តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ឯកអគ្គរដ្ឋទូតស.រ.អ.ប្រចាំអ.ស.ប.លោកស្រី Linda Thomas-Greenfield បានមានប្រសាសន៍ថា នៅពេលសព្វថ្ងៃនេះ ពិភពលោកកំពុងជួបប្រទះផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៃសង្គ្រាមឥតន័យរបស់លោក Putin នៅក្នុងប្រទេសអ៊ុយក្រែន។ លោកស្រីបាននិយាយថា សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនបានបង្កើនវិបត្តិស្បៀងសាកល។
តែការផ្តើមគំនិតអំពីគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលមានសារៈសំខាន់សម្រាប់ចិញ្ចឹមក្រុមជនស្រេកឃ្លានក្នុងពិភពលោក មិនមានល្បឿនតាមឱ្យទាន់សេចក្តីត្រូវការសាកលនូវគ្រាប់ធញ្ញជាតិត្រូវដឹកជញ្ជូនចេញពីសមុទ្រខ្មៅទេ។ លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានថ្លែងថា ដោយសារការធ្វើឱ្យយឺតយូរដោយចេតនាលើអធិការកិច្ចដោយរុស្ស៊ី នាវារាប់សិបគ្រឿងកំពុងរង់ចាំចាកចេញពីកំពង់ផែ។
លោកស្រី Thomas-Greenfield បានមានប្រសាសន៍ថា៖ «ការផ្តើមគំនិតនេះគួរមានដំណើរការតាមការគ្រោងទុក ដោយដឹកជញ្ជូនស្បៀង៥លានតោនក្នុងមួយខែ។ ក្រុមជនស្រេកឃ្លាននៅក្នុងពិភពលោកមិនស័ក្តិសមទទួលអ្វីតិចជាងនេះទេ...។ ខ្ញុំសុំឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប.រួមជាមួយយើងក្នុងការសុំឱ្យរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការជាបន្ទាន់»។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield ក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ដល់ករណីមានឯកសារគ្រប់គ្រាន់នៅក្នុងប្រទេសអ៊ុយក្រែនអំពីអំពើហិង្សាខាងផ្លូវភេទប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីប្រឆាំងនឹងក្រុមស្ត្រី បុរស និងកុមារ។
កាលពីប៉ុន្មានខែថ្មីៗនេះ សង្គ្រាមនេះត្រូវបានបង្កើនដោយអ៊ីរ៉ង់និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែលបានផ្ទេរសម្ភារៈត្រូវហាមប្រាមទៅឱ្យរុស្ស៊ី។ តាំងពីខែសីហាមក អ៊ីរ៉ង់បានផ្ទេរយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅឱ្យរុស្ស៊ី ហើយប្រហែលពិចារណាអំពីការផ្ទេរកាំជ្រួចផ្លោងទៅឱ្យរុស្ស៊ីផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត Thomas-Greenfield បានកត់សម្គាល់ថា៖ «យើងជឿថា នៅពេលនេះអ៊ីរ៉ង់កំពុងពិចារណាអំពីការលក់កាំជ្រួចផ្លោងរាប់រយគ្រាប់ឱ្យរុស្ស៊ី..ដោយរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។ យើងសុំឱ្យអ៊ីរ៉ង់កែប្រែវិធានការនេះ...ហើយយើងសុំដល់អ្នកគ្រប់គ្នាដែលគាំទ្រសន្តិភាពឱ្យសុំអ៊ីរ៉ង់ធ្វើតាមដែរ»។
កាលពីខែវិច្ឆិកា ២០២២ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) បានប្រគល់រ៉ុក្កែតសម្រាប់ពួកទាហានថ្មើរជើងនិងមីស៊ីលទៅក្នុងប្រទេសរុស្ស៊ីសម្រាប់ការប្រើប្រាស់ដោយក្រុមទាហាន Wagner ដែលគាំទ្រដោយសហព័ន្ធរុស្ស៊ីដោយរំលោភលើសេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ ស.រ.អ.ថ្កោលទោសសកម្មភាពទាំងនេះរបស់សាធារណរដ្ឋ DPRK និងប្រទេសរុស្ស៊ីហើយសុំឱ្យសាធារណរដ្ឋ DPRK បញ្ឈប់ការប្រគល់យុទ្ធោបរណ៍ទាំងនេះ ដែលជាការរំលោភជាក់ស្តែងលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយបង្កើនថែមទៀតអំពើឈ្លានពាននិងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
ប្រជារាស្ត្រអ៊ុយក្រែននិងប្រជារាស្ត្រទូទាំងពិភពលោកបានរងទុក្ខវេទនាខ្លាំង។ ប្រជារាស្ត្រអ៊ុយក្រែនចង់វិលត្រឡប់ទៅកាន់ជីវភាពធម្មតាវិញ។ ប្រជារាស្ត្រនៅគ្រប់ទីកន្លែងចង់ដោះស្រាយបញ្ហាសន្តិសុខស្បៀងនិងឧបសគ្គសាកលឯទៀតៗ មិនមែនចង់ឱ្យបញ្ហាទាំងនេះអាក្រក់ជាងមុនទេ។ នៅពេលនេះ វាជាពេលវេលាដែលប្រទេសទាំងអស់ឈរជាមួយគ្នា ហើយទាមទារឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមគ្មានន័យនេះ៕