តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Joe Biden បានស្វាគមន៍លោកនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide នៅឯសេតវិមាន ដែលនៅទីនោះមេដឹកនាំទាំងពីរនាក់នេះ បានសម្តែងការប្តេជ្ញារបស់អស់លោកក្នុងការការពារ និងជំរុញគុណតម្លៃដូចគ្នា ដោយមានរួមបញ្ចូលសិទ្ធិមនុស្ស និងនីតិរដ្ឋ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅតែរឹងមាំ។ លោកបានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាធ្វើការជាមួយគ្នាដើម្បីជម្នះឧបសគ្គពីប្រទេសចិន និងអំពីបញ្ហានានាដូចជាសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង និងប្រទេសកូរ៉េខាងជើង ដើម្បីធ្វើឱ្យប្រាកដប្រជាអំពីអនាគតនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលសេរីនិងបើកចំហ»។
ប្រទេសជាតិទាំងពីរយល់ស្របគ្នាអំពីការប្តេជ្ញាមួយចំនួនដើម្បីពង្រឹងសម្ព័ន្ធភាពតាមរយៈគម្រោង «ភាពជាដៃគូបែបប្រកួតប្រជែងនិងរឹងប៉ឹងរវាងសហរដ្ឋអាមេរិកនិងជប៉ុន»។ លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា ផ្នែកសំខាន់មួយនៃកិច្ចសហប្រតិបត្តិការនេះ គឺភាពប្រកួតប្រជែងនិងការច្នៃប្រឌិតថ្មី ដោយផ្តោតការយកចិត្តទុកដាក់លើការជំរុញភាពជឿនលឿនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោក Biden បានមានប្រសាសន៍ថា៖ «ការណ៍នេះមានរួមបញ្ចូលការធ្វើឱ្យប្រាកដថាយើងធ្វើវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងការពារបច្ចេកវិទ្យាដែលនឹងថែរក្សានិងពង្រឹងភាពប្រកួតប្រជែងរបស់យើង...ដូច្នេះ យើងនឹងធ្វើការជាមួយគ្នាក្នុងវិស័យជាច្រើន រួមមានការជំរុញឱ្យមានបណ្តាញ 5G ដែលមានសន្តិសុខនិងស្ថិតស្ថេរ ការបង្កើនកិច្ចសហប្រតិបត្តិការរបស់យើងលើសង្វាក់ផ្គត់ផ្គង់សម្រាប់វិស័យសំខាន់ៗដូចជាបន្ទះអេឡិកត្រូនិច (semiconductors) ការបង្កើនការស្រាវជ្រាវរួមគ្នាក្នុងផ្នែកផ្សេងៗដូចជា បច្ចេកវិទ្យាបញ្ញានិម្មិត AI ផ្នែក genomics ផ្នែក quantum computing ។ល។»។
ចំពោះបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩វិញ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន ប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ជាសាកល និងសេចក្តីត្រូវការផលិតវ៉ាក់សាំងដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺនេះ ហើយដើម្បីរៀបចំឱ្យមានសន្តិសុខសុខភាពសាកលក្នុងរយៈពេលយូរសម្រាប់ជួយបញ្ចៀសកុំឱ្យមានការរាតត្បាតជំងឺក្នុងពេលអនាគតទៀត។
សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនក៏បានប្តេជ្ញាដែរថា នឹងធ្វើសកម្មភាពខ្លាំងក្លាប្រឆាំងនឹងការគំរាមកំហែងនៃវិបត្តិអាកាសធាតុ។ ជាការពិត ប្រទេសទាំងពីរបានយល់ស្របគ្នាធ្វើសកម្មភាពដាច់ណាត់ដើម្បីកម្រិតកំណើនសីតុណ្ហភាពសាកលត្រឹម១,៥អង្សារសេ មិនឱ្យហួសពីឆ្នាំ២០៣០ ដើម្បីធ្វើឱ្យសម្រេចបានភាពគ្មានការសាយភាយឧស្ម័នផ្ទះកញ្ចក់ មិនឱ្យហួសពីឆ្នាំ២០៥០ និងចាប់ផ្តើមកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូខាងអាកាសធាតុរវាងសហរដ្ឋអាមេរិកនិងជប៉ុន»ផងដែរ។
ផ្នែកចុងក្រោយនៃភាពជាដៃគូថ្មីនេះ គឺការជំរុញទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋ តាមរយៈកម្មវិធីផ្លាស់ប្តូរសិក្សាជាអន្តរជាតិនានា គម្រោងការ និងការស្រាវជ្រាវរួមគ្នា។
លោកប្រធានាធិបតី Biden បានបញ្ជាក់ថា «ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក ជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យរឹងមាំពីរ» ហើយកិច្ចសហប្រតិបត្តិការ«ភាពជាដៃគូបែបប្រកួតប្រជែង និងរឹងប៉ឹង រវាងសហរដ្ឋអាមេរិកនិងជប៉ុន» នឹងបង្ហាញថា «ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនៅតែអាចប្រកួតប្រជែង ហើយឈ្នះក្នុងសតវត្សរ៍ទី២១»៕