Accessibility links

Breaking News

បទវិចារណកថា៖ ពិធី​បុណ្យ​រំឭកគុណ Thanksgiving ឆ្នាំ២០២៣


រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ នេះ បង្ហាញ​ពី​មាន turkey ដុត និង​ម្ហូបអាហារ​ផ្សេង​ទៀត​ដែល​ជា​ម្ហូប​អាហារ​ដែល​ជាទូទៅ​ពលរដ្ឋ​អាមេរិកាំង​បរិភោគ​នៅ​ថ្ងៃ​បុណ្យ​រំឭកគុណ Thanksgiving។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១១ នេះ បង្ហាញ​ពី​មាន turkey ដុត និង​ម្ហូបអាហារ​ផ្សេង​ទៀត​ដែល​ជា​ម្ហូប​អាហារ​ដែល​ជាទូទៅ​ពលរដ្ឋ​អាមេរិកាំង​បរិភោគ​នៅ​ថ្ងៃ​បុណ្យ​រំឭកគុណ Thanksgiving។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍​នៃ​សប្តាហ៍​ទី៤ ក្នុង​ខែ​វិច្ឆិកា គឺជា​ពិធី​បុណ្យ​រំឭកគុណ Thanksgiving នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ថ្ងៃបុណ្យ​ជាតិ​រំឭក​ខួប​ឆ្នាំ​ទី១​នៃ​ការបង្កើត​អាណានិគម​អង់គ្លេស​អចិន្ត្រៃយ៍​ដំបូង​បំផុត​មួយ​នៅ​អាមេរិក​ខាងជើង។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៦២០ កប៉ាល់ Mayflower ដែល​ដឹក​អ្នកតាំង​ទីលំនៅ​១០២ នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ក្រុម​មក​តាំង​ទី​លំនៅ​ជា​លើក​ដំបូង​បាន​មក​ដល់​ឆ្នេរ​នៃ​អាមេរិក​ខាងជើង។ ពួកគេ​គឺជា​ក្រុមអ្នកបំបែកខ្លួន​ផ្នែក​សាសនា​ដំបូងគេ​ដែល​បដិសេធ​មិន​ធ្វើ​តាម​ការបង្រៀន​របស់​សាសនា​នៃ​ប្រទេស​អង់គ្លេស​ដែល​ជា​បទល្មើស​ដែល​មាន​ទោស​នៅក្នុង​ប្រទេស​កំណើត​របស់​ពួកគេ។

ដូច្នេះ ពួកគេ​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ទ្វីបអឺរ៉ុប ហើយ​បង្កើត​ភូមិ​កសិកម្ម​មួយ​នៅ​ភាគខាងជើង​នៃ​រដ្ឋ Virginia ដែល​មាន​មនុស្ស​មក​តាំង​ទីលំនៅ នៅ​១៣ ឆ្នាំ​មុន​នោះ។ ដោយ​ចៃដន្យ ពួកគេ​បាន​ចុះចត​ជិត​មួយ​ពាន់​គីឡូម៉ែត្រ​ឆ្ងាយ​ហួស​ទៅ​ភាគខាងជើង​ ក៏ប៉ុន្តែ ទោះបីជា​ដូច្នោះក្តី ពួកគេ​បាន​សម្រេចចិត្ត​ស្នាក់នៅ​ទីនោះ ទីបំផុត​បាន​តាំង​ទីលំនៅ​នៅ​ភាគខាងត្បូង​បន្តិច​នៃ​ទីក្រុង Boston ក្នុង​រដ្ឋ Massachusetts នា​ពេល​បច្ចុប្បន្ន​នេះ។ នៅ​ទីនោះ ពួកគេ​បាន​បង្កើត​ដែនដី​អាណានិគម Plymouth។

នៅ​ឆ្នាំ​ដំបូង​នោះ នៅ​អាមេរិក​ខាងជើង​ ពួកគេ​មាន​ការលំបាក​ខ្លាំង​ណាស់។ ទោះបីជា​ពួកគេ​មិន​បាន​ជួបប្រទះ​ភាពស្រេកឃ្លាន​ដោយសារតែ​មួយ​ផ្នែក​ពួកគេ​បាន​ទទួល​ការឧបត្ថម្ភ​ពី​ពលរដ្ឋ​ក្នុង​ស្រុក​ដែល​ជា​ជនជាតិ​ដើម​នៃ​ក្រុម Wampanoag ក្នុង​រយៈពេល​ពីរ​ខែដំបូង​ក៏ដោយ ក៏​មនុស្ស​ចំនួន​ពីរ​ភាគ​បី​នៃ​ពួកគេ​បាន​ស្លាប់។ ប៉ុន្តែ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ក្នុង​ឆ្នាំ១៦២១​នោះ ដំណាំ​បាន​ផ្តល់​ផល​ដ៏ច្រើន​សន្ធឹកសន្ធាប់ ហើយ​នៅ​ពេល​ដែល​ការប្រមូល​ផល​បាន​បញ្ចប់​ត្រូវ​ចំ​ពេល​ខួប​នៃ​ការមកដល់​អាមេរិក​ខាងជើង​របស់​ពួកគេ អ្នក​តាំង​ទីលំនៅ​ទាំងនោះ​បាន​ប្រារព្ធ​ពិធី។ អ្នកតាំង​ទីលំនៅ​ចំនួន​៥៣ នាក់ បាន​អង្គុយ​នៅក្នុង​ពិធី​ជប់លៀង​ជាមួយ​អ្នកជិតខាង​របស់​ពួកគេ ​៩០ នាក់​នៃ​ក្រុម Wampanoag បរិភោគ​សត្វ​ស្លាប​ព្រៃ សាច់ក្តាន់ និង​បន្លែ​ជាច្រើន​ប្រភេទ។ ក៏ប៉ុន្តែ អ្វី​ដែល​ពួកគេ​ធ្វើ​មុន​ដំបូង​គេ​មុន​បរិភោគ​អាហារ​ទាំងនោះ គឺ​បន់ស្រន់​យ៉ាងជ្រាលជ្រៅ​ក្នុងចិត្ត​ ដោយ​អរគុណ​ព្រះ​ដែល​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​រស់រាន​មាន​ជីវិត។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែង​ថា៖ «ស្មារតី​នៃ​ការដឹងគុណ​របស់​ជនជាតិ​អាមេរិក​នេះ មាន​តាំងពី​សម័យ​ដំបូង​បំផុត​របស់​យើង នៅ​ពេល​ដែល​ពួកអ្នកតាំង​ទីលំនៅ​ប្រារព្ធ​ពិធី​នៃ​ការប្រមូល​ផល​ដំបូង​ដោយ​ជោគជ័យ ការអរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរស និង​ការឧបត្ថម្ភ​របស់​ពលរដ្ឋ​នៃ​ក្រុម Wampanoagនោះ វា​បាន​បំផុស​គំនិត​ដល់​លោក George Washington ឱ្យ​ផ្តល់​ដល់​កងទ័ព​របស់​លោក​មួយថ្ងៃ​សម្រាប់​ធ្វើ​ការបន់ស្រន់​និង​អរគុណ​ក្នុង​ពេល​មាន​ការប្រយុទ្ធ​យ៉ាងស្វិតស្វាញ​ដើម្បី​ឯករាជ្យភាព​របស់​អាមេរិក។ វា​ក៏​បាន​ជំរុញ​ឱ្យ​លោក Abraham Lincoln ឱ្យ​ប្រកាស​ពិធី​បុណ្យ​រំឭកគុណ Thanksgiving ជា​ថ្ងៃបុណ្យ​ជាតិ​ដោយ​ផ្តល់​កិត្តិយស​ដល់​អំណោយ​ដែល​អាមេរិក​បាន​ទទួល និង​សុំ​ឱ្យ​ព្រះ​នាំ​យើង​រួមគ្នា​ថែរក្សា​គ្នា​ទៅវិញ​ទៅមក និង​ផ្សះផ្សារ​ប្រទេស​ជាតិ​របស់​យើង»។

សព្វ​ថ្ងៃ​នេះ ពិធី​បុណ្យ​រំឭកគុណ Thanksgiving គឺ​នៅ​តែ​បាន​ធ្វើឡើង​ដោយ​ការជួបជុំ​គ្រួសារ និង​ការបរិភោគ​អាហារ​ជុំគ្នា។ អាហារ​ពេល​ល្ងាច​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​នេះ គឺ​មាន​នូវ​បន្លែដែល​សម្បូរ​នៅ​រដូវ​ស្លឹកឈើជ្រុះ ប៉ុន្តែ​ជំនួស​ឱ្យ​សាច់​សត្វ និង​សត្វស្លាប​ព្រៃ ពិធី​នេះ​ផ្តោត​លើ​មាន់ turkey ដុត។

លោក Biden បាន​ថ្លែង​បន្ថែម​ទៀត​ថា៖‍ «ក្នុង​ពិធី​បុណ្យ​រំឭកគុណ Thanksgiving នេះ ដែល​នៅពេល​ដែល​នៅក្នុង​គេហដ្ឋាន​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ពោរពេញ​ដោយ​សំណើច អាហារ​ដែល​គ្រួសារ​ចូលចិត្ត និង​ការចែករំលែក​សេចក្តី​រីករាយ​ជាមួយ​មិត្តភក្តិ និង​សាច់ញាតិ​ដែល​បាន​ជួបជុំគ្នា​ឡើងវិញ​នោះ យើង​សូម​យក​ពេល​នេះ​ថ្លែង​អំណរគុណ​ចំពោះ​អ្វីៗ​គ្រប់យ៉ាង​ដែល​ល្អ​ដែល​កើត​មាន​នៅក្នុង​ជីវិត​របស់​យើង ហើយ​ឆ្លុះបញ្ចាំង​ពី​ពរជ័យ​ជាច្រើន​ដែល​ប្រទេស​ជាតិ​យើង​បាន​ទទួល»៕

XS
SM
MD
LG