​សហព័ន្ធ​រុស្ស៊ីបាន​ធ្វើ​ការ​វាយប្រហារ​ដោយមីស៊ីល​ធុន cruise មីស៊ីល​ផ្លោង និង​យាន​អាកាស​គ្មាន​មនុស្ស​បើកផ្តល់ឱ្យ​ដោយ​ប្រទេស​អ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​ហៅ​ការ​បាញ់​ផ្តក់​ទាំង​នេះ​ថា​ជា​«អំពើ​ព្រៃផ្សៃ‍»។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «រុស្ស៊ី​បាន​ប្រើ​យាន​អាកាស​គ្មាន​មនុស្ស​បើក UAVs របស់អ៊ីរ៉ង់ដើម្បី​វាយប្រហារហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយក្រែន​ ដោយ​ធ្វើ​ឱ្យ​ប្រជាជនស៊ីវិលអ៊ុយក្រែន​រាប់​លាន​នាក់​គ្មាន​ភ្លើង​អគ្គិសនី ​កម្តៅ និង​សេវា​ចាំបាច់​នៅ​ពាក់កណ្តាល​រដូវ​ត្រជាក់។ ​សព្វថ្ងៃ​នេះ​ ប្រជាជន​អ៊ុយក្រែន​រង​ទុក្ខវេទនា​ និង​កំពុង​ស្លាប់​ដោយសារ​ការ​គាំទ្រ​របស់​អ៊ីរ៉ង់​ដល់​រុស្ស៊ី‍»។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់ការ​អភិវឌ្ឍ​អន្តរជាតិ​ហៅកាត់​ថា USAID ​នឹង​ប្រើ​ប្រាក់​កាស​នេះសម្រាប់​ទិញគ្រឿង​ឧបករណ៍​ចាំបាច់មាន​រួមម៉ាស៊ីន​ភ្លើងចល័ត​ប្រើ​ឧស្ម័ន​ធម្មជាតិ autotransformers មាន​កម្លាំងខ្លាំង​ ប្រដាប់​សម្រាប់​ជួសជុល​ស្ថានីយ​ បែងចែក​ភ្លើង​និង​កម្លាំង​អគ្គិសនីបម្រុងសម្រាប់​សេវា​ផ្តល់​ទឹក​ និង​ធ្វើ​ឱ្យ​មាន​កម្តៅ​នៅ​រដូវ​ធ្លាក់ទឹកកក។

ទីភ្នាក់ងារ USAID បាន​ផ្តល់ម៉ាស៊ីនភ្លើង១.៥៤៨​គ្រឿង​ដល់​ទូទាំង​ប្រទេស​អ៊ុយក្រែន​ ដោយ​នឹង​មាន​បន្ថែម​ច្រើន​គ្រឿងថែមទៀត។ ម៉ាស៊ីន​ភ្លើង​ទាំង​នេះធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ មាន​ភ្លើង​អគ្គិសនី​និងកម្ដៅសម្រាប់​សាលារៀន​ មន្ទីរពេទ្យ​ មជ្ឈមណ្ឌល​ឱ្យ​ក្រុម​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​នៅ​ខាងក្នុង​ប្រទេស​ស្នាក់អាស្រ័យ ក្រុមហ៊ុនផ្តល់​កម្តៅ​និង​ប្រព័ន្ធ​ទឹក​ ​ប្រសិនបើនិងនៅពេល​ណា​ដែលបណ្តាញអគ្គិសនី​ត្រូវ​បាន​កាត់​ផ្តាច់ដោយ​ការ​វាយប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី។

សហរដ្ឋ​អាមេរិក​ក៏​បាន​បណ្ដាក់​ទុន​៥៥លានដុល្លារក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្តល់​កម្តៅ​ដើម្បី​ជួយប្រជាជន​អ៊ុយក្រែន​នៅ​ក្នុង​រដូវ​ធ្លាក់​ទឹកកក។ ជំនួយ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ជនជាតិ​អ៊ុយក្រែន៧លាននាក់ ​ដោយ​គាំទ្រ​ដល់​ការ​ជួសជុល​និង​ការ​ថែរក្សា​បំពង់​ទឹក​និង​គ្រឿង​ឧបករណ៍​ឯ​ទៀតៗ។

សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​គាំទ្រ​រដ្ឋាភិបាល​និង​ប្រជាជន​អ៊ុយក្រែន​ ក្នុង​ការ​ឆ្លើយ​តប​នឹង​សង្គ្រាម​យ៉ាង​ឃោរឃៅ​របស់​សហព័ន្ធ​រុស្ស៊ីប្រឆាំង​នឹង​ពួក​គេ។ ទឹកប្រាក់​១៣​ពាន់លាន​ដុល្លារនៃ​ការ​គាំទ្រដោយផ្ទាល់របស់​សហរដ្ឋ​អាមេរិក​ដល់​រដ្ឋាភិបាល​អ៊ុយក្រែនបាន​ជួយរក្សាសេវា​សំខាន់ៗ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ។ បន្ថែម​លើ​នេះ ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​១.៩០០​លានដុល្លារ​ដល់​មនុស្ស​ច្រើន​លាន​នាក់​ ទាំងនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ទាំងនៅ​ក្នុង​ប្រទេស​ជិត​ខាង​អ៊ុយក្រែន​ ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​រត់​គេច​ខ្លួនចេញ​ពី​ផ្ទះ​សម្បែង​និង​សហគមន៍របស់​ពួក​គេ​តាំង​ពីខែកុម្ភៈ​ ឆ្នាំ២០២២​មក។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជួយក្រុម​ជនដែល​រងគ្រោះទាំង​នៅ​ខាង​ក្នុង​ប្រទេស​អ៊ុយក្រែននិង​នៅ​ខាង​ក្រៅ​ព្រំដែនអ៊ុយក្រែន និង​ឧបត្ថម្ភ​ផ្ចុងផ្ដើមការ​ទទួលខុស​ត្រូវ​ខ្ពស់សម្រាប់​ពួក​ជន​ដែល​រំលោភ​លើច្បាប់​អន្តរជាតិនិង​ជួយ​សម្របសម្រួលសង្គ្រាមមិន​ត្រឹមត្រូវ​តាម​ច្បាប់​និង​អសីលធម៌​នេះ៕

XS
SM
MD
LG