Accessibility links

 
បទវិចារណកថា៖ លោក​ប្រធានាធិបតី Trump ចាត់ទុក​ក្រុម​កាតែល (Cartel) ជា​អង្គការ​ភេរវកម្ម
Breaking News

បទវិចារណកថា៖ លោក​ប្រធានាធិបតី Trump ចាត់ទុក​ក្រុម​កាតែល (Cartel) ជា​អង្គការ​ភេរវកម្ម


រូបឯកសារ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្បែរ​រថយន្ត​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​របស់​ក្រុម​កាតែល (Cartel) ដុត​ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ក្រុង Culiacan ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
រូបឯកសារ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្បែរ​រថយន្ត​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​របស់​ក្រុម​កាតែល (Cartel) ដុត​ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ក្រុង Culiacan ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

តទៅនេះ​ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​ប្រធានាធិបតី Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រធានាធិបតី​មួយ​ដែល​ចាត់ទុក​ក្រុម​កាតែល (Cartel) និង​អង្គការ​មួយ​ចំនួន​ផ្សេង​ទៀត​ជា​អង្គការ​ភេរវកម្ម​បរទេស​ និង​ជា​ភេរវករ​សាកលលោក។

លោក​ប្រធានាធិបតី Trump បាន​មាន​ប្រសាសន៍​ថា៖ «ក្រុម​កាតែល (Cartel) បាន​ប្រឡូក​ក្នុង​យុទ្ធនាការ​ហិង្សា​និង​ភេរវកម្ម​នៅ​ទូទាំង​តំបន់​អឌ្ឍគោល​ខាង​លិច ដែល​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​ប្រទេស​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ផល​ប្រយោជន៍​ជាតិ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​មាន​ការ​ហូរ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​យ៉ាងច្រើន​នូវ​គ្រឿងញៀន​ដ៏​ប្រល័យ ឧក្រិដ្ឋជន និង​ក្រុម​ជន​អន្ធពាល​ផងដែរ។

ក្រុម​កាតែល (Cartel) ត្រួតត្រា​តាមរយៈ​យុទ្ធនាការ​លួច​ធ្វើឃាត ការ​បំភិត​បំភ័យ ការ​ចាប់​រំលោភ និង​ការ​បង្ខិត​បង្ខំ​ព្រៃផ្សៃ​លើ​ចរាចរណ៍​ខុសច្បាប់​ស្ទើរតែ​ទាំងអស់​នៅ​ទូទាំង​ព្រំដែន​ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក។ ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ម៉ិកស៊ិក ពួកគេ​ដំណើរការ​ដូចជា​ជា​អង្គភាព​រដ្ឋាភិបាល​ដែល​ត្រួតត្រា​ស្ទើរតែ​ទាំងអស់​នៃ​ផ្នែក​របស់​សង្គម​ដូច្នេះ​ដែរ។

លោក​ប្រធានាធិបតី Trump បាន​មាន​ប្រសាសន៍​ថា សកម្មភាព​របស់​ក្រុម​កាតែល (Cartel) គំរាម​កំហែង​ដល់​សុវត្ថិភាព​របស់​ពលរដ្ឋ​អាមេរិកាំង សន្តិសុខ​សហរដ្ឋ​អាមេរិក និង​ស្ថិរភាព​នៃ​របៀប​រៀបរយ​អន្តរជាតិ​នៅ​ក្នុង​តំបន់​អឌ្ឍគោល​ខាង​លិច។ សកម្មភាព​និង​ការ​ទន្ទ្រាន​របស់​ពួកគេ​ចូល​ក្នុង​ទឹកដី​របស់​សហរដ្ឋ​អាមេរិក​បង្ក​ឱ្យ​មាន​ហានិភ័យ​សន្តិសុខ​ជាតិ​ដែល​មិន​អាច​ទទួល​យកបាន​ចំពោះ​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី Trump បាន​លើកឡើង​ថា៖ «តាមរយៈ​ការ​ប្រើ​ច្បាប់ Alien Enemies ឆ្នាំ ១៧៩៨ ខ្ញុំ​នឹង​បញ្ជា​រដ្ឋាភិបាល​របស់​យើង​ឲ្យ​ប្រើ​អំណាច​ដ៏​ពេញលេញ​និង​ធំ​មហិមា​នៃ​ការ​អនុវត្ត​ច្បាប់​សហព័ន្ធ​និង​រដ្ឋ​ដើម្បី​លុប​បំបាត់​វត្តមាន​ជន​អន្ធពាល​បរទេស​និង​បណ្តាញ​ឧក្រិដ្ឋកម្ម​ទាំងអស់​ដែល​នាំ​ឧក្រិដ្ឋកម្ម​ដ៏​បំផ្លិចបំផ្លាញ​មក​កាន់​ទឹកដី​សហរដ្ឋ​អាមេរិក រួមទាំង​ទីក្រុង​នានា​របស់​យើង»។

លោក​ប្រធានាធិបតី Trump បាន​កត់សម្គាល់​ថា ក្រុម​ជន​អន្ធពាល​នានា​ដូចជា​ក្រុម Tren de Aragua និង​ក្រុម La Mara Salvatrucha ដែល​គេ​ស្គាល់​ថា MS-13 ជាដើម​នៅ​បន្ត​គំរាម​កំហែង​ដល់​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី Trump បាន​និយាយ​ថា៖ «យុទ្ធនាការ​នៃ​អំពើ​ហិង្សា​និង​ការ​បំភិត​បំភ័យ​របស់​ពួកគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​នៅ​អន្តរជាតិ​គឺ​មាន​ភាព​ហិង្សា​ហួសហេតុ សាហាវ និង​គំរាម​កំហែង​ស្រដៀងគ្នា​នេះ​ដល់​ស្ថិរភាព​នៃ​របៀប​រៀបរយ​អន្តរជាតិ​នៅ​ក្នុង​តំបន់​អឌ្ឍគោល​ខាង​លិច»។

លោក​ប្រធានាធិបតី Trump បាន​សន្យា «ការពារ​ពលរដ្ឋ​អាមេរិកាំង​និង​បូរណភាព​ទឹកដី​របស់​សហរដ្ឋ​អាមេរិក ដោយ​ធានា​ថា​នឹង​លុប​បំបាត់​ទាំងស្រុង​នូវ​វត្តមាន​របស់​អង្គការ​ទាំង​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​គំរាម​កំហែង​ទឹកដី សុវត្ថិភាព និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​តាមរយៈ​រចនាសម្ព័ន្ធ​បញ្ជា​និង​ត្រួតត្រា​ក្រៅ​ទឹកដី​របស់​ពួកគេ»។

លោក​ប្រធានាធិបតី Trump បាន​បន្ថែម​ថា៖ «ក្នុង​ឋានៈជា​អគ្គមេបញ្ជាការ ខ្ញុំ​មិន​មាន​ការ​ទទួល​ខុសត្រូវ​អ្វី​ជាង​ការ​ការពារ​ប្រទេស​របស់​យើង​ពី​ការ​គំរាម​កំហែង​និង​ការ​ឈ្លានពាន​នោះទេ ហើយ​នេះ​ប្រាកដ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ»៕

XS
SM
MD
LG