Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋអាមេរិក​និង​ប្រទេស​ឥណ្ឌា​ពង្រឹង​ភាពជាដៃគូ​របស់​ពួកគេ


លោកប្រធានាធិបតី Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi តាមអនឡាញ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
លោកប្រធានាធិបតី Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi តាមអនឡាញ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

មេដឹកនាំនៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ជាង​គេ​ពីរ​ក្នុង​ពិភពលោក គឺ​សហរដ្ឋ​អាមេរិកនិងប្រទេស​ឥណ្ឌា​ បានជួប​ប្រជុំ​គ្នាកាលពីពេល​ថ្មីៗ​នេះនៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និងនាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra Modi បានជួប​ប្រជុំ​គ្នា​តាម​ប្រព័ន្ធ online កាលពី​ថ្ងៃ​ទី១១ មេសា កន្លង​ទៅ​ នៅ​មុនការ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ២+២ ​រវាង​ស.រ.អ. និង​ប្រទេស​ឥណ្ឌា ដែល​ត្រូវ​បានធ្វើនៅ​ថ្ងៃ​ជា​មួយ​គ្នារវាងប្រមុខ​ការទូត និងមន្ត្រី​ខាង​ការពារ​ជាតិនៃ​ប្រទេស​ទាំង​ពីរ។​

ខ្លឹម​សារ​សង្ខេប​ដែល​ផ្សព្វផ្សាយ​ដោយសេតវិមាន ស្តី​ពី​កិច្ចសន្ទនាគ្នា​តាម​ទូរស័ព្ទរបស់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ បានឲ្យ​ដឹង​ថា ពួកគេ«បានប្តេជ្ញាពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិកនិង​ឥណ្ឌាតាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល​ស្អាត បច្ចេកវិទ្យានិងកិច្ច​សហកា​រ​យោធា​ ក៏ដូច​ជា​ការ​ពង្រីកចំណង​ទាក់​ទង​គ្នា​ខាង​សេដ្ឋកិច្ច និងការទាក់ទង​គ្នារវាង​ប្រជាជន​និង​ប្រជាជន​ផង​ដែរ។ ឥស្សរជន​ទាំង​ពីរនាក់នេះ​ក៏​បាន​សន្យា​ផងដែរ​ថា នឹង​បន្ត​កិច្ចសហការ​ទ្វេភាគី​និង​ពហុភាគី​ក្នុង​ការបញ្ឈប់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ពង្រឹងសន្តិសុខ​សុខភាព​សាកល ជំរុញ​សន្តិសុខ​ស្បៀង​សាកល និង​ធានា​ពី​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ។ មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ ​ក៏​គូសបញ្ជាក់ពី​ការ​ប្តេជ្ញាចិត្តរួមគ្នារបស់​ពួក​គេ​ ក្នុ​ងឋានៈ​ជា​មេដឹកនាំ​នៃប្រទេស​ប្រជាធិបតេយ្យ​ធំជាង​គេពីរ​ក្នុងពិភពលោក ក្នុង​ការ​គោរព​អធិបតេយ្យភាពនិងបូរណភាព​ដែនដី​នៃ​ប្រទេស​ជាតិ​ទាំង​អស់ក្នុង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​និង​លើសពី​នោះទៅ​ទៀត»។​

នៅ​ក្នុង​ជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រី​ ២+២ រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.លោក Antony Blinken និងរដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកលោក Lloyd Austin ​បានជួ​ប​ជា​មួយ​សមភាគីឥណ្ឌា​របស់​ពួក​គេ គឺរដ្ឋមន្ត្រី​កិច្ចការ​ក្រៅ​ប្រទេសឥណ្ឌា​លោក​ Subrahmanyam Jaishankar និងរដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក​ Rajnath Singh ​ហើយ​បាន​ពិភាក្សា​គ្នា​អំពីបញ្ហា​ទាំង​នេះនិង​ប្រធានបទ​ដទៃ​ផ្សេងៗ​ទៀត។​ ថ្លែងទៅ​កាន់​ពួក​អ្នកកាសែតនៅ​ក្រោយ​ជំនួប​នោះ​ លោក​រដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍ថា «នៅថ្ងៃ​នេះ​ យើង​បានបញ្ជាក់​ជា​ថ្មី​អំពីការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​លើក​កម្ពស់ស្ថិរភាព​តំបន់ ​នីតិ​រដ្ឋ ការ​ដោះ​ស្រាយ​ជម្លោះដោយសន្តិវិធី​ និងការ​ពង្រីកភាព​ដៃ​គូ​យុទ្ធសាស្ត្ររបស់​យើ​ងជា​មួយសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ផងដែរ»។​

​រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិកលោក Lloyd Austin ​បានមានប្រសាសន៍​ថា ការប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​នេះបង្ហាញ​ថា ​ស.រ.អ​.និងប្រទេស​ឥណ្ឌា​«ធ្វើការ​ជា​មួយ​គ្នាដើម្បីកសាង​ភាពជា​ដៃគូសំ​ខាន់​បំផុតក្នុង​យុគសម័យ​យើង​នេះ។ ថ្ងៃនេះ​យើង​បានធ្វើ​ការ​សន្យា​សំខាន់ៗ ដែល​នឹង​ជំរុញ​ការ​បញ្ចូល​របៀប​ថ្មីៗខាង​បច្ចេកវិទ្យានិង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ថ្មីៗ ​ដែល​រួមមាន​ក្នុង​លំហរ​អាកាស​និង​តាម​ប្រព័​ន្ធ​កំព្យូទ័រផង​ដែរ»។

លោករដ្ឋមន្ត្រី​ Austin បាន​សរសើរ​សេចក្តី​សម្រេច​ចិត្ត​របស់កងទ័ព​ជើង​ទឹក​ឥណ្ឌា​ ក្នុង​ការ​ចូល​រូមក្នុងកង​កម្លាំងការពារ​ដែន​ទឹក​រួម​គ្នា និង​ការ​ប្តេជ្ញាចិត្តរបស់​អាមេរិក​និង​ឥណ្ឌា ក្នុង​ការ​ចូលរួម​ក្នុងសមយុទ្ធយោធា​ទ្រង់ទ្រាយ​ធំ​រួម​គ្នា​បន្ថែម​ទៀត។ លោកក៏​បាន​ស្វាគមន៍​ការសន្យារបស់​ស.រ.អ.និង​ប្រទេសឥណ្ឌា​ ក្នុង​ការ​ពង្រឹង​ចំណង​ទាក់ទងជា​មួយ​បណ្តាប្រទេស​ ដែល​មានចិត្តគំនិតដូច​គ្នា ដូច​ជា​ប្រទេស​ជប៉ុន អូស្ត្រាលីនិងសម្ព័ន្ធ​មិត្ត​អឺរ៉ុប ជាដើម។​

លោក​រដ្ឋមន្ត្រី Austin ក៏​បានបន្ថែម​ទៀត​ថា​ ​ស.រ.អ.និង​ប្រទេស​ឥណ្ឌា​មិន​គ្រាន់តែ​មាន​ចំណង​ទាក់ទង​គ្នា​ដោយផ្អែក​លើ​ផល​ប្រយោជន៍​រួម​គ្នាតែប៉ុណ្ណោះទេ ក៏​ប៉ុន្តែ «យើងក៏មាន​ទំនាក់​ទំនង​ដោយ​ឈរ​លើ​គុណតម្លៃ​ ​និង​ការ​ប្តជ្ញា​ចិត្ត​រួម​គ្នា។ វិនិយោគ​ដែល​យើង​ធ្វើ​ជា​មួយ​គ្នានៅ​ថ្ងៃ​នេះ ​នឹង​ជួយ​ឱ្យប្រាកដថា​ ទស្សនវិស័យរូមគ្នារបស់​យើងស្តី​ពីតំប់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​មួយ​ ដែលមានសន្តិសុខ បើក​ចំហ​ និងវិបុលភាព​ នឹងរីកចម្រើនលូត​លាស់​ ​ក្នុង​ពេលជា​ច្រើន​ទសវត្សរ៍​ទៅមុខទៀត»៕

XS
SM
MD
LG