តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្នុងពេលជាង៧ទសវត្សរ៍ ស.រ.អ.និងប្រទេសហ្វីលីពីនបានហ្វឹកហ្វឺននិងប្រយុទ្ធរួមគ្នា។ រដ្ឋមន្ត្រីការពារប្រទេសស.រ.អ.លោក Lloyd Austin បាននិយាយថា៖ «នៅថ្ងៃនេះយើងកសាងបន្តលើចំណងទាក់ទងគ្នានេះដើម្បីឱ្យមានសន្តិសុខ ស្ថិរភាព និងភាពសំបូររុងរឿងជាងមុនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់ពេល៧០ឆ្នាំតទៅទៀត និងលើសពីនេះផងដែរ»។
ស.រ.អ.និងប្រទេសហ្វីលីពីនបានបញ្ជាក់ជាថ្មីថា សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករបស់ពួកគេនៅតែជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ។ លោករដ្ឋមន្ត្រី Austin បានពន្យល់ថាសន្ធិសញ្ញានេះ «អនុវត្តបានចំពោះការវាយប្រហារលើកងយោធពលរបស់យើង កងយន្តហោះយើង ឬនាវាសាធារណៈ មានរួមកងឆ្មាំឆ្នេរសមុទ្ររបស់យើង នៅកន្លែងណាមួយក្នុងសមុទ្រចិនខាងត្បូង»។
លោករដ្ឋមន្ត្រី Austin បាននិយាយថា ប្រទេសជាតិទាំងពីរនេះបានពិភាក្សាគ្នាអំពីផែនការបើកកន្លែងថ្មីៗសម្រាប់ពង្រឹងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារនៅក្នុងកោះ Palawan និងប៉ែកខាងជើងកោះ Luzon។
លោក Austin និយាយថា៖ «កន្លែងទាំងនេះនឹងគាំទ្រសមយុទ្ធហ្វឹកហ្វឺនរួមគ្នានិងអន្តរប្រតិបត្តិការរវាងកងកម្លាំងរបស់យើងដើម្បីធ្វើឱ្យប្រាកដថា យើងប្រុងប្រៀបល្អប្រសើរជាងមុនសម្រាប់វិបត្តិក្នុងពេលអនាគត»។
នៅមុនដំណាច់ឆ្នាំសារពើពន្ធ២០២៣ គេរំពឹងថា ស.រ.អ.នឹងចំណាយប្រាក់ជាង១០០លានដុល្លារសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងសម្រាប់ពង្រឹងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារថ្មីៗ និងមានស្រាប់។ លោករដ្ឋមន្ត្រី Austin បានថ្លែងថា ការបណ្តាក់ទុនទាំងនោះនឹងបង្កើនការងារនិងនាំឱ្យសេដ្ឋកិច្ចលូតលាស់ក្នុងសហគមន៍មូលដ្ឋាននៃប្រទេសហ្វីលីពីន។ លោកបាននិយាយទៀតថា៖ «យើងក៏សន្យាថា រៀបចំឲ្យរួចរាល់នូវគោលការណ៍ណែនាំខាងការការពារទ្វេភាគីរវាងស.រ.អ.និងហ្វីលីពីន ដែលបង្ហាញទស្សនៈវិស័យរបស់យើងសម្រាប់កិច្ចសហប្រតិបត្តិការសម្ព័ន្ធភាពនៅទូទាំងផ្នែកប្រតិបត្តិការទាំងអស់មានរួមអវកាស និងបណ្តាញអ៊ីនធឺណិត»។
លោករដ្ឋមន្ត្រី Austin និងសមភាគីហ្វីលីពីនរបស់លោកគឺលោករដ្ឋមន្ត្រីការពារជាតិ Galvez បានយល់ស្របគ្នាបង្កើនការប្រឹងប្រែងទ្វេដងរបស់អស់លោកដើម្បីពង្រឹងសមត្ថភាពរបស់ស.រ.អ.និងហ្វីលីពីនសម្រាប់ទប់ទល់នឹងការវាយប្រហារដោយអាវុធដោយធ្វើឱ្យកងយោធពលស.រ.អ.និងហ្វីលីពីនទំនើប។ មេដឹកនាំទាំងនេះក៏បានពិភាក្សាគ្នាដែរអំពីផែនការប្រគល់រ៉ាដា ប្រព័ន្ធយន្តហោះគ្មានមនុស្សបើកយន្តហោះដឹកជញ្ជូនយោធា និងប្រព័ន្ធការពារឆ្នេរសមុទ្រនិងដែនអាកាសក្នុងពេលពី៥ ទៅ១០ឆ្នាំខាងមុខ។
លោករដ្ឋមន្ត្រី Austin បាននិយាយថា ការប្តេជ្ញាថ្មីៗខាងការការពារទាំងនេះនឹង«រួមបញ្ចូលគ្នាចំណងទាក់ទងទ្វេភាគីខ្លាំងក្លារបស់យើងទៅក្នុងបណ្តាញពហុភាគី មានរួមជាមួយជប៉ុននិងអូស្ត្រាលី ហើយយើងបានពិភាក្សាគ្នាអំពីផែនការធ្វើសកម្មភាពក្នុងសមុទ្ររួមគ្នាជាមួយដៃគូមានចិត្តគំនិតដូចគ្នាក្នុងសមុទ្រចិនខាងត្បូងនៅចុងឆ្នាំនេះនៅពេលយើងធ្វើការរួមគ្នាដើម្បីពង្រឹងការធ្វើឱ្យរាថយនានា»។
លោករដ្ឋមន្ត្រី Austin បានមានប្រសាសន៍ថា៖ «សម្ព័ន្ធភាពរបស់យើងត្រូវបាននាំមុខដោយការប្តេជ្ញាស៊ីជម្រៅនិងស្ថិតស្ថេររបស់យើងដល់សេរីភាព។ ដូច្នេះ យើងមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ យើងក៏ជាសម្ព័ន្ធប្រជាធិបតេយ្យផងដែរ ហើយស.រ.អ.និងហ្វីលីពីនមានចំណងភ្ជាប់គ្នាដោយទស្សនៈវិស័យរួមគ្នាមួយសម្រាប់អនាគត គឺជាទស្សនៈវិស័យមួយផ្អែកលើនីតិរដ្ឋ សេរីភាពក្នុងសមុទ្រ និងការគោរពបូរណភាពដែនដីនៃរដ្ឋអធិបតេយ្យ»៕