Accessibility links

Breaking News

បទវិចារណកថា៖ ទស្សនៈ​រដ្ឋបាល​លោក Biden អំពី​ប្រទេស​វ៉េណេស៊ុយអេឡា


លោក​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro ថ្លែង​ទៅកាន់​ប្រជាជាតិ​នៅ​ចំពោះ​មុខ​អ្នកតាក់តែងច្បាប់​នៅក្នុង​រដ្ឋសភា ក្នុង​ទីក្រុង​ការ៉ាកាស់ កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
លោក​ប្រធានាធិបតី​វេណេស៊ុយអេឡា Nicolas Maduro ថ្លែង​ទៅកាន់​ប្រជាជាតិ​នៅ​ចំពោះ​មុខ​អ្នកតាក់តែងច្បាប់​នៅក្នុង​រដ្ឋសភា ក្នុង​ទីក្រុង​ការ៉ាកាស់ កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

បញ្ហាពិបាក​មួយ​ក្នុង​បណ្តា​បញ្ហា​ពិបាកៗ ប្រឈមនឹង​រដ្ឋបាល​លោក Biden គឺថា តើ​ត្រូវ​ដោះស្រាយ​បែបណា​ជាមួយ​រដ្ឋាភិបាល​របស់​លោក Maduro ដែល​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា និង​វិបត្តិ​មនុស្សធម៌​បណ្តាល​មកពី​ការបង្ក្រាប និង​អំពើ​ពុករលួយ​របស់​លោក Nicolas Maduro និង​ពួកមិត្តភ័ក្តិ​របស់​លោក។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេសស.រ.អ. ​លោក ​Ned Price ​បាន​និយាយ​ថា៖​«គោលដៅ​សំខាន់​លើស​លប់​នៃ​រដ្ឋបាល​លោក ​Biden ​និង​លោក​ស្រី ​Harris ​គឺ​គាំទ្រ​ប្រជាធិបតេយ្យ​អន្តរកាល​នៅក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ដោយ​សន្តិវិធី​តាម​រយៈ​ការ​បោះឆ្នោត​ប្រធានាធិបតី ​និង​ការ​បោះឆ្នោត​សភាដោយ​សេរី​និង​យុត្តិធម៌​ និង​ជួយ​ប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា​កសាង​ជីវភាព​ និង​ប្រទេស​ពួក​គេជា​ថ្មី»។​

លោក​ Price ​បាន​និយាយ​ទៀត​ថា៖​

«ប្រជាពលរដ្ឋ​ប្រទេស​វ៉េណេស៊ុយអេឡា​មាន​សិទ្ធិក្នុងការ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​រដ្ឋាភិបាល​មួយ​ដែល​ឧបត្ថម្ភផ្ចុងផ្តើមនិង​ការពារ​លទ្ធិ​នេះ ​គឺ​ដូច​មនុស្ស​គ្រប់​គ្នា​ក្នុង​អឌ្ឍគោល​នេះ​ដែរ។​ លោក​អ្នក​បាន​ឮ​លោក​ប្រធានាធិបតី​ Biden ​មាន​ប្រសាសន៍​ដូច្នេះ​ ទោះជា​នៅ​មុន​លោក​ក្លាយ​ជា​ប្រធានាធិបតី។ ​លោក​យល់​អំពី​ការ​ឈឺចាប់​ដែល​ប្រទេស​វ៉េណេស៊ុយអេឡា​ បាន​បណ្តាល​ឱ្យ​វិបត្តិ​បច្ចុប្បន្ន​លើ​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​ និង​គ្រួសារ​ពួក​គេ។ ​លោក ​Maduro ​ជា​អ្នក​កាន់​អំណាច​ផ្តាច់ការ។ ​ការ​បង្ក្រាប ​អំពើ​ពុក​រលួយ​ និង​ការ​ចាត់ចែង​កិច្ចការ​មិនល្អ​របស់​លោក ​បាន​បង្កើត​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុត​មួយ​នៅ​ក្នុង​អឌ្ឍគោល​នេះ»។​

អ្នក​នាំពាក្យ​រូបនេះ​បាន​កត់​សម្គាល់​ថា​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​វ៉េណេស៊ុយអេឡា​ រដ្ឋបាល​លោក ​Biden​ មាន​គោល​ការណ៍​ជា​មូលដ្ឋាន​បួនដូចតទៅ៖​ «ទីមួយ ចាត់ទុក​ប្រទេស​វ៉េណេស៊ុយអេឡា​ ជា​ប្រទេសត្រូវ​ការពារ។ ​ទីពីរ សហការជាមួយ​ដៃគូ​អន្តរជាតិ​ដោះស្រាយ​កង្វល់​ខាង​មនុស្ស​ធម៌​សម្រាប់​ប្រជារាស្ត្រ​វ៉េណេស៊ុយអេឡា។​ ទីបី​ កំណត់​មុខសញ្ញា​ពួក​មន្ត្រី​នៃ​របប​គ្រប់គ្រង​នេះ​ និង​ពួក​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​របស់​ពួក​គេ​ដែល​មាន​ទាក់ទិន​នឹង​អំពើ​ពុករលួយ​ និង​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស។ ហើយទីបួន ជួយ​ស្តារ​អនាគត​ប្រទេស​នេះ​ឲ្យ​មាន​ស្ថិរភាព​ និងប្រជា​ធិបតេយ្យ​សម្រាប់​ប្រជាពលរដ្ឋ របប​ដឹកនាំ​ប្រទេស​វ៉េណេស៊ុយអេឡា​តាម​រយៈ​ការបោះឆ្នោត​ដោយ​សេរី​ និង​មាន​យុត្តិធម៌​និង​ធ្វើឱ្យ​សេដ្ឋកិច្ច​រើប​ឡើង​វិញ​រយៈពេល​យូរ»។​

លោក ​Price ​បាន​ពោល​ថា៖​ «លោក​ Nicolas Maduro ​ជា​អ្នក​កាន់​អំណាច​ផ្តាច់ការ ​ដោយ​គ្មាន​សង្ស័យ​នោះ​ទេ»។ ​

លោក​បាន​និយាយ​បន្ថែម​ថា ​លោក​មិន​រំពឹង​ថា​ ​រដ្ឋបាល​នេះ​ នឹង​ទាក់ទង​ដោយ​ផ្ទាល់​ជា​មួយលោក​ Maduro ​ទេ។ ​លោក​បាន​និយាយ​ថា​ ​ជាជំនួស​វិញ​ស.រ.អ.​ នឹង​ធ្វើការ​តាម​រយៈពួក​សម្ព័ន្ធមិត្ត​ និងពួក​ដៃគូ។ ​លោក ​Price ​បាន​និយាយ​ទៀត​ថា៖​

«យើង​នឹង​ធ្វើការ​នេះ​ជា​មួយ​ដៃគូ​យើង​ក្នុង​តំបន់។​ យើង​នឹង​ធ្វើការ​នេះ​ជា​មួយ​ពួក​ដៃគូ​ និង​ពួក​សម្ព័ន្ធ​មិត្ត​របស់​យើង​ក្នុង​ទ្វីបអឺរ៉ុប។​ យើង​នឹង​ធ្វើការ​នេះ​ជា​មួយ​អង្គការ​ OAS។ យើង​នឹង​ធ្វើការ​នេះ​ តាម​រយៈ​ក្រុម​ Lima ​តាម​រយៈការ​ប្រជុំ​មួយ​ចំនួនដែល​មាន​គោលដៅ​ដូច​គ្នា​ក្នុង​ការ​ធ្វើឱ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​និង​ការ​បញ្ចប់​ការ​កាន់​អំណាច​ផ្តាច់ការពុក​រលួយ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា»។​

អ្នកនាំ​ពាក្យរូប​នេះ​បាន​និយាយ​ថា៖ ​«ស.រ.អ.​ បន្ត​ទទួល​ស្គាល់​ថា​ រដ្ឋ​សភា​ឆ្នាំ​២០១៥​ជា​ស្ថាប័ន​ប្រជា​ធិបតេយ្យ​នៅ​សេសសល់​ចុង​ក្រោយ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ​ហើយ​មាន​គោល​ជំហរ​គ្មាន​ងាករេ​ទេ​ចំពោះ​បញ្ហា​ គឺ​បុគ្គល​ត្រូវ​បាន​ជ្រើសរើស​ដោយ​រដ្ឋសភា​ជា​ប្រធាន​សភា​ និង​ជា​ប្រធានាធិបតី​ស្តីទី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​ គឺ​លោក​ Juan Guaido»៕

XS
SM
MD
LG