Accessibility links

Breaking News

បទវិចារណកថា៖ មហន្តរាយ​មួយ​នៅ​ក្នុង​តំបន់​ហ្កាហ្សា


រូបឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​ឈោង​ដៃ​ទទួល​យក​អាហារ​ដែល​ឥត​គិតថ្លៃ​នៅ​ក្រុង Rafah តំបន់​ហ្កាហ្សាស្រ្ទីព កាលពី​ចុង​ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ជនជាតិ​ប៉ាឡេស្ទីន​ឈោង​ដៃ​ទទួល​យក​អាហារ​ដែល​ឥត​គិតថ្លៃ​នៅ​ក្រុង Rafah តំបន់​ហ្កាហ្សាស្រ្ទីព កាលពី​ចុង​ខែធ្នូ ឆ្នាំ២០២៣។

តទៅ​នេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ពេលដែល​ការប្រយុទ្ធគ្នាមានត​ទៅ​ទៀត​នៅក្នុង​តំបន់​ហ្កាហ្សា​មនុស្ស ២លាន ២ សែន​នាក់​ដែល​រស់នៅ​ទីនោះកំពុងមាន​វិបត្តិ​មួយ។ បើតាម​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ឬ WFP ថា​ ស្បៀង​អាហារនិង​ទឹកជិត​អស់​ហើយ​នៅ​ក្នុង​តំបន់ហ្កាហ្សា។ ប្រជាពលរដ្ឋ​ទាំងមូល​មាន​អសន្តិសុខ​ស្បៀង​អាហារ​ ហើយ​យ៉ាងហោច​ណាស់មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្សបួននាក់​កំពុង​ប្រឈម​នឹងការ​ស្រេកឃ្លាន​ខ្លាំង​ណាស់ ដែល​អាច​រងគ្រោះទុរ្ភិក្ស​ក្នុង​ពេលខាងមុខ។

ក្រោយពី​ទៅមើល​កន្លែងសម្រប​សម្រួល​ក្នុង​តំបន់​នៃកម្មវិធី WFP ក្នុងប្រទេស​ហ្សកដានី រដ្ឋមន្ត្រី​ការបរទេសអាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ ​«យើង​ផ្តោត​ខ្លាំង​លើស្ថានភាពស្បៀង​អាហារ​ដ៏​ពិបាកខ្លាំង​ណាស់​និងអាក្រក់​ជាងមុនសម្រាប់​បុរស ស្ត្រី និង​កុមារក្នុង​តំបន់​ហ្កាហ្សា ហើយ​នេះ​ជាអ្វី​ដែល​យើង​ធ្វើការ​២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ លោក​បានថ្លែង​ថា​៖ «ខ្ញុំ​សូម​សរសើរការងារ​ដ៏អស្ចារ្យ​នៃ​កម្មវិធី​ស្បៀង​អាហារពិភពលោក។ ពួកគេ​បានប្រឹងប្រែង​ធ្វើ​ឱ្យមាន​ស្បៀង​អាហារ​ច្រើន​ជាង​មុនដល់​មនុស្ស​ច្រើនជាងមុនប្រកប​ដោយ​ប្រសិទ្ធភាព។ ពួកគេ​បានធ្វើ​ដូច្នេះ​ដោយ​មាន​ការប្រថុយ​ប្រថានខ្លាំង​ដល់ក្រុម​របស់​ពួកគេនៅនឹង​កន្លែង​ផ្ទាល់​ក្នុងតំបន់​ហ្កាហ្សា‍»។

លោក Blinken បានថ្លែង​ថា៖ «នេះ​ជាការ​ប្រឹងប្រែងមួយដែល​មាន​សារៈសំខាន់ដាច់ខាតនិង​ចាំបាច់​ដាច់ខាត។ ជាការ​ចាំបាច់ដែល​យើងផ្តល់​ជំនួយជា​អតិបរិមា​ដល់មនុស្សដែល​ត្រូវការ។ នេះ​មិន​មែន​យើង​ផ្តល់​ជំនួយតែដល់​តំបន់​ហ្កាហ្សា​ប៉ុណ្ណោះទេ​ តែនៅ​ពេលណាជំនួយ​នេះទៅ​ដល់ហ្កាហ្សា​ហើយ វា​អាចត្រូវ​ចែកចាយដោយប្រសិទ្ធភាពដល់​មនុស្ស​ដែល​ត្រូវការ​ជំនួយនេះនៅ​គ្រប់កន្លែង​ក្នុង​តំបន់​នោះ។ យើងនឹងធ្វើការ​អំពី​ការណ៍​នេះ​ក្នុងពេលខាងមុខទៀត‍»។

លោករដ្ឋមន្ត្រី Blinken​ បានមាន​ប្រសាសន៍​ថា៖ «សហរដ្ឋ​អាមេរិកបាន​ធ្វើការ​តាំង​ពី​ថ្ងៃ​ដំបូងដើម្បី​បើក​ផ្លូវ​ដឹក​ជញ្ជូនជំនួយ​ទៅកាន់ហ្កាហ្សាដើម្បី​ចែកចាយ​ដល់​មនុស្ស​ដែល​ត្រូវការ​ជំនួយ​ទាំង​នេះ។ យើង​បន្ត​ធ្វើការនេះ​រៀងរាល់​ថ្ងៃ មិន​មែន​គ្រាន់តែ​ដើម្បីធ្វើឱ្យ​ផ្លូវ​ទាំង​នេះ​បើកចំហប៉ុណ្ណោះ​ទេ តែ​ដើម្បីបង្កើន​ការដឹកជញ្ជូន​ជំនួយនិង​ផ្តល់ជំនួយ​ជា​អតិបរិមា​គឺ​ឱ្យ​មាន​ស្បៀង​អាហារ​ មានជំ​នួយ​ច្រើន​ជាងមុ​នដល់មនុស្ស​ច្រើនជាង​មុន​ប្រកប​ដោយ​ប្រសិទ្ធភាព‍»។

ជាការពិត សហរដ្ឋ​អាមេរិក​ រហូត​មកដល់​ពេល​នេះ ជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ដល់​កម្មវិធី WFP ដែល​រហូតមកដល់​ពេល​នេះបាន​ផ្តល់ស្បៀង​អាហារដល់​មនុស្ស​ជិត៨សែន ៦ម៉ឹន​នាក់​នៅក្នុ​ង​តំបន់​ហ្កាហ្សា​ និងតំបន់ West Bank។

លោករដ្ឋមន្ត្រី Blinken បាននិយាយ​ថា៖ «សហរដ្ឋ​អាមេរិក​ផ្តល់​ប្រមាណ៥០ភាគរយ​នៃ​ថវិកា​កម្មវិធី​ស្បៀង​អាហារពិភពលោក-ប្រមាណ៣ពាន់​លាន​ដុល្លារកាលពី​ឆ្នាំទៅ-ហើយយើង​ធ្វើការ​ជាមួយ​កម្មវិធី WFP មិន​មែន​តែនៅ​ក្នុង​ហ្កាហ្សា​ប៉ុណ្ណោះទេ តែ​នៅ​កន្លែង​ច្រើនទៀត​ក្នុង​ពិភពលោក។ នៅពេល​ជា​មួយគ្នា​នេះ យើង​បាន​បញ្ជូន​ម្ហូប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ប្រមាណ៥សែន​ផោន​ ទៅ​កាន់​ប្រទេសអេហ្ស៊ីប​សម្រាប់​ចែកចាយ​ក្នុង​តំបន់​ហ្កាហ្សាកាលពី​ពីរ​ខែមុន​នេះ‍»។

លោក Blinken បាន​និយាយ​ទៀត​ថា៖ «តាមរយៈ​ការប្រឹងប្រែង​ទាំង​នេះ យើង​ប្តេជ្ញាធ្វើអ្វី​ៗទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​កែលម្អស្ថានភាព​សម្រាប់​បុរស ស្ត្រី​និង​កុមារនៅ​តំបន់​ហ្កាហ្សា​ដើម្បីជួយ​ពួក​គេ​ខាង​ស្បៀងអាហារ​ និង​ជំនួយ​មនុស្សធម៌​ឱ្យបាន​ច្រើន​ជាង​មុន‍»៕

XS
SM
MD
LG