តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសហ្វីលីពីនជាប្រទេសសម្ព័ន្ធមិត្តយូរអង្វែងជាងគេរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅឯកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិក និងហ្វីលីពីន (U.S.-Philippines 2+2 Ministerial) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសថា៖ «ទំនាក់ទំនងរបស់យើងផ្អែកលើផលប្រយោជន៍និងគុណតម្លៃរួមគ្នារវាងពលរដ្ឋអាមេរិកនិងហ្វីលីពីន រួមទាំងការប្តេជ្ញាដូចគ្នាចំពោះលទ្ធិប្រជាធិបតេយ្យ។
លោក Blinken បន្តថា សម្ព័ន្ធភាពផ្នែកសន្តិសុខរបស់យើងជាប្រភពថាមពលខ្លាំងក្លា និងស្ថិតស្ថេរសម្រាប់ប្រទេសយើងទាំងពីរ។
លោកថ្លែងថា៖ «យើងផ្តោតលើមធ្យោបាយនានាដើម្បីបន្តភាពជាដៃគូជិតស្និទ្ធរបស់យើង ក្រោមកិច្ចព្រមព្រៀងលើកតម្កើងកិច្ចសហប្រតិបត្តិការយោធា (Enhanced Defense Cooperation Agreement) ដើម្បីឱ្យកងកម្លាំងរបស់យើងអាចធ្វើការកាន់តែជិតដិតជាមួយគ្នា រួមមានផ្នែកផ្តល់ជំនួយមនុស្សធម៌ និងឆ្លើយតបនឹងគ្រោះមហន្តរាយ។ រដ្ឋមន្ត្រីការពារជាតិលោក Austin និងខ្ញុំ ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រហ្វីលីពីន ប្រឆាំងនឹងរាល់ការគំរាមកំហែង ឬការបង្ខិតបង្ខំទាំងឡាយ រួមទាំងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងដើម្បីថៃរក្សាតំបន់មួយដែលត្រូវបានគ្រប់គ្រងដោយច្បាប់អន្តរជាតិ ជាទីដែលទំនិញនិងគំនិត និងមនុស្សម្នាអាចធ្វើដំណើរឆ្លងកាត់ដោយសេរី»។
លោក Blinken ថ្លែងបន្តថា៖ «យើងក៏បានពិភាក្សាគ្នាអំពីការពង្រឹងកាន់តែខ្លាំងនូវទំនាក់ទំនងសេដ្ឋកិច្ចដ៏រស់រវើករវាងប្រទេសយើងទាំងពីរ រួមទាំងតាមរយៈក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF) ផងដែរ»។
លោករដ្ឋមន្ត្រីការបរទេសថ្លែងបន្តថា៖ «យើងកំពុងធ្វើការយ៉ាងជិតដិតជាមួយដៃគូ IPEF ដទៃទៀត ដើម្បីពង្រីកក្របខណ្ឌនេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់យើងកាន់តែខ្លាំង និងត្រឹមត្រូវ ដើម្បីឱ្យពលរដ្ឋទាំងអស់អាចឈានដល់សក្ដានុភាពពេញលេញរបស់ពួកគេ និងដឹកនាំក្នុងបញ្ហានានាដែលកំណត់សេដ្ឋកិច្ចសតវត្សរ៍ទី២១ ហើយសកម្មភាពទាំងនេះ គឺធ្វើឡើងក្នុងរបៀបមួយដែលប្រកបដោយចីរភាពសម្រាប់ភពផែនដីរបស់យើង»។
ប្រទេសទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ និងពង្រឹងសន្តិសុខថាមពល។ សហរដ្ឋអាមេរិកប្តេជ្ញាជួយហ្វីលីពីនសម្រេចបានគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានដល់ ៧៥% ត្រឹមឆ្នាំ២០៣០។ សហរដ្ឋអាមេរិកក៏ផ្តល់ជំនួយបច្ចេកទេសនិងការណែនាំខាងនិយតកម្ម ដើម្បីគាំទ្រដល់ការរីកចម្រើននៃកម្មវិធីថាមពុលនុយក្លេអ៊ែរស៊ីវិលរបស់ហ្វីលីពីនផងដែរ។
ប្រទេសជាច្រើនរួមទាំងហ្វីលីពីនផង បានរងផលប៉ះពាល់ពីបញ្ហាកង្វះស្បៀងអាហារ។ លោករដ្ឋមន្ត្រី Blinken ថ្លែងថា សហរដ្ឋអាមេរិក កំពុងជួយផ្តល់ដំណោះស្រាយចំពោះបញ្ហានេះ ដោយលោកពន្យល់ថា៖
«ក្រុមហ៊ុននានាដែលមានមូលដ្ឋាននៅហ្វីលីពីន ដោយមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងវិស័យឯកជនអាមេរិក កំពុងតែធ្វើឱ្យមានភាពជឿនលឿនឡើងក្នុងការបង្កើតប្រព័ន្ធថែរក្សាអាហារសម្របនឹងអាកាសធាតុ ដែលនេះនាំឱ្យមានកំណើនផលិតភាព និងធ្វើឱ្យស្ថិតស្ថេរដល់ខ្សែចង្វាក់ផ្គត់ផ្គង់»។
លោករដ្ឋមន្ត្រី Blinken ថ្លែងថា៖ «ក្នុងផ្នែកទាំងនេះនិងផ្នែកផ្សេងទៀត សហរដ្ឋអាមេរិកឱ្យតម្លៃនិងមានមោទនភាពជាខ្លាំងចំពោះភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយហ្វីលីពីន»។ សហរដ្ឋអាមេរិករំពឹងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងអាមេរិក-ហ្វីលីពីនឱ្យកាន់តែខ្លាំងទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខ៕