Accessibility links

Breaking News

បទវិចារណកថា៖ ដំណឹង​ល្អ​និង​អាក្រក់​ពី​ប្រទេស​ហៃទី


រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ម្នាក់​កាន់​កាំភ្លើង​ប្រឈមមុខ​នឹង​បាតុករ​ម្នាក់ អំឡុងពេល​បាតុកម្ម​មួយ​នៅ​ប្រទេស​ហៃទី។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ម្នាក់​កាន់​កាំភ្លើង​ប្រឈមមុខ​នឹង​បាតុករ​ម្នាក់ អំឡុងពេល​បាតុកម្ម​មួយ​នៅ​ប្រទេស​ហៃទី។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បើ​តាម​អ.ស.ប.​ឱ្យ​ដឹងថា ​ការ​ជឿន​លឿន​ខាង​នយោបាយ​នៅក្នុង​ប្រទេស​ហៃទី​ត្រូវ​រអាក់​រអួល​ដោយសារ​តែ​សន្តិសុខ​អន់ថយ ​និង​វិបត្តិ​មនុស្សធម៌។

កាលពី​ថ្ងែទី​២១ ខែធ្នូ ​នាយក​រដ្ឋមន្ត្រីហៃទី​លោក អាន់រៀល ហេនរី​ (Ariel Henry) និង​ពួក​អ្នក​តំណាងផ្នែកជា​ច្រើន​នៃ​សង្គម​ហៃទី​បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​នយោបាយ​ថ្មីមួយ​គឺ​កិច្ច​ព្រមព្រៀង«ការ​មូលមតិ​ជាតិសម្រាប់​អន្តរកាល​រួម​បញ្ចូល​គ្នា និង​ការ​បោះឆ្នោតដោយ​តម្លាភាព» ដែលត្រូវ​ធ្វើ​ផែនការ​សម្រាប់​ការ​បោះឆ្នោត ​និង​ការបង្កើត​«រដ្ឋាភិបាល​ក្រោយ​កំណែ​ទម្រង់​ទី​មួយ»នៃ​ប្រទេស​ហៃទី។​

លោក Robert Wood អ្នក​តំណាង​បម្រុង​របស់​ស.រ.អ.​ខាងកិច្ចការ​នយោបាយ​ពិសេស​បាន​និយាយ​ថា៖ «យើងបានទទួលការ​លើក​ទឹកចិត្ត​ថា​ វិសាលគម​នៃ​ពួក​អ្នក​នយោបាយ​ វិស័យឯកជន ​ក្រុម​សង្គម​ស៊ីវិល ក្រុម​សាសនា សមាគម​ពាណិជ្ជកម្ម​ និងក្រុម​ឯទៀតៗ​អាច​រួបរួមគ្នាយល់ព្រម​ដល់វិធានការ​ចាំបាច់សម្រាប់​ប្រទេស​ហៃទីឱ្យ​ធ្វើ​ចលនា​ទៅ​កាន់​ការ​បោះឆ្នោតដោយ​សេរី​ ​និងប្រកប​ដោយយុត្តិធម៌»។

លោក​ Wood បាននិយាយ​ថា៖ «ការ​អនុម័ត​កិច្ច​ព្រមព្រៀង​នេះកាលពីថ្ងៃទី២១ ខែធ្នូ​ជា​ឱកាស​មួយសម្រាប់ឱ្យ​ប្រជារាស្ត្រ​ហៃទីវិល​ទៅ​រកការ​ស្តា​ប្រទេស​របស់​ពួកគេ​ឲ្យ​មាន​ស្ថិរភាព​ឡើង​វិញ​ និង​កែលម្អ​អភិបាលកិច្ច។ ជា​ការមាន​សារៈសំខាន់​ដែលកិច្ច​ព្រម​ព្រៀង​នយោបាយនេះ និង​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​នៅ​តែ​ត្រូវដាក់​បញ្ចូល​តទៅទៀត​ ហើយ​យើង​ឱ្យតម្លៃទៅលើ​មុខនាទីរបស់សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន​ដែល​បាន​បំពេញក្នុង​ការ​ជួយ​នាំយក​ភាគី​ខ្វែង​គំនិត​គ្នា​នានា​ឱ្យមក​ជួប​ជុំគ្នា»។

តែយ៉ាងណា​ក៏​ដោយ ​ដើម្បីធ្វើឱ្យ​មានការ​ជឿនលឿន​ ប្រទេស​ហៃទី​ត្រូវ​ដោះស្រាយបញ្ហាធ្ងន់ធ្ងរមួយ​ចំនួន​ ជា​ពិសេសគឺ​វិបត្តិ​មនុស្សធម៌របស់​ប្រទេស​និងការ​រាតត្បាត​នៃ​ជំងឺ​អាសន្នរោគ​ ព្រមទាំងកម្រិត​អំពើ​ហិង្សានៃ​ក្រុមជន​អន្ធពាល​ដ៏គួរ​ឱ្យ​ភ័យ​ខ្លាច។

លោក Wood បាន​ថ្លែងទៀត​ថា៖ «អំពើ​ហិង្សាទាក់ទិននឹង​បក្ខ​ពួក​ក្រុម​ជនអន្ធពាលបាន​កើន​ឡើង​ដល់កម្រិត​មួយ​មិនធ្លាប់​មានពី​ពេល​មុនៗ ដែល​ថែម​ទាំង​បានបង្កើន​វិបត្តិ​មនុស្សធម៌​ឲ្យ​បន្ត​កើត​ឡើង​និង​រារាំង​លទ្ធភាពនៃ​ការ​ដោះស្រាយការ​រាតត្បាតជំងឺ​អាសន្នរោគ​ ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​កុមារនិងយុវជន​ផ្សេងៗ​ពីគ្នា​»។

រដ្ឋាភិបាលស.រ.អ.​បាន​ផ្តល់​ជំនួយ​រាប់រយ​លានដុល្លារ​ដើម្បីគាំទ្រការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាលហៃទី​និង​អង្គការ​ក្រៅ​រដ្ឋាភិបាលដើម្បីពុះពារ​ឧបសគ្គ​ទាំង​នេះ។ ដើម្បីជួយ​ដោះស្រាយ​កំណើន​កម្រិត​អំពើ​ហិង្សា​ដោយ​បក្ខពួក​ក្រុម​ជន​អន្ធពាល​ ក្រសួងការ​បរទេស​ស.រ.អ.​បាន​បង្កើន​ជំនួយរបស់ខ្លួន​ដល់ទៅ​ចំនួន​បីដង​ដល់​ប៉ូលិស​ជាតិ​ហៃទីគឺមាន​ទឹក​ប្រាក់​សរុប​ចំនួន​៩០លាន​ដុល្លារ ចាប់តាំង​ពី​ឆ្នាំ២០២១​មក។ បន្ថែមលើ​នេះ ទីភ្នាក់ងារ​ស.រ.អ.​ខាង​ការ​អភិវឌ្ឍន៍​អន្តរជាតិ USAID បាន​ផ្តល់​ប្រាក់​៥៦លាន​ ៥សែន​ ដុល្លារ​ទៀតសម្រាប់​ជំនួយ​មនុស្សធម៌។

ជំនួយ​បរទេស​របស់​ស.រ.អ.​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​រឿង​ទាំង​នេះ​តែ​ប៉ុណ្ណោះ។ ការ​ដាក់​ទណ្ឌកម្មក៏មានមុខ​នាទីគាំទ្រ​សំខាន់​មួយ​ដែរ។ លោក​ឯកអគ្គរដ្ឋទូត Wood ​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ដោយសារ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បង្កើត​ប្រព័ន្ធ​ដាក់​ទណ្ឌកម្មរបប​នេះ ហើយ​បាន​ធ្វើឱ្យ​ពួក​ជនដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​និង​ក្រុមជន​ដែលផ្តល់​ប្រាក់​កាស​សម្រាប់​បញ្ឆេះ​អំពើ​ហិង្សា​នាំ​ឱ្យ​ហៃទី​មាន​អស្ថិរភាព ​មានការ​ញញើត​ដែរ»។

ប្រទេស​ហៃទី​ជា​ដៃគូអាទិភាព​មួយ​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រស.រ.អ។ ដើម្បី​បញ្ចៀស​ជម្លោះនិង​ផ្ចុងផ្តើមឱ្យមាន​ស្ថិរភាព លោក Wood បានពោល​ថា៖«ស.រ.អ.បន្ត​ធ្វើការ​ដើម្បីដោះស្រាយវិបត្តិមនុស្ស​ធម៌​នៅ​ហៃទី​ក៏​ដូច​ជា​បញ្ហា​អសន្តិសុខ ​និងគាំទ្រ​កិច្ច​ប្រឹង​ប្រែង​ដឹកនាំ​ដោយ​ហៃទី​ក្នុងការសម្រួល​ស្ថានភាព​នយោបាយ​ដែល​អាច​ធ្វើឲ្យ​ការ​បោះឆ្នោតប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌»៕

XS
SM
MD
LG