តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងធំមួយទៀត ដែលនៅពេលនេះ គឺកិច្ចព្រមព្រៀងរវាងប្រទេសម៉ារ៉ុកនិងប្រទេសអ៊ីស្រាអែល។ នេះ ជាកិច្ចព្រមព្រៀងបែបនេះលើកទី ៤ ក្នុងពេលជាច្រើនខែកន្លងមកនេះ។
នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រទេសអ៊ីស្រាអែលនិងប្រទេសម៉ារ៉ុក នឹងចាប់ផ្ដើមទំនាក់ទំនងការទូតជាមួយគ្នាពេញលេញឡើងវិញ។ កិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការហោះហើរឆ្លងកាត់ និងការហោះហើរដោយផ្ទាល់ទៅកាន់ និងពីប្រទេសអ៊ីស្រាអែល។ ជាងនេះទៀត កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រុមហ៊ុនអ៊ីស្រាអែល និងក្រុមហ៊ុនម៉ារ៉ុក។
តាមរយៈជំហានជាប្រវត្តិសាស្ត្រនេះ ប្រទេសម៉ារ៉ុក នឹងកសាងបន្ថែមលើចំណងទាក់ទងជាយូរមកហើយរបស់ខ្លួនជាមួយសហគមន៍ជាតិសាសន៍ជ្វីហ្វនៅក្នុងប្រទេសរបស់ខ្លួន និងនៅទូទាំងពិភពលោក ដែលក្នុងនោះ មានទាំងប្រទេសអ៊ីស្រាអែលផងដែរ។
កិច្ចព្រមព្រៀងនេះ នឹងពង្រឹងបន្ថែមនូវសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល ហើយស្របពេលនោះដែរបង្កើតឱកាសសម្រាប់ប្រទេសទាំងពីរនៅក្នុងការពង្រឹងបន្ថែមនូវចំណងទាក់ទងសេដ្ឋកិច្ចរបស់ពួកគេ និងកែលម្អជីវភាពរស់នៅរបស់ប្រជាពលដ្ឋរបស់ពួកគេ។
នៅក្នុងឆ្នាំ ១៧៧៧ ប្រទេសម៉ារ៉ុក គឺជាប្រទេសដំបូងគេបង្អស់ដែលផ្ដល់ការទទួលស្គាល់ផ្នែកការទូតដល់សហរដ្ឋអាមេរិក។ នៅឆ្នាំដដែលនោះ ប្រទេសម៉ារ៉ុកបានបើកកំពង់ផែរបស់ខ្លួនទទួលកប៉ាល់នៃសាធារណរដ្ឋអាមេរិកាំងថ្មី ដោយអនុញ្ញាតឲ្យសហរដ្ឋអាមេរិកធ្វើពាណិជ្ជកម្ម និងគាំទ្រដល់ការប្រយុទ្ធដើម្បីសេរីភាព។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មិត្តភាពរបស់យើងនៅតែឋិតថេរ។ រួមជាមួយប្រទេសអ៊ីស្រាអែល និងប្រទេសម៉ារ៉ុក យើងប្រកាសដល់ពិភពលោកថា យើងផ្តោតលើការបើកសក្តានុពលនៃពលរដ្ឋទាំងអស់របស់យើងដើម្បីធានាថា វិបុលភាពនិងសន្តិសុខរបស់ប្រទេសរបស់ពួកយើងនឹងនៅជាបន្តជារៀងរហូត»។
លោកប្រធានាធិបតី Trump ក៏បានទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសម៉ារ៉ុកលើតំបន់ Western Sahara ផងដែរ។ សហរដ្ឋអាមេរិកនៅតែមានជំនឿថា មានតែការចរចានយោបាយប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហារវាងប្រទេសម៉ារ៉ុកនិងក្រុម POLISARIO ដែលជាអង្គារយោធាបែបនយោបាយមួយ ដែលតស៊ូដើម្បីបញ្ចប់ការត្រួតត្រារបស់ប្រទេសម៉ារ៉ុកលើតំបន់ Western Sahara និងដើម្បីឈ្នះឯករាជ្យសម្រាប់តំបន់នោះ។
លោករដ្ឋមន្ត្រី Pompeo បានកត់សម្គាល់ថា៖ «យើងមានជំនឿថា កិច្ចចរចាទាំងនោះ គួរធ្វើនៅក្នុងក្របខណ្ឌនៃផែនការស្វ័យភាពរបស់ប្រទេសម៉ារ៉ុក»។
កិច្ចប្រឹងប្រែងគួរឲ្យសរសើរនេះរបស់ប្រទេសម៉ារ៉ុកដើម្បីលើកកម្ពស់ភាពអត់ឱនផ្នែកសាសនា ដែលមានតាំងពីប្រពៃណីជាប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងការការពារជាតិសាសន៍ភាគតិចជ្វីហ្វនៅក្នុងប្រទេសរបស់ខ្លួន ការលើកកម្ពស់សេរីភាពសាសនានៅក្នុងសេចក្តីប្រកាសទីក្រុង Marrakech រហូតដល់កិច្ចព្រមព្រៀងថ្មីនេះជាមួយប្រទេសអ៊ីស្រាអែល គឺជាឧទាហរណ៍មួយសម្រាប់តំបន់និងពិភពលោកទាំងមូល។
លោករដ្ឋមន្ត្រី Pompeo បានកត់សម្គាល់ថា៖ «មានឃ្លាសំខាន់មួយក្នុងគម្ពីរសាសនាដែលថា «ការធ្វើល្អត្រូវបានសាបព្រោះនៅក្នុងសន្តិភាពដោយអ្នកដែលធ្វើឱ្យមានសន្តិភាព»។ សហរដ្ឋអាមេរិក ប្រទេសអ៊ីស្រាអែល និងប្រទេសម៉ារ៉ុក បានប្រកាន់យកសន្តិភាព ហើយពិភពលោកនឹងល្អប្រសើរជាងមុន»៕