តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីប៉ុន្មានខែថ្មីៗនេះ នៅទូទាំងពិភពលោក ក្រុមពលរដ្ឋសាមញ្ញបានធ្វើបាតុកម្មតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការសង្កត់សង្កិនរបស់រដ្ឋាភិបាល ហើយជាច្រើននាក់មានការបង់ខាតធ្ងន់ធ្ងរ។
នៅពេលល្ងាចមុនទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃទី១០ ខែធ្នូ លោកប្រធានាធិបតី Joe Biden បានគូសបញ្ជាក់ស្ថានភាពនៃក្រុមបាតុករក្លាហានទាំងនោះនៅក្នុងអឌ្ឍគោលផ្ទាល់របស់ស.រ.អ.។ លោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ម្តងទៀត ខ្ញុំអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយរាប់រយនាក់ក្នុងប្រទេសគុយបាដែលនៅតែជាប់ឃុំឃាំងក្រោយពីបាតុកម្មកាលពីថ្ងៃទី១១ កក្កដា ២០២១។ នៅក្នុងការប្រឈមនឹងការសង្កត់សង្កិន បាតុករក្លាហានទាំងនេះប្រើសេរីភាពជាមូលដ្ឋានរបស់ពួកគេ មានរួមសិទ្ធិក្នុងការមានសេរីភាពខាងការនិយាយស្តីបញ្ចេញមតិនិងការប្រមូលផ្តុំគ្នាដោយសន្តិវិធី»។
ជនជាតិគុយបារាប់ម៉ឺននាក់បានធ្វើបាតុកម្មតាមផ្លូវនៅថ្ងៃនោះក្នុងខែកក្កដាដោយមានចំនួនច្រើនមិនធ្លាប់មានពីមុន ដោយតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអំពីកង្វះឱសថ ប្រេងឥន្ធនៈ និងស្បៀងអាហារ ព្រមទាំងប្រឆាំងនឹងការជាន់ឈ្លីសិទ្ធិមនុស្សរបស់ពួកគេជាច្រើនទសវត្សរ៍មកហើយ។ បាតុករច្រើននាក់បានស្រែកបន្ទរថា «សេរីភាព!» និង«មាតុ ភូមិនិងជីវិត!»។
ការយំយែកនិងកង្វល់របស់ពួកគេបានប្រទះនឹងអំពើហិង្សានិងការបង្ក្រាប។ របាយការណ៍ថ្មីបំផុតអំពីសិទ្ធិមនុស្សរបស់ក្រសួងការបរទេសស.រ.អ.ចែងថា «កងកម្លាំងសន្តិសុខបានឆ្លើយតបជាមួយគ្រាប់បែកផ្សែង ការវាយដំនិងការចាប់ខ្លួនបាតុករ»។ មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន មានរួមពួកសកម្មជនសិទ្ធិមនុស្សសំខាន់ៗ ពួកសិល្បករ និងក្រុមមេដឹកនាំសាសនា។
ក្រសួងការបរទេសអាមេរិកាំងបានកត់សម្គាល់ថា «ជនច្រើននាក់ក្នុងក្រុមមនុស្សត្រូវចាប់ឃុំឃាំងបានរាយការណ៍អំពីការប្រព្រឹត្តយ៉ាងឃោរឃៅនិងថោកទាបនៅក្នុងពន្ធនាគារ។ រដ្ឋាភិបាលបានធ្វើការកាត់ក្តីដោយគ្មានគិតគូរច្រើនសម្រាប់បាតុករខ្លះ កាត់ទោសឱ្យជាប់ពន្ធនាគារយូរ ខ្លះរហូតដល់៣០ឆ្នាំក្នុងករណីរាប់រយ និងឃុំឃាំងបាតុករឯទៀតៗឱ្យជាប់ឃុំឃាំងយូរមុនការកាត់ក្តី។ សកម្មជនខ្លះជ្រើសរើសនិរទេសខ្លួននៅក្រៅប្រទេស ហើយរដ្ឋាភិបាលបានបង្ខំបាតុករឯទៀតឱ្យធ្វើដូច្នេះដែរ»។
រហូតមកដល់ថ្ងៃនេះ បាតុករដោយសន្តិវិធីរាប់រយនាក់ដែលត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី១១កក្កដានិងអាទិត្យបន្តបន្ទាប់នៅតែជាប់ឃុំឃាំងក្នុងពន្ធនាគារនៅឡើយ។ តាំងពីមានបាតុកម្មទាំងនោះមក រដ្ឋបាលរបស់លោក Biden និងលោកស្រី Harris បានដាក់កំហិតទណ្ឌកម្មលើមន្ត្រីគុយបារាប់សិបនាក់និងលើកងកម្លាំងពិសេសដែលឃុបឃិតក្នុងការបង្ក្រាបលើក្រុមបាតុករ និងក្រុមប្រឆាំងឯទៀតៗ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «ស.រ.អ.សាមគ្គីជាមួយប្រជារាស្ត្រគុយបានៅពេលពួកគេក្រោកឈរសម្រាប់សិទ្ធិមនុស្សរបស់ពួកគេនិងសម្រាប់ការបញ្ចេញមតិអំពីអនាគតនៃប្រទេសគុយបា។ យើងនឹងបន្តទាមទារឱ្យមានការដោះលែងជនទាំងអស់ដែលត្រូវចាប់ឃុំឃាំងក្នុងពន្ធនាគារនៅក្នុងការបង្ក្រាបឃោរឃៅនេះ និងបន្តធ្វើឱ្យពួកមន្ត្រីគុយបាដែលទទួលខុសត្រូវដល់អំពើហិង្សាប្រឆាំងនឹងការតវ៉ាដោយសន្តិវិធីទាំងនោះ មានការទទួលខុសត្រូវដល់សកម្មភាពរបស់ពួកគេ៕