Accessibility links

Breaking News

បទវិចារណកថា៖ នៅ​បាលី លោក​ប្រធានាធិបតី Biden សរសើរ​ការរីកចម្រើន​ភាពជា​ដៃគូ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Rishi Sunak នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រធានបទ​កិច្ចប្រជុំ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់ G20 នៅកោះ​បាលី ​ប្រទេស​ឥណ្ឌូណេស៊ី នៅឆ្នាំនេះ​គឺ​«ងើបឡើងវិញ​រួមគ្នា ងើបឡើងវិញខ្លាំង​ជាង​មុន»។

ប្រធានបទនេះ​ត្រូវបានបញ្ជាក់​នៅក្នុង​កម្មវិធីក្រៅកិច្ច​ប្រជុំមួយ ដែលមាន​លោក​ប្រធានាធិបតី​ Joe Biden​ និងប្រធានាធិបតីឥណ្ឌូណេស៊ី​លោក ​Joko Widodo​ និង​ប្រធាន​គណៈកម្មាការ​សហភាព​អឺរ៉ុប គឺ​លោកស្រី ​Ursula Von der Leyen ​ជា​សហប្រធាន។ កម្មវិធីនេះជា​ឱកាស​មួយ​សម្រាប់​ប្រទេស​នានា​ធ្វើការ​ទាក់ទងគ្នា​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ក្រោម​ភាព​ជាដៃគូ​ហេដ្ឋារចនា​សម្ព័ន្ធ​សកល​និង​វិនិយោគ the Partnership for Global Infrastructure and Investment ដែល​ហៅកាត់ថា PGII។ PGII បានបង្កើត​ឡើង​កាលពី​ខែ​មិថុនា​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រទេស​ដែលមាន​ឧស្សាហកម្ម​លូតលាស់ ​G7​ ដោយ​មាន​គោលបំណង​ពង្រឹង​ដៃគូ​សកល​ដើម្បី​ផ្តល់ការ​ឧបត្ថម្ភថវិកា​ចំពោះការ​កែទម្រង់​ហេដ្ឋារចនាសម្ពន្ធ​និង​ពង្រឹង​វិស័យ​ឯកជន​ឱ្យក្លាយ​ជា​មធ្យោបាយមួយ​សម្រាប់ការ​វិនិយោគ​ប្រកប​ដោយ​គុណភាព​ក្នុង​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។ គោលដៅរួម​គឺត្រូវ​ប្រមូលកៀងគរ​ប្រាក់​ចំនួន​ ៦ រយ​ពាន់លាន​ដុល្លារ​ក្នុង​រយៈពេល​ ៥ ឆ្នាំ។

លោក​ប្រធានាធិបតី Biden បានថ្លែងនៅក្នុង​សុន្ទរកថា​យ៉ាងដូច្នេះ​ថា៖ «តាមរយៈ​ភាព​ជាដៃគូ​នេះ ​យើងបាន​បើក​ដំណើរការ​គម្រោងថ្មីៗ​ជាបន្ត​បន្ទាប់​នៅ​តាម​បណ្តា​ប្រទេស​ដែលមាន​ឧស្សហកម្ម​លូតលាស់ ​G20 និង​ប្រទេស​ផ្សេងៗ ធ្វើ​កិច្ច​សហប្រតិបត្តិការ​តាម​មធ្យាបាយ​ថ្មីៗ​ស្តីអំពីអាកាស​ធាតុ សន្តិសុខ​ថាមពល​ ប្រព័ន្ធ​ទំ​នាក់​ទំនង​ផ្នែក​ឌីជីថល​ ហេដ្ឋារចនា​សម្ពន្ធ​សុខា​ភិបាល ​សមភាព​យេនឌ័រ​ និង​ភាពស្មើគ្នា​រវាង​ស្ត្រី ​និងបុរស»។

ក្នុងចំណោម​ឧទាហរណ៍​ដែលលោក​បាន​លើកឡើងនោះ​គឺភាព​ជា​ដៃគូសម្រាប់​គម្រោងកែទម្រង់​ថាមពលឥណ្ឌូណេស៊ីត្រឹមត្រូវ​ ឬ JETP ដែល​មាន​ទឹកប្រាក់ ២០ពាន់​លាន​ដុល្លារ ​ដែល​នាំឱ្យប្រទេស​ចំនួន​ ១០ រួមគ្នា​ជាធ្លុង​មួយ ហើយ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ជា​អ្នកដឹកនាំ​ ដើម្បី​ធ្វើកិច្ចការ​ជាមួយ​ឥណ្ឌូណេស៊ី​ក្នុងការ​កែ​ទម្រង់​ទៅ​ប្រើប្រាស់​ថាមពល​ត្រឹមត្រូវ​ ដែលរួម​មានការ​កាត់​បន្ថយការ​បញ្ចេញឧស្ម័នជាតិពុល​ដោយ​ផ្អែក​លើការ​ពង្រីក​ថាមពលផលិត​ឡើងវិញបាន ក៏ដូចជា​ការ​ផ្លាស់ប្តូរ​ការ​ប្រើ​ថាមពល​ត្រឹមត្រូវ​សម្រាប់​បុគ្គលិក​ជាពលករ​ និង​សហគមន៍​នានា។

គម្រោងមួយទៀត​ដែល​លោក Biden បានផ្តោត​ដែរ​គឺ​កិច្ច​ព្រមព្រៀង​លើ​សំណើ​គម្រោងឥណ្ឌូណេស៊ី​ដែលមាន​ទឹកប្រាក់​ ៦៤៩ ​លានដុល្លារ​ជាមួយ​ក្រុមហ៊ុន​សារជីវកម្ម​ Millennium Challenge Corporation ​ឬ MCC ដែល​សហរដ្ឋ​អាមេរិក​និង​ឥណ្ឌូណេស៊ី​ត្រូវ​ចាប់​ដៃគូ​ជាមួយ​គ្នា​ដើម្បីគាំទ្រ​ការ​អភិវឌ្ឍហេដ្ឋា​រចនា​សម្ពន្ធ​ដែលគិតគូរដល់​បរិស្ថាន​និងប្រកប​ដោយ​គុណភាព ព្រមទាំងការ​បង្កើន​លទ្ធភាព​សម្រាប់​ការទទួល​បាន​ការផ្គត់ផ្គង់​ថវិកា​សម្រាប់​ពាណិជ្ជកម្ម​ដែលជា​កម្មសិទ្ធិ​របស់ស្តី្រ​ឥណ្ឌូណេស៊ី និង​សហគ្រាស​ធុនតូច ​មធ្យម ​ដែល​បង្កើត​ចំណូល​ប្រមាណ​៦០ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក ​ឬ GDP ​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

ការតភ្ជាប់​ទំ​នាក់ទំនង​តាម​ប្រព័ន្ធ​ឌីជីថល ​គឺជាការ​ផ្តោតការ​យកចិត្ត​ទុកដាក់​មួយ​ទៀត។ សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ជាដៃគូ​ជាមួយ​ជប៉ុន​និង​អូស្ត្រាលី ​ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​នានា​ក្នុង​ដែនដី​ប៉ាពួអាស៊ីនូវែលហ្គីណេ ​និង​តំបន់​ប៉ាស៊ីហ្វិក។ លើស​ពីនេះ តាម​រយៈសហរដ្ឋ​អាមេរិក​ កម្មវីធី​ផ្គត់ផ្គង់​ថវិកា​រួមគ្នា​នៃការ​វិនិយោគ​តាម ប្រព័ន្ធ​ឌីជីថល​ សហរដ្ឋ​អាមេរិក​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​បច្ចេក​វិជ្ជា Csquared ​ជាដៃគូ ​ប្រទេស​កេនយ៉ា ​ដើម្បី​បង្កើត​បណ្តាញ​អុបទិច (អ៊ីនធឺណិត) ទូទាំង​ប្រទេសលីបេរីយ៉ា​ ដែលនឹង​ជួយភ្ជាប់​ទំនាក់​ទំនង​ពលរដ្ឋ​លីបេរីយ៉ា ​ចំនួន​១លាននាក់​ឱ្យប្រើ​អ៊ីនធឺណិតបាន។

នៅជុំវិញពិភពលោក ​លោក​ប្រធានាធិបតី Biden បាន​កត់សម្គាល់​ថា ​PGII ​កំពុង​វិនិយោគលើ​រ៉ែ​សំខាន់ៗ​និងសង្វាក់ផ្គត់ផ្គង់​នានា​ ក៏ដូចជាហេដ្ឋា​រចនា​សម្ព័ន្ធ​សុខាភិបាល​ដែរ។

«ការ​បង្កើត​ឱកាស​ពិតប្រាកដ​ បង្កើត​សមធម៌​ធំ​ជាង​មុន និង​ការធ្វើឱ្យ​ពិភពលោក​មានសុខភាពល្អ និង​មាន​ការ​រីក​ចម្រើន​ជាង​មុន ជាអ្វី​ដែល​យើង​ចង់បាន។ យើង​ស្វាគមន៍​មនុស្ស​គ្រប់​រូប​ ដែលមានទស្សនៈដូចគ្នា ដើម្បី​ចូលរួម​ក្នុងភាព​ជាដៃគូនេះ»៕

XS
SM
MD
LG