Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​រំឭកគុណ​អតីត​យុទ្ធជន​អាមេរិក​ឆ្នាំ២០២២


រូបឯកសារ៖ មិត្តភក្តិ ក្រុមគ្រួសារ និង​ភ្ញៀវ​ស្វាគមន៍​អតីត​យុទ្ធជន​សង្គ្រាម​លោកលើក​ទី២ បន្ទាប់ពី​ពិធី​រំឭក​គុណ​អតីត​យុទ្ធជន​នៅឯ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ World War II Memorial ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។
រូបឯកសារ៖ មិត្តភក្តិ ក្រុមគ្រួសារ និង​ភ្ញៀវ​ស្វាគមន៍​អតីត​យុទ្ធជន​សង្គ្រាម​លោកលើក​ទី២ បន្ទាប់ពី​ពិធី​រំឭក​គុណ​អតីត​យុទ្ធជន​នៅឯ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ World War II Memorial ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នេះ​ ពលរដ្ឋអាមេរិកាំងប្រារព្ធ​ទិវា​រំឭកគុណ​អតីត​យុទ្ធជន ​ដើម្បីផ្តល់​កិតិ្តយស​ជូន​អតីត​យុទ្ធជន ដែល​បាន​បម្រើ​ក្នុង​ជួរកងទ័ព​សហរដ្ឋអាមេរិក។ ទោះ​ជា​ថ្ងៃ​បុណ្យទាន​របស់​រដ្ឋាភិបាល​សហព័ន្ធ​ភាគច្រើន​ ​ធ្វើ​ឡើង​នៅថ្ងៃ​ចន្ទ​ដែល​គៀក​នឹង​ថ្ងៃ​បុណ្យពិតប្រាកដ​ក៏ដោយ​ ក៏​ទិវា​រំឭក​គុណយុទ្ធជន​ គឺ​ជាទិវា​មួយក្នុង​ចំណោម​ថ្ងៃបុណ្យ​មួយចំនួនតូច​របស់​រដ្ឋាភិបាល​សហព័ន្ធ ដែល​តែង​តែត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា។

ការ​ជ្រើស​យក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នេះ​ គឺ​ដោយសារតែមាន​បទ​ឈប់បាញ់មួយ ដែល​បាន​ចូល​ជា​ធរមាននៅចុង​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ក្នុង​ឆ្នាំ​១៩១៨ ​ដែល​បាន​បញ្ចប់​នូវការ​ប្រយុទ្ធគ្នា​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ តែមិន​មែនបញ្ចប់​សង្គ្រាម​នោះ​ឡើយ។ សង្គ្រាម​លោក​លើក​ទី១ បានបញ្ចប់​ជាផ្លូវការ​នៅ​ថ្ងៃទី​២៨ ​ខែ​មិថុនា​ ឆ្នាំ​១៩១៩ នៅ​ពេល​ដែលមាន​ការចុះ​ហត្ថលេខា​លើសន្ធិសញ្ញា Versailles។ ទោះជាយ៉ាងណា​ក៏ដោយ សាធារណជន បានចាត់ទុកថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​១៩១៨ ជា​ថ្ងៃ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១។

អស់​រយៈពេល​២០ឆ្នាំ ថ្ងៃ​ទី​១១ ខែវិច្ឆិកាត្រូវ​បាន​គេប្រារព្ធ​ក្រៅផ្លូវការ​ថា ជា​ទិវា​យុទ្ធសន្តិភាព។ នៅ​ទី​បំផុត​ក្នុងខែ​ឧសភា​ ឆ្នាំ​១៩៣៨​ សភា​សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់​បញ្ជូល​ថ្ងៃ​នេះ ជា​ថ្ងៃបុណ្យ​របស់​រដ្ឋាភិបាល​សហព័ន្ធ ដើម្បីឧទ្ទិស​ចំពោះបុព្វហេតុសន្តិភាព​ ពិភពលោក​ ហើយ​ក្រោយមក​ទៀត​ត្រូវ​បានគេ​ប្រារព្ធ​និង​ស្គាល់​ថា​ជា«​ទិវា​យុទ្ធសន្តិភាព» ដែល​ផ្តល់កិត្តិយស​ដល់​អតីត​យុទ្ធជន​នៃ​សង្គ្រាមលោក​លើក​ទី​១។ នៅឆ្នាំ​១៩៥៤​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​លោក ​Dwight Eisenhower បាន​ពង្រីក​ថ្ងៃ​ឈប់សម្រាក​នោះ ​ដោយ​ឧទ្ទិស​ដល់​ការ​ដឹងគុណ​បុគ្គលទាំងអស់​ ដែល​បាន​បម្រើក្នុង​ជួរកងទ័ពអាមេរិក​ ទាំង​ក្នុង​ពេល​មាន​សង្គ្រាម​និង​ក្នុង​ពេល​មាន​សន្តិភាព​ ហើយ​ក្នុង​ឆ្នាំ​១៩៧១​ ទិវាយុទ្ធសន្តិភាពនេះ បាន​ក្លាយ​ទៅ​ជា​ទិវា​រំឭកគុណ​អតីត​យុទ្ធជន ដែល​ឆ្លុះបញ្ជាំងឱ្យឃើញ​កាន់​តែ​ប្រសើរ​នូវ​ស្មារតី​នៃ​ការ​ប្រារព្ធពិធី​នេះ។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ​Joe Biden បាន​និយាយថា «ថ្ងៃនេះ​ យើង​សម្តែង​នូវ​គារវកិច្ច​ចំពោះសេចក្តីក្លាហាននិងការ​ប្តេជ្ញាចិត្ត​ដ៏​ខ្លាំងក្លា​សម្រាប់បុគ្គលទាំង​អស់ ដែលទទួល​បាននូវឋានៈ​ជា​«យុទ្ធជន​ជើង​ចាស់​អាមេរិក» នោះ។​ ​

លោក​ Joe Biden បាន​លើក​ឡើងថា «នេះជា​កិត្តិយស​មួយ​ ដែល​ពលរដ្ឋអាមេរិកាំងតែ​មួយ​ចំនួន​តូច​អាច​ទទួល​បាន​ប៉ុណ្ណោះ​ ហើយវា​ក៏​ជា​កិត្តិយស​មួយ​ ដែលអ្នក​ទាំង​នោះ​អាច​ទទួល​បាន ក្នុង​នាម​ជា​បងប្អូនប្រុសស្រី។ ​នេះ​ជា​សេចក្តី​កា្លហានមួយ ដែល​ធ្វើ​ឱ្យ​មាន​ការ​រួបរួម​គ្នា​នៅ​គ្រប់វ័យទាំង​អស់​ ដោយ​មិន​គិត​ពី​ប្រវត្តិ ពី​ព្រោះ​ដើម្បី​ក្លាយ​ជាយុទ្ធជន​ជើង​ចាស់​អាមេរិកមួយ​រូប គេ​ត្រូវតស៊ូ​និង​ឆ្លងកាត់​នូវ​ការប្រឈម​ជា​ច្រើន ដែល​ពលរដ្ឋអាមេរិកាំង​ផ្សេង​ភាគច្រើន​មិន​បាន​ដឹងទេ។ ពួកគេបាន​ឆ្លងកាត់​នូវ​ការ​ព្យាយាម​ការសាកល្បង ភាព​ទុរគត​ ការ​ប្រឈម​ទៅ​នឹងភាព​ជាក់ស្តែងក្នុង​សង្គ្រាមដែល​មាន​សោដនាកម្មនិង​សេចក្តី​ស្លាប់»។​ ​

«ចំពោះអតីត​យុទ្ធជន​ទាំង​អតីតកាល​និង​បច្ចុប្បន្នកាល​ យើង​សូម​អរគុណ​លោកអ្នក។​ យើង​ផ្តល់​កិត្តិយស​ជូនលោកអ្នក និង​តែង​តែចងចាំ​ជានិច្ច​នូវគុណូបការៈ​ដែលអ្នកបាន​ធ្វើ​ចំពោះ​យើង​ទាំង​អស់​គ្នា​»៕

XS
SM
MD
LG