តទៅនេះ ជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
«សហរដ្ឋអាមេរិកមានការតាំងចិត្តដ៏ខ្លាំងបំផុត ដើម្បីការពារ និងលើកតម្កើងសេរីភាពសាសនាសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅគ្រប់ទីកន្លែង»។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅឯសន្និសីទកំពូលសេរីភាពសាសនាអន្តរជាតិ ដែលរៀបចំឡើង និងដឹកនាំដោយអង្គការសង្គមស៊ីវិលកាលពីខែមិថុនា។
លោក Blinken បានថ្លែងថា៖ «សេរីភាពសាសនាជាសិទ្ធិមនុស្ស។ យើងដឹងថា ពិភពលោកមានសុវត្ថិភាព និងស្ថិរភាពកាន់តែខ្លាំងឡើងនៅពេលដែលមនុស្សមានឱកាសប្រតិបត្តិសាសនារបស់ខ្លួនដោយសេរី និងរួមវិភាគទានដោយអស់ពីចិត្តពីថ្លើមរបស់ខ្លួនដល់ភាពជោគជ័យរបស់សហគមន៍ខ្លួន»។
វិធីមួយនៃវិធីនានាដែលក្រសួងការបរទេសផ្សព្វផ្សាយសេរីភាពសាសនា ឬជំនឿនៅបរទេសគឺតាមរយៈការិយាល័យសេរីភាពសាសនាអន្តរជាតិ។
ឯកអគ្គរដ្ឋទូតគោចរសម្រាប់សេរីភាពសាសនាអន្តរជាតិលោក Rashad Hussain បានទាក់ទងជាមួយរដ្ឋាភិបាលបរទេស សមាជិកក្រុមសាសនាជនជាតិភាគតិច អ្នកគាំទ្រអង្គការសង្គមស៊ីវិល និងមេដឹកនាំសាសនាដើម្បីធ្វើឱ្យជឿនលឿនកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងការរួមបញ្ចូលពហុភាព។
កាលពីខែមីនា លោករដ្ឋមន្ត្រីការបរទេស Blinken បានសម្រេចថា សមាជិករបស់យោធានៃប្រទេសភូមាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងមនុស្សជាតិ និងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម។ លោកក៏បានទទួលស្គាល់ដែរពីភាពព្រៃផ្សៃប្រឆាំងនឹងសមាជិករបស់ក្រុមជនជាតិភាគតិចផ្សេងទៀត និងក្រុមអ្នកកាន់សាសនាជនជាតិភាគតិចក្នុងប្រទេសភូមា។
វិធីមួយទៀតដែលក្រសួងការបរទេសធ្វើឱ្យចាប់អារម្មណ៍ដល់និន្នាការសេរីភាពសាសនាគឺតាមរយៈរបាយការណ៍សេរីភាពសាសនាអន្តរជាតិប្រចាំឆ្នាំរបស់ខ្លួន។ របាយការណ៍នៅឆ្នាំនេះបានកត់សម្គាល់ថា ការកើនឡើងនៃការប្រកាន់រើសអើងប្រឆាំងអំបូរជនជាតិជ្វីវ ការសម្អប់អ្នកកាន់សាសនាអ៊ីស្លាម និងការវាយប្រហារលើសមាជិករបស់ក្រុមកាន់សាសនាជនជាតិភាគតិច និងពលរដ្ឋដែលជ្រើសរើសមិនប្រកាន់ជំនឿ។ លោករដ្ឋមន្ត្រីការបរទេស Blinken បានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកនឹងបន្តនិយាយប្រឆាំងអំពីការគំរាមកំហែង ការវាយប្រហារនិងការរើសអើងនៅទីកន្លែងណាដែលវាកើតមានឡើង ហើយនឹងស្វែងរកអង្គការសង្គមស៊ីវិលជាដៃគូនៅក្នុងការលើកស្ទួយសេរីភាពសាសនានេះ។
លោករដ្ឋមន្ត្រីការបរទេស Blinken មានប្រសាសន៍ទៀតថា៖ «យើងមិនអាចធ្វើកិច្ចការនេះដោយមិនមានដៃគូសង្គមស៊ីវិលរបស់យើងទេ។ អង្គការសង្គមស៊ីវិលជួយផ្សព្វផ្សាយសំឡេងរបស់អ្នកដែលទទួលរងគ្រោះមកពីការធ្វើទុកបុកម្នេញនេះ។ អង្គការសង្គមស៊ីវិលជួយធ្វើឱ្យមានការយកចិត្តទុកដាក់ដល់អំពើព្រៃផ្សៃនិងការរំលោភធ្វើបាបនៅទីកន្លែងនានាហើយអង្គការសង្គមស៊ីវិលផ្តល់ការជួយឧបត្ថម្ភ ទីកន្លែងជ្រកពួន ទីកន្លែងសុវត្ថិភាពដើម្បីប្រតិបត្តិជំនឿរបស់ខ្លួនដោយបើកចំហ ឬផ្តល់វេទិកាសម្រាប់អ្នកដែលទទួលរងគ្រោះទាំងនោះអាចនិយាយពីការរងទុក្ខរបស់ពួកគេ»។
លោករដ្ឋមន្ត្រីការបរទេស Blinken បានជំរុញឱ្យក្រុមអង្គការសង្គមស៊ីវិលដែលបានមកចូលរួមសន្និសីទកំពូលសេរីភាពសាសនាអន្តរជាតិឱ្យបន្តភាពជាដៃគូជាមួយសហរដ្ឋអាមេរិក ជាពិសេសគ្រប់សាសនា និងជំនឿដើម្បីធ្វើឱ្យជឿនលឿនដល់បុព្វហេតុនៃសេរីភាពសាសនា។ បន្តកត់ត្រាការរំលោភធ្វើបាបនិងការជឿនលឿន ហើយបន្តឱ្យរដ្ឋាភិបាលនានា រួមទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកផង ឱ្យទទួលខុសត្រូវដើម្បីការពារសិទ្ធិទាំងនេះ។ សហគមន៍នានារបស់យើងនិងប្រទេសនានារបស់យើង នឹងកាន់តែប្រសើរឡើង ដោយសារកិច្ចខិតខំប្រឹងប្រែងនេះរបស់អង្គការសង្គមស៊ីវិល៕