Accessibility links

Breaking News

បទវិចារណកថា៖ ទិវា Martin Luther King ឆ្នាំ២០២៣


​សំណង់​អនុស្សាវរីយ៍​ជាតិ​​​លោក​ Martin Luther King Jr. នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថត​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២២។
​សំណង់​អនុស្សាវរីយ៍​ជាតិ​​​លោក​ Martin Luther King Jr. នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ថត​នៅ​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២២។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ និង​ស្ថាប័ន​អាមេរិកាំង

ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃចន្ទ សប្តាហ៍​ទី៣ នៃខែ​មករា សហរដ្ឋ​អាមេរិក រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​បណ្ឌិត Martin Luther King Jr.។ លោក​បណ្ឌិត King ជា​អ្នកផ្សព្វផ្សាយ​គ្រិស្តសាសនា​និកាយ Baptist ក្នុង​រដ្ឋ Alabama នា​ប៉ែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក និង​ជា​អ្នកដឹកនាំ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​ខាង​ពូជសាសន៍​នៅ​សហរដ្ឋ​អាមេរិក។ បើសិនជា លោក​នៅ​មាន​ជីវិត​នោះ លោក​ឈាន​ចូល​វ័យ​៩៤​ឆ្នាំ នៅ​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០២៣។

ក្នុង​ពេល​ប្រមាណ​ជា​១០០ឆ្នាំ​កន្លង​ទៅ​ដែល​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ១៨៦៥​ជាមួយ​នឹង​ការបញ្ចប់​សង្គ្រាម​ស៊ីវិលនៅ​ស.រ.អ.​និង​ការផ្តល់់​សច្ចានុម័តដល់​វិសោធនកម្ម​ទី១៣​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ដាក់​ទាសភាពឱ្យ​នៅ​ក្រៅច្បាប់ និងការ​រំជើបរំជួលកាលពី​ចុង​ទសវត្សរ៍​ឆ្នាំ១៩៦០ នៅ​ពេល​ដែលជនជាតិ​អាមេរិកាំង​រាប់សែន​នាក់​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ទាមទារ​ឱ្យ​មានការការពារសិទ្ធិ​ពលរដ្ឋសម្រាប់​ក្រុមមាន​ភាពតំណាង​តិច​ មានរួមក្រុមជន​អំបូរ​ភាគតិច​និង​ក្រុម​ស្ត្រី​ជនជាតិ​អាមេរិកាំងដើមកំណើតអាហ្វ្រិកភាគច្រើនបាន​រងគ្រោះ​ដោយ​ច្បាប់ Jim Crow។ ទាំង​នេះ​ជាលក្ខន្តិកៈ​រដ្ឋ​និងមូលដ្ឋាន​ដែល​ធ្វើឱ្យការដាក់​ឱ្យ​នៅ​នៅ​ដាច់ពី​គ្នា​ខាងពូជសសាន៍​និងការ​រើសអើង​ ជាអំពើ​ត្រឹមត្រូវ​តាម​ច្បាប់ ដែល​ត្រូវ​បាន​ពង្រឹង​ដោយ​អាជ្ញាធររដ្ឋាភិបាលនិង​ក្រុម​ស៊ីវិលតាំង​ខ្លួន​ជា​អ្នកការពារ​ច្បាប់​នេះ។ ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិកដែល​ស្វះស្វែង​កែប្រែប្រព័ន្ធ​នេះ​នៃ​ apartheid បានរងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ដែលជាញឹកញយ​នាំឱ្យ​មាន​ការស្លាប់​ក្រុម​សកម្មជន។​

នៅក្នុង​បរិយាកាសនេះ លោក​បណ្ឌិត King ដែល​ប្រកាន់​តាម​ទ្រឹស្តី​លោក Mahatma Gandhi នៃ​ការតវ៉ាដោយ​អហិង្សា បាន​ដឹកនាំ​ក្រុមអ្នក​ដើរ​តាម​លោកក្នុង​ការធ្វើ​ពហិការ​ ការធ្វើ​បាតុកម្ម​អង្គុយ​នៅ​មួយ​កន្លែង ការដើរ​ហែក្បួន​ដោយ​សន្តិវិធី និងការ​តវ៉ាអហិង្សា​ដោយ​មិន​គោរព​តាម​សណ្តាប់ធ្នាប់​ក្នុង​សង្គម​ផ្សេងៗទៀត។ ការតបត​ប្រឆាំងនឹង​ក្រុម​បាតុករបាន​បង្ហាញ​ដល់​ប្រទេស​ជាតិនូវ​សេចក្តី​ត្រូវការ​ជា​បន្ទាន់​ឱ្យ​មាន​ការផ្លាស់ប្តូរ។

ការជំរុញ​ជាច្រើន​ឆ្នាំ​របស់​លោក​បណ្ឌិត King និង​ចលនាសិទ្ធិ​ពលរដ្ឋ​ឱ្យ​មាន​សមភាព​ជាងមុនតាម​រយៈច្បាប់ មាន​កម្រិតខ្ពស់ដល់​ការអនុម័ត​ច្បាប់​សិទ្ធិ​ពលរដ្ឋ​ឆ្នាំ​១៩៦៤ ដែល​ដាក់​ការ​ឱ្យ​នៅ​ដាច់​ពី​គ្នានៅ​កន្លែង​សាធារណៈ ការ​រើសអើង​ខាង​ការ​ផ្តល់ការងារដោយ​ផ្អែកលើ​ពូជសាសន៍ ពណ៌​សម្បុរ​ស្បែក សាសនា យេនឌ័រ ឬ​ប្រភព​ជាតិ​សាសន៍ ឱ្យ​នៅ​ក្រៅ​ច្បាប់។

លោក​បណ្ឌិត King មិន​បាន​រស់នៅសប្បាយ​ចិត្ត​អបអរសាទរលទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ទេ។ លោក​ត្រូវបាន​ធ្វើ​ឃាត​នៅ​ថ្ងៃទី៤ ខែមេសា​១៩៦៨ ក្នុង​អាយុ​៣៩​ឆ្នាំ។ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្នុង​ពេល​មួយ​ទសវត្សរ៍ ច្បាប់ស្តីពី​ការដាក់ជនជាតិ​អាមេរិកាំង​ឱ្យនៅ​ដាច់ពីគ្នា​ត្រូវ​បានលុប​ចោល ហើយ​នៅ​ពេល​សព្វថ្ងៃ​នេះ​ការរើសអើងជា​ការប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​ជេរ​ប្រមាថនិង​ត្រូវ​ដាក់​ទណ្ឌកម្ម​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត​ផង។

លោក​ប្រធានាធិបតី Joe Biden ​បាន​មាន​ប្រសាសន៍​ថា «នៅ​ពេល​សព្វថ្ងៃ​នេះ ​មនុស្ស​គ្រប់​ឋានៈ​ទាំងអស់​នៅតែ​បន្ត​ការដើរ​ធ្វើ​បាតុកម្ម​នោះ​ត​ទៅទៀត ដោយ​បន្លឺ​សំឡេង​ពួកគេ​ដើម្បីប្រឈមនឹងការរំលោភ​អំណាច ប្រឆាំងនឹង​សម្អប់​និង​ការរើសអើង ការពារ​សិទ្ធ​បោះឆ្នោត និងការមាន​ការងារប្រកប​ដោយ​គុណភាព ការផ្តល់​ការថែទាំ​សុខភាព មាន​ផ្ទះ​សំបែង និង​ការសិក្សា​អប់រំ។ នៅ​ថ្ងៃនេះ យើង​សញ្ជឹង​គិត​អំពី​កេរដំណែលនៃ​បុរស​ម្នាក់ដែល​បាន​អំពាវនាវ​ដល់​មនសិការរបស់​ជាតិ​យើង និង​ពិភពលោក​របស់​យើង»៕

XS
SM
MD
LG