តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិ និងស្ថាប័នសហរដ្ឋអាមេរិក
នៅថ្ងៃចន្ទដំបូងនៃខែកញ្ញា ជារៀងរាល់ឆ្នាំ ប្រជារាស្ត្រអាមេរិកាំងប្រារព្ធទិវាពលកម្ម គឺជាថ្ងៃមួយសម្រាប់ផ្តល់កិត្តិយសដល់ពួកកម្មករ និងការរួមចំណែករបស់ពួកគេដល់ភាពសំបូររុងរឿងរបស់សហរដ្ឋអាមេរិក។
ទិវាពលកម្មជាការបញ្ចប់ជាផ្លូវការនៃរដូវក្តៅ។ ហើយទោះជាសម្រាប់ជនជាតិអាមេរិកាំងច្រើននាក់ ទិវាពលកម្មត្រូវបានប្រារព្ធជាថ្ងៃឈប់សម្រាកពីការងារនិងជាឱកាសចុងក្រោយក្នុងរដូវក្តៅសម្រាប់ការធ្វើម្ហូបនៅក្រៅផ្ទះឬការហែលទឹកជាមួយពួកមិត្តភ័ក្តិនិងគ្រួសារ ក៏ព្រឹត្តិការណ៍ដែលនាំទៅកាន់ការបង្កើតថ្ងៃបុណ្យនេះមានពាក់ព័ន្ធនឹងការលោភលន់ ចលាចលស៊ីវិលនិងបង្ហូរឈាម។
រយៈពេលច្រើនទសវត្សរ៍ក្រោយពីសង្គ្រាមស៊ីវិលក្នុងសតវត្សរ៍ទី១៩ត្រូវបានកំណត់ដោយការងើបឡើងនៃអ្វីដែលហៅថាពួកកាពីតែននៃឧស្សាហកម្ម គឺពួកអ្នកជំនួញមានធនធានច្រើននិងមានអំណាចខ្លាំងនិងក្រុមឧស្សាហករ ដូចជាលោក Cornelius Vanderbilt លោក Andrew Carnegie លោក J. P. Morgan និងលោក John D. Rockefeller ជាដើមដែលបានក្តាប់យកឱកាសកើតមានឡើងដោយសារការប្រសព្វគ្នានៃការរីកលូតលាស់សេដ្ឋកិច្ចយ៉ាងលឿន វិធីបញ្ចូលរបៀបថ្មីៗជាច្រើននិងក្រុមជនអន្តោប្រវេសន៍ជាពលករច្រើននាក់ដើម្បីកសាងចក្រភពធុរកិច្ចធំធេង ហើយប្រមូលធនធានមហាសាល។ ពួកគេបានផ្តល់ការងារនិងឱកាសដែលប្រជារាស្ត្រត្រូវការខ្លាំង តែការអនុវត្តធុរកិច្ចរបស់ពួកគេមានភាពលោភលន់ហួសប្រមាណ និងទាញយកអត្ថប្រយោជន៍ពីក្រុមកម្មករដែលធ្វើការយ៉ាងលំបាកក្នុងរោងចក្រនិងអណ្តូងរ៉ែ ចំនួន១២ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ហើយសឹងតែគ្មានប្រាក់កាសគ្រប់គ្រាន់ដើម្បីរស់។
ដើម្បីស្វះស្វែងកែលម្អជីវភាពពួកគេ ដោយចាប់ផ្តើមពីចុងទសវត្សរ៍ឆ្នាំ១៨៨០មក ក្រុមកម្មករបានចាប់ផ្តើមចូលរួមក្នុងសហជីព ដែលខ្លះត្រូវបានបង្កើតកាលពីសតវត្សរ៍ទី១៨។ ពួកកម្មករបានទាមទារឱ្យមានប្រាក់បៀវត្សច្រើនជាងមុន និងឱ្យមានការប្រព្រឹត្តលើពួកគេឱ្យបានល្អជាងមុន ឱ្យមានស្ថានភាពការងារមានសុវត្ថិភាពជាងមុននិងឱ្យមានការទទួលស្គាល់ដល់ការរួមចំណែករបស់ពួកគេដល់សេដ្ឋកិច្ចចម្រើនលូតលាស់ខ្លាំងរបស់ប្រទេសអាមេរិកផងដែរ។ នៅពេលការទាមទាររបស់ពួកគេមិនបានសម្រេច ក្រុមកម្មករបានចាត់ចែងឱ្យមានបាតុកម្ម។ តែនេះជាការខំប្រឹងខ្នះខ្នែងដ៏ពិបាកនិងមានគ្រោះថ្នាក់។ ជាញឹកញយក្រុមកម្មករដែលធ្វើកូដកម្មបានជួបប្រទះប្រឈមនឹងពួកអ្នកបំបែកកូដកម្ម ក្រុមជនប្រព្រឹត្តបទឧក្រិដ្ឋជាមុខរបរប្រដាប់អាវុធដែលត្រូវបានជួលដោយពួកមេដឹកនាំក្រុមហ៊ុនសម្រាប់ធ្វើបាបក្រុមកម្មករនិងធ្វើឱ្យប្រាកដថា ក្រុមកម្មករវិលត្រឡប់ទៅធ្វើការវិញ។ ការធ្វើឱ្យកម្មកររងរបួសក៏ត្រូវបានលើកទឹកចិត្តថែមទៀតផង។
ឧប្បត្តិហេតុមួយក្នុងបណ្តាឧប្បត្តិហេតុគួរកត់សម្គាល់គឺកូដកម្ម Pullman ក្នុងក្រុង Chicago ដែលនៅទីនោះក្រុមទាហានសហព័ន្ធបានកម្ទេចកូដកម្មមួយដោយក្រុមកម្មករផ្លូវដែកនិងពួកកម្មករផលិតទូរទេះភ្លើងមានគ្រែឱ្យអ្នកដំណើរទទួលទានដំណេក ដែលតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដែលបានកាត់បន្ថយប្រាក់បៀវត្សនិងការបញ្ឈប់កម្មករលែងឱ្យធ្វើការ។ មានមនុស្សប្រមាណ៣០នាក់ត្រូវបានសម្លាប់នៅថ្ងៃនោះ។ នៅថ្ងៃមានបាតុកម្មនោះ លោកប្រធានាធិបតី Grover Cleveland បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់បង្កើតទិវាពលកម្មជាតិឱ្យទៅជាច្បាប់។
លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា៖ «ប្រជារាស្ត្រអាមេរិកាំងដែលឧស្សាហ៍ធ្វើការងារជាកម្លាំងស្នូលរបស់ប្រទេសយើង...ប្រជារាស្ត្រថ្នាក់កណ្តាលបានកសាងប្រទេសអាមេរិក ហើយសហជីពកសាងក្រុមមនុស្សថ្នាក់កណ្តាល។ អ្វីៗដែលគាំទ្រជីវភាពប្រជារាស្ត្រថ្នាក់កណ្តាល អាចធ្វើបានដោយសារសហជីព ហើយនៅទិវាពលកម្មយើងផ្តល់កិត្តិយសជូនកម្មករទាំងនោះ និងចលនាឋិតថេររបស់ពួកគេដែលធ្វើឱ្យសេដ្ឋកិច្ចយើងលូតលាស់ និងធ្វើឱ្យប្រទេសជាតិយើងខ្លាំង»៕