តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកឈរជាមួយប្រជាជនវ៉េណេស៊ុយអេឡា និងលោក Juan Guaido ដែលជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសនេះ។ នេះជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលនាំឱ្យយើងប្រឆាំងនឹងលោក Nicolas Maduro រដ្ឋាភិបាលមិនត្រឹមត្រូវតាមច្បាប់របស់លោក និងពួកជនដែលជួយលោក និងរដ្ឋាភិបាលលោកឱ្យបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសវ៉េណេស៊ុយអេឡា។
ក្រុមហ៊ុនមួយដែលជួយឱ្យលោក Maduro និងរដ្ឋាភិបាលរបស់លោកធ្វើដូច្នេះបាន គឺក្រុមហ៊ុន CEIEC របស់សាធារណរដ្ឋប្រជាមានិតចិន ដែលគេស្គាល់ពីមុនថា ជាសាជីវកម្មជាតិចិនខាងនាំចូល និងនាំចេញនូវផលិតផលអេឡិកត្រូនិក។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុន CEIEC បានផ្តល់មិនត្រឹមត្រូវតាមច្បាប់ឱ្យរបបគ្រប់គ្រងរបស់លោក Maduro នូវឧបករណ៍ដែលរបបនេះត្រូវការ ដើម្បីធ្វើការត្រួតពិនិត្យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ ឧបករណ៍ទាំងនោះមានរួមបញ្ចូលទាំង software ការបណ្ដុះបណ្ដាល និងជំនាញបច្ចេកទេស ព្រមទាំងអ្នកជំនាញដើម្បីធ្វើឲ្យក្រុមហ៊ុនទូរសព្ទជាតិវ៉េណេស៊ុយអេឡា ដែលជាក្រុមហ៊ុនទូរគមនាគមន៍របស់រដ្ឋ ដំណើរការផងដែរ។
សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានឲ្យដឹងថា របបគ្រប់គ្រងរបស់លោក Maduro បានបង្ហាញជាច្រើនដងនូវចំណង់របស់ខ្លួនក្នុងការបង្ក្រាបសិទ្ធិប្រជាធិបតេយ្យរបស់ពលរដ្ឋខ្លួន បំភិតបំភ័យពួកគេមិនឱ្យសម្តែងមតិនយោបាយ ឬបង្ក្រាបសំឡេងពួកគេដោយមធ្យោបាយបច្ចេកទេសគាំទ្រដោយក្រុមហ៊ុន CEIEC។ លើសពីនេះទៀត ក្រុមហ៊ុនទូរសព្ទជាតិវ៉េណេស៊ុយអេឡា ដែលគ្រប់គ្រង៧០ភាគរយនៃសេវាអ៊ីនធឺណិតរបស់ប្រទេស ជាញឹកញយ បានរាំងខ្ទប់កាសែតឯករាជ្យ និងសុន្ទរកថាផ្សាយផ្ទាល់ដោយពួកសមាជិកនៃរដ្ឋាភិបាលបណ្តោះអាសន្នផងដែរ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ការិយាល័យគ្រប់គ្រងធនធានបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកហៅកាត់ថា OFAC បានចាត់ក្រុមហ៊ុន CEIEC ចូលក្នុងក្រុមប្រព្រឹត្តបទល្មើស អនុលោមតាមបទបញ្ជានីតិប្រតិបត្តិលេខ១៣៦៩២។ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានកំណត់ថា ក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតចិននេះគាំទ្រកិច្ចខិតខំប្រឹងប្រែងមិនត្រឹមត្រូវតាមច្បាប់របស់របបគ្រប់គ្រងលោក Maduro ក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសវ៉េណេស៊ុយអេឡា។ ក្រុមហ៊ុនចិននេះបានជួយឱ្យមានការប្រឹងប្រែងរបស់លោក Maduro ក្នុងការរឹតត្បិតសេវាអ៊ីនធឺណិត និងធ្វើការឃ្លាំមើលខាងឌីជីថល និងកិច្ចប្រតិបត្តិការតាមអ៊ីនធឺណិតប្រឆាំងនឹងពួកជំទាស់ខាងនយោបាយ ដើម្បីបង្ក្រាបការប្រឆាំងដូចដែលរដ្ឋាភិបាលក្រុងប៉េកាំង បានប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាសម្រាប់ត្រួតពិនិត្យនិងត្រួតត្រាប្រជាជនរបស់ខ្លួនផ្ទាល់ដូច្នេះដែរ។
ការដាក់ទណ្ឌកម្មនេះរាំងខ្ទប់នូវទ្រព្យសម្បត្តិ និងផលប្រយោជន៍ខាងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន CEIEC នៅក្នុងសហរដ្ឋអាមេរិក ឬនៅក្នុងកម្មសិទ្ធិ ឬការគ្រប់គ្រងដោយបុគ្គលអាមេរិកាំង និងហាមប្រាមបុគ្គលអាមេរិកាំងមិនឱ្យរកស៊ីជាមួយក្រុមហ៊ុន CEIEC ទេ លើកលែងតែមានករណីលើកលែង ឬមួយមានការអនុញ្ញាត។ ក្រុមហ៊ុននៅក្នុងដែនអំណាចសហរដ្ឋអាមេរិក ដែលប្រកបធុរកិច្ចជាមួយក្រុមហ៊ុនចិននេះ មានពេលរហូតដល់ថ្ងៃទី១៤ ខែមករា ដើម្បីបន្ថយការរកស៊ីរបស់ពួកគេជាមួយក្រុមហ៊ុន CEIEC នេះ។
លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា៖ «ការពឹងពាក់របស់របបគ្រប់គ្រងមិនត្រឹមត្រូវតាមច្បាប់របស់លោក Maduro លើអង្គភាពនានា ដូចជាក្រុមហ៊ុន CEIEC ដើម្បីជំរុញរបៀបវារៈផ្តាច់ការរបស់ខ្លួន បង្ហាញថែមទៀតអំពីការផ្តល់អាទិភាពលើអំណាចចំពោះសេចក្តីថ្លៃថ្នូរ និងដំណើរការប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក នឹងមិនរារែកទេ ក្នុងការយកជាទីដៅនូវជនទាំងឡាយណាដែលជួយបង្ក្រាបឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនវ៉េណេស៊ុយអេឡា និងប្រជាជនឯទៀតៗនៅទូទាំងពិភពលោក»៕