Accessibility links

Breaking News

បទវិចារណកថា៖ សំឡេង​របស់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​ត្រូវបាន​ឮ


គម្រោង Consulta Popular ឬ​ប្រែ​ថា សំឡេង​បោះឆ្នោត​របស់​ប្រជាជន។
គម្រោង Consulta Popular ឬ​ប្រែ​ថា សំឡេង​បោះឆ្នោត​របស់​ប្រជាជន។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា ​ទាំង​នៅ​ក្នុង​ប្រទេស​និង​នៅ​បរទេស ​នៅ​ពេល​ថ្មីៗ​នេះ ​មាន​ឱកាស​ដើម្បី​បញ្ចេញ​មតិ​របស់ពួក​គេ​ចំពោះ​របប​ខុស​ច្បាប់​របស់​លោក Nicolas Maduro តាម​រយៈ​គម្រោង Consulta Popular ឬ​ប្រែ​ថា សំឡេង​បោះឆ្នោត​របស់​ប្រជាជន។ ពី​ថ្ងៃ​ទី​៧ ដល់​ទី​១២ ខែ​ធ្នូ ពលរដ្ឋ​វ៉េណេស៊ុយអេឡា ​រាប់​លាន​នាក់បាន​ចូលរួម​បោះឆ្នោត​តាម​ប្រព័ន្ធ​ឌីជីថល​ ឬ​ទៅបោះ​ផ្ទាល់​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នានា​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ នៅក្នុង​បណ្តា​ប្រទេស​អាមេរិក​ឡាទីន​ផ្សេង​ទៀត ​នៅ​សហរដ្ឋ​អាមេរិក ​និង​ទ្វីប​អឺរ៉ុប។ ការ​បោះឆ្នោតប្រជា​មតិ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ក្រុម​អ្នក​ប្រឆាំង​របស់​វ៉េណេស៊ុយអេឡា ​ដោយ​ប្រព្រឹត្ត​ធ្វើ​ក្រោម​សមត្ថកិច្ច​នៃ​សភា​ជាតិ​ស្រប​ច្បាប់​ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​វ៉េណេស៊ុយអេឡា។

គម្រោង Consulta Popular បាន​ផ្តល់​វេទិកា​មួយដល់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា ​ដោយ​រួម​ទាំង​អ្នក​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​រត់​ភៀស​ខ្លួន​ទៅ​បរទេស ​ដោយ​សារ​ការ​គំរាម​កំហែង​ពី​ការ​ធ្វើ​ទុក្ឋ​បុក​ម្នេញ​ ការ​ធ្វើ​ទារុណកម្ម ​ការ​សម្លាប់ ដើម្បី​ទាមទារ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និង​ការ​បោះឆ្នោត​សភា​ដោយ​សេរី​និង​យុត្តិធម៌។​

លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​អបអរ​សាទរប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​ចំពោះ​ជោគជ័យ​នៃ​គម្រោង Consulta Popular ដោយ​លោក​រដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា ប្រជាជន​វ៉េណេស៊ុយអេឡា​បាន​បដិសេធ​យ៉ាង​ច្បាស់​ចំពោះ​«ការ​បន្លំ​ការ​បោះឆ្នោត» ដែល​ធ្វើ​ឡើង​ដោយ​របប​ខុស​ច្បាប់​របស់​លោក Nicolas Maduro នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​៦ ខែធ្នូ។

លោក​រដ្ឋមន្ត្រី Pompeo បាន​ប្រកាសថា ​លទ្ធផល​នៃ​គម្រោង​បោះឆ្នោត Consulta «ជាអំណាច​យ៉ាង​ជាក់​ច្បាស់​ដើម្បី​ឱ្យ​រដ្ឋាភិបាល​អន្តរកាល ​ត្រូវ​តែ​បន្ត​តស៊ូ​ដើម្បី​ទាមទារឲ្យមាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា»។ លោក​ Pompeo បន្ថែម​ថា៖ «ពលរដ្ឋ​វ៉េណេស៊ុយអេឡា​ សក្តិសម​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​គ្រប់​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ទាំង​អស់ ​នៅ​ក្នុង​ការ​តស៊ូ​របស់​ខ្លួន​នេះ»។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Pompeo បាន​ពិពណ៌នា​គម្រោង Consulta ថា​ ជា​«គម្រោង​ប្រជាធិបតេយ្យ​ដ៏​ក្លាហាន​មួយ» និង​ជា​សមិទ្ធិផល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក «ថ្វី​បើ​មាន​ការ​លំបាក​យ៉ាង​ច្រើន​នៅ​វ៉េណេស៊ុយអេឡា ដូច​ជា​កង្វះ​ប្រេង​ឥន្ធនៈ ការ​ដាច់​ចរន្ត​អគ្គិសនី និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋ​អំណាច​របប​នេះ ​ដូច​ជា​តាម​រយៈ​ការ​រាំង​ខ្ទប់​ ឬ​បិទ​ចោល​គេហទំព័រ​នានា ការ​គំរាម​កំហែង​ដោយ​ហិង្សា ការ​គាបសង្កត់ ​និង​ការ​ធ្វើ​ទុក្ឋ​បុកម្នេញក៏ដោយ»។

ជោគជ័យ​នៃ​គម្រោង Consulta បង្ហាញ​ពីអំណាច​របស់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា​រាប់​លាន​នាក់ ក្នុង​ការ​រៀបចំ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​ការ​ផ្លាស់​ប្តូរ និង​បាន​ជំរុញ​ថាមពល​បន្ថែម​ដល់ចលនា​តស៊ូ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​ និង​ការ​បោះឆ្នោត​សភា​ដោយ​សេរី​ និង​យុត្តិធម៌​ឡើង​វិញ​នៅ​វ៉េណេស៊ុយអេឡា។

លោក​រដ្ឋមន្ត្រី Pompeo បាន​ប្រកាស​ថា៖ «សភា​ជាតិ​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ ក៏​ដូច​ជា​សំឡេង​របស់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា ​ជា​ឧបសគ្គ​តែ​មួយ​គត់​ដែល​រារាំង​មិន​ឱ្យ​មាន​របប​ផ្តាច់ការ​នៅ​វ៉េណេស៊ុយអេឡា»។ លោក​បានបន្ថែម​ថា៖ «សហគមន៍​អន្តរជាតិ​អាច​ជួយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​វ៉េណេស៊ុយអេឡា​បាន​ល្អ​បំផុត​ ដោយ​រួបរួម​គ្នា​នៅ​ពី​ក្រោយ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា ​ខណៈ​ដែល​ពួក​គេ​បញ្ចេញ​សំឡេង​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បញ្ចប់​របប​ផ្តាច់ការ​ដ៏​ឃោរឃៅរបស់លោក Maduro និង​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​វិលត្រឡប់​មក​វិញ»៕

XS
SM
MD
LG