Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​បាន​បង្កើន​ការ​គាំទ្រ​សិទ្ធិ​មនុស្ស


រូបឯកសារ៖ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Uzra Zeya ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ​នៅឯទីស្នាក់ការកណ្តាលរបស់អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Uzra Zeya ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ​នៅឯទីស្នាក់ការកណ្តាលរបស់អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤។

តទៅ​នេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​តាំងចិត្ត​ផ្តល់​អាទិភាព​លើ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​គោលនយោបាយ​ការបរទេស​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Uzra Zeya នៅ​ក្នុង​សុន្ទរកថា​កាលពី​ពេល​ថ្មីៗ​នេះ​នៅឯ​ពិធី​ប្រគល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

អ្នកស្រី​បាន​ថ្លែង​ថា៖ «យើង​បាន​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅមុខ​និង​នវានុវត្តន៍​ដ៏​សំខាន់​ដែល​នឹង​បន្សល់​ទុក​នូវ​កេរដំណែល​ដ៏​យូរ​អង្វែង​អំពី​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​សាកលលោក ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការ​លើកស្ទួយ​ដល់​ស្ថាប័ន​សាកល​នានា​ដើម្បី​ឆ្លើយតប​ដល់​អាទិភាព​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។ នៅ​ក្នុង​អាទិភាព​នោះ​យើង​បាន​ធ្វើការ​តាំងចិត្ត​យ៉ាង​មុតមាំ​នៅក្នុង​ការ​អះអាង​ជាថ្មី​អំពី​ភាព​ជា​អ្នក​ដឹកនាំ​បែប​ពហុភាគី​របស់​សហរដ្ឋ​អាមេរិក ការ​វិល​ត្រឡប់​ទៅ​រក​ស្ថាប័ន​នានា​របស់​អង្គការ​សហប្រជាជាតិ​ដូចជា​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស និង​ការ​ស្ថាបនា​ចំណង​ទាក់ទង​ថ្មី​ជាមួយ​ដៃគូ​ថ្មី​និង​ដៃគូ​ដែល​លេចឡើង​ខ្លាំង»។

លទ្ធផល​ដ៏​សំខាន់​រួមមាន​ការ​បញ្ឈប់​រុស្ស៊ី​បណ្តោះអាសន្ន​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ដោយសារតែ​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន និង​ការ​ធ្វើ​ឱ្យ​មាន​ការ​មូលមតិ​គ្នា​ជា​សាកល​លើ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ដំបូង​បង្អស់​ស្តីពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ទៅមុខ​នូវ​បច្ចេកវិទ្យា AI ដែល​មាន​សុវត្ថិភាព សន្តិសុខ និង​ទំនុកចិត្ត​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព។

អ្នកស្រី​រដ្ឋលេខាធិការ Zeya បាន​និយាយ​ថា៖ «យើង​ក៏​បាន​សម្រេច​បាន​នូវ​សន្ធិសញ្ញា​ដំបូង​បង្អស់​របស់​ពិភពលោក​ស្តីពី​បច្ចេកវិទ្យា AI នៅឯ​ក្រុមប្រឹក្សា​អឺរ៉ុប​ផងដែរ ដែល​សន្ធិសញ្ញា​នេះ​កំណត់​នូវ​ចក្ខុវិស័យ​រួម​អំពី​ថាតើ​រដ្ឋាភិបាល​ដែល​គោរព​សិទ្ធិ​មនុស្ស​នឹង​គិតគូរ​យ៉ាង​ដូចម្ដេច​ចំពោះ​បច្ចេកវិទ្យា AI នេះ​នៅក្នុង​របៀប​មួយ​ដែល​ស្រប​ទៅតាម​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ»។

អ្នកស្រី​រដ្ឋលេខាធិការ Zeya បាន​បន្ថែម​ថា៖ «យើង​ក៏​បាន​ប្រើ​មធ្យោបាយ​ថ្មីៗ​និង​ប្លែកៗ​ដើម្បី​ធ្វើ​ឱ្យ​ពួក​អ្នក​រំលោភ​សិទ្ធិ​ទទួល​ខុសត្រូវ​ផងដែរ»។

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា៖ «យើង​បាន​ពង្រីក​មធ្យោបាយ​របស់​យើង​ដោយ​មាន​គោលដៅ​យុទ្ធសាស្ត្រ​នៃ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​និង​កម្លា​រារាំង​អ្នក​រំលោភ​សិទ្ធិ​មនុស្ស។ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​និង​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក យើង​បាន​ប្រើប្រាស់​ការ​ត្រួតត្រា​ការ​នាំចេញ​និង​ការ​ដាក់​ទណ្ឌកម្ម​ដើម្បី​ធ្វើ​ឱ្យ​ពួក​អ្នកលក់​មេរោគ Spyware របស់​កុំព្យូទ័រ​បែប​ពាណិជ្ជកម្ម​ដូចជា​ក្រុមហ៊ុន NSO Group, Intellexa, Cytrox និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ទទួល​ខុសត្រូវ​ចំពោះ​ការ​លក់​ឧបករណ៍​លប​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​ទៅ​ឱ្យ​អ្នក​ដែល​ជិះជាន់​លើ​សិទ្ធិ​មនុស្ស​និង​អ្នក​ដែល​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស»។

ក្រសួង​ការបរទេស​អាមេរិក​បាន​បន្ត​កិច្ច​ប្រឹងប្រែង​ទាំងនេះ​តាម​រយៈ​ការ​អនុវត្ត​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​បុគ្គល​ដែល​ប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​កម្មវិធី Spywareពាណិជ្ជកម្ម ឬ​ទទួល​បាន​ប្រយោជន៍​ហិរញ្ញវត្ថុ​ពី​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​បច្ចេកវិទ្យា​នេះ ក៏ដូចជា​លើ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ផងដែរ។

អ្នកស្រី​រដ្ឋលេខាធិការ Zeya បាន​ប្រកាស​ថា នៅ​ទីបញ្ចប់ សហរដ្ឋ​អាមេរិក​បាន​តតាំង​នឹង​បញ្ហា​គំរាម​កំហែង​ថ្មី​និង​បញ្ហា​គំរាមកំហែង​ដែល​កំពុង​លេចឡើង​ដោយ​ចំមុខ​តែម្ដង។

អ្នកស្រី​រដ្ឋលេខាធិការ​ថ្លែង​ថា៖ «យើង​បាន​ដាក់​ការ​គាបសង្កត់​ឆ្លង​ប្រទេស ឬ TNR នៅ​លើ​របៀបវារៈ​របស់​អង្គការ​សហប្រជាជាតិ​និង​បាន​បង្កើត​គោលនយោបាយ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​ដើម្បី​រឹតត្បិត​ទិដ្ឋាការ​ចំពោះ​ជនល្មើស។ យើង​ក៏​បាន​ផ្តល់​ថវិកា​ជាង ១៦ លាន​ដុល្លារ​នៅក្នុង​កម្មវិធី​មួយ​ចំនួន​ដែល​កំពុង​ដំណើរការ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នោះ​ដែល​ធ្វើការ​ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​ក្នុង​នោះ​រួមមាន​ទាំង​អ្នក​កាសែត​ដែល​កំពុង​ធ្វើការ​ដើម្បី​លាតត្រដាង​អំពើ​ពុករលួយ​ផងដែរ»។

សហរដ្ឋ​អាមេរិក​ឈរ​យ៉ាង​រឹងមាំ​ដើម្បី​បន្ត​ការពារ​និង​លើកស្ទួយ​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក៕

XS
SM
MD
LG