Accessibility links

Breaking News

បទវិចារណកថា៖ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​កម្លាំង​ពលកម្ម​បោកប្រាស់​តាម​អ៊ីនធឺណិត


រូបឯកសារ៖ បរិវេណ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា ពួកគេ​បាន​រកឃើញ​ភស្តុតាង​នៃ​ការជួញដូរ​មនុស្ស​ក្នុង​អំឡុងពេល​វាយឆ្មក់​មួយ​នៅ​ប្រទេស​កម្ពុជា។
រូបឯកសារ៖ បរិវេណ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា ពួកគេ​បាន​រកឃើញ​ភស្តុតាង​នៃ​ការជួញដូរ​មនុស្ស​ក្នុង​អំឡុងពេល​វាយឆ្មក់​មួយ​នៅ​ប្រទេស​កម្ពុជា។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ទំនោរ​កើន​ឡើង​ដ៏​គួរ​ឱ្យ​បារម្ភ ដែល​បង្ហាញ​ឡើង​នៅ​ក្នុង​របាយការណ៍​ថ្មី​ចុងក្រោយ​បង្អស់​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​ការ​ជួញដូរ​មនុស្ស (U.S. Trafficking in Persons Report) គឺ​ពលកម្ម​ដោយ​បង្ខំ​ដែល​ផ្ដួចផ្ដើម​និង​អនុវត្ត​នៅ​ក្នុង​ប្រតិបត្តិការ​បន្លំ​បោក​ប្រាស់​តាម​អ៊ីនធឺណិត (cyber-scam)។

អ្នកស្រី Cindy Dyer ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តាមដាន ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្សបាន​កត់​សម្គាល់​ថា៖ «ជន​ជួញដូរ​មនុស្ស​បាន​ទាញ​ប្រយោជន៍​ពី​បញ្ហា​សេដ្ឋកិច្ច​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ភាព​អត់​ការងារ​ធ្វើ​កើនឡើង​របស់​យុវជន​នៅ​លើ​សាកលលោក និង​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ដើម្បី​កេង​ប្រវ័ញ្ច​លើ​មនុស្ស​ពេញ​វ័យ​ និង​កុមារ​រាប់​ពាន់​នាក់​នៅ​ក្នុង​ឧស្សាហកម្ម [ជួញដូរ​មនុស្ស​ដែល​ផ្ដល់​ផល​ចំណេញ] រាប់​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នេះ»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​ថ្លែង​ដូច្នេះ​ថា៖ «មនុស្ស​ជា​ច្រើន​បាន​ដាក់​ពាក្យ​ធ្វើការ​តាម​ការ​ប្រកាស​ការងារ​សម្រាប់​ការងារ​ដែល​ពួកគេ​គិត​ថា ​ស្ថិត​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (IT) កាស៊ីណូ ឬ​ក៏​អាជីវកម្ម​ត្រឹមត្រូវ​តាម​ច្បាប់​ស្រដៀង​នេះ​ផ្សេង​ទៀត។ ជា​រឿយៗ អ្នក​ទាំង​នេះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូលរួម​នៅ​ក្នុង​ការ​បន្លំ​បោក​ប្រាស់​តាម​អ៊ីនធឺណិត​នៅ​ក្រោម​ការ​រៀបចំ​កូតា​មិន​អាច​ទៅ​រួច​មួយ ដែល​ធ្វើ​ឱ្យ​ពួកគេ​ជាប់​បំណុល​របស់​ជន​ជួញដូរ​មនុស្ស​កាន់តែ​ច្រើន​ឡើង។ ជន​ជួញដូរ​មនុស្ស​បាន​ប្រើ​បំណុល​នេះ​ដើម្បី​កេង​ប្រវ័ញ្ច​លើ​ជន​រងគ្រោះ​នៅ​ក្នុង​ពលកម្ម​ដោយ​បង្ខំ​និង​ការ​ជួញដូរ​ផ្លូវ​ភេទ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផង​ដែរ ដោយ​ជា​ចម្បង​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​បាន​បោក​បញ្ឆោត​មនុស្ស​មក​ពី​ប្រទេស​ និង​ដែនដី​យ៉ាង​តិច​ចំនួន ៣៥»។

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រតិបត្តិការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា ឡាវ ម៉ាឡេស៊ី និង​ហ្វីលីពីន។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាំងចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​លើកឡើង​ដូច្នេះ​ថា៖ «ដំបូង យើង​លើក​ទឹកចិត្ត​រដ្ឋាភិបាល​និង​អាជ្ញាធរ​នានា​ឱ្យ​ផ្ដល់​អាទិភាព​សកម្ម​ជា​មុន​លើ​ការ​កំណត់​រក​ និង​ជួយ​ជន​រងគ្រោះ។ ...យើង​ក៏​តាំងចិត្ត​ផ្ដល់​ជំនួយ​បរទេស​ផង​ដែរ​ដើម្បី​កសាង​សមត្ថភាព​នៅ​ក្នុង​តំបន់​ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ដែល​កំពុង​កើនឡើង​នេះ។ ...ចំណុច​មួយ​ទៀត​ដែល​យើង​កំពុង​ធ្វើ​ គឺ​ការ​ផ្ដល់​សញ្ញា​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​រឿង​នេះ ដោយ​ជា​រឿយៗ អ្នក​ដែល​រួច​ផុត​ពី​ការ​ជួញដូរ​មនុស្ស​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ផ្នែក​រដ្ឋបាល ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ ឬ​ក៏​ការ​រំលោភ​បំពាន​ផ្នែក​អន្តោប្រវេសន៍​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​គេ​ដោះលែង។ ហេតុ​ដូច្នេះ​ហើយ យើង​ចង់​លើក​ទឹកចិត្ត​រដ្ឋាភិបាល​នានា​មិន​ឱ្យ​ដាក់​ពិន័យ​លើ​បុគ្គល​ទាំង​នេះ​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត»។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​សរសើរ​រដ្ឋាភិបាល​មួយ​ចំនួន​ថា «ពិតជា​ធ្វើ​បាន​ល្អ» នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ រដ្ឋាភិបាល​តៃវ៉ាន់​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​រក​ជន​រងគ្រោះ ​និង​ផ្ដល់​នូវ​ការ​ការពារ​ក្នុង​ករណី​ដែល​មាន​ការ​បង្ខំ​ឱ្យ​ជាប់​ទោស​ព្រហ្មទណ្ឌ។ រដ្ឋាភិបាល​ឡាវ​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​នឹង​អាជ្ញាធរ​អន្តរជាតិ​នានា​នៅ​ក្នុង​ការ​ស្វែងរក​ជន​រងគ្រោះ​ឡាវ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រីកោណ​មាស (Golden Triangle Special Economic Zone)។ រដ្ឋាភិបាល​ហុងកុង​បាន​បង្កើត​កម្មវិធី​តាម​អ៊ីនធឺណិត​សម្រាប់​ជន​រងគ្រោះ​ និង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​នៅ​ក្នុង​ការ​រាយការណ៍​អំពី​ករណី​ប្រតិបត្តិការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត។

បន្ថែម​ពី​លើ​នេះ​ទៀត នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​កត់​សម្គាល់​ថា ចំនួន​ជន​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស​ដែល​គេ​បាន​កំណត់​រក​ឃើញ​បាន​កើនឡើង ហើយ​ចំនួន​ជន​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​កាត់ទោស​និង​ផ្ដន្ទាទោស​ ក៏​បាន​កើនឡើង​ផង​ដែរ។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Dyer បាន​ប្រកាស​ដូច្នេះ​ថា៖ «ការ​កើនឡើង​ទាំង​នេះ ​គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ យើង​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​ក្នុង​តំបន់​នេះ»៕

XS
SM
MD
LG