តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ខែធ្នូ ឆ្នាំ២០២៣ កំណត់ខួបទី៧៥ឆ្នាំនៃការអនុម័តសេចក្តីប្រកាសសាកលនៃសិទ្ធិមនុស្សដែលជាឯកសារមួយក្នុងបណ្តាឯកសារមានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រទំនើប។ ការណ៍ដែលគេមិនសូវដឹង គឺការពិតជាក់ស្តែងថា ឆ្នាំ២០២៣ ក៏ជាខួបឆ្នាំទី១០នៃការបង្កើតគណៈកម្មការអង្គការសហប្រជាជាតិស៊ើបអង្កេតអំពីសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ DPRK ឬប្រទេសកូរ៉េខាងជើង។ នៅក្នុងរបាយការណ៍របស់ខ្លួន គណៈកម្មការនេះសន្និដ្ឋានថា ការរំលោភសិទ្ធិមនុស្សដោយសាធារណរដ្ឋ DPRK ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ជាការពិត រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិនៃប្រទេសកូរ៉េខាងត្បូងលោក Kim Yung-ho បានកត់សម្គាល់កាលពីពាក់កណ្តាលខែធ្នូថា «ទោះជាមានការប្រឹងប្រែងអន្តរជាតិ រួមទាំងមានសេចក្តីសម្រេចចិត្តអំពីសិទ្ធិមនុស្សនៅកូរ៉េខាងជើងក៏ដោយ ក៏ការរំលោភលើសិទ្ធិមនុស្សនៅតែមានដដែលនៅកូរ៉េខាងជើង»។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសអាល់បានី ជប៉ុន សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមមួយសម្តែងកង្វល់ខ្លាំងរបស់ពួកគេអំពីការធ្វើបាបដ៏សែនអាក្រក់របស់របបគ្រប់គ្រងកូរ៉េខាងជើងលើពលរដ្ឋរបស់ខ្លួនផ្ទាល់។
បើតាមសេចក្តីថ្លែងការណ៍នេះថា «រដ្ឋាភិបាលសាធារណរដ្ឋ DPRK បន្តរំលោភខ្លាំងក្លាលើសិទ្ធិមនុស្ស ហើយប្រជាជនកូរ៉េខាងជើងនៅតែមិនអាចប្រើសិទ្ធិរបស់ពួកគេបានទេ»។ នេះមានរួមសេរីភាពក្នុងការនិយាយស្តីបញ្ចេញមតិ ការគិតពិចារណា មនសិការ និងការគោរពសាសនាព្រមទាំងការប្រមូលផ្តុំគ្នាដោយសន្តិវិធី ការចូលរួម ការធ្វើដំណើរ សិទ្ធិឯកជន និងសិទ្ធិគ្មានការជ្រៀតជ្រែកក្នុងឯកជនភាពតាមអំពើចិត្តនិងដោយខុសច្បាប់។ «រដ្ឋាភិបាលសាធារណរដ្ឋ DPRK នៅតែបន្តបង្ក្រាបប្រជាជនខ្លួនតាមរយៈការគ្មាននីតិរដ្ឋ ការត្រួតពិនិត្យនិងការរើសអើងខាងមតិនយោបាយ ប្រភពជាតិ ឬសង្គម ទ្រព្យធន កំណើត ឬឋានៈឯទៀតៗ»។
កាលពីចុងខែសីហា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបើកព្រំដែនខ្លួន ក្រោយពីបានបិទបីឆ្នាំកន្លះដើម្បីបញ្ចៀសការរាតត្បាតជំងឺកូវីដ១៩។ តែប្រទេសនេះអនុញ្ញាតឱ្យតែពលរដ្ឋខ្លួនដែលជាប់គាំងនៅក្រៅប្រទេសវិលត្រឡប់ទៅប្រទេសវិញ នាំឱ្យមានការបារម្ភថ្មីៗអំពីការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំនូវពលរដ្ឋកូរ៉េខាងជើងដែលស្វះស្វែងសុំសិទ្ធិជ្រកកោននៅប្រទេសក្រៅ។
ជាការពិត កាលពីដើមខែតុលា អាជ្ញាធរចិនបានបង្ខិតបង្ខំមនុស្សជាង៥០០នាក់ដែលរត់គេចខ្លួនពីកូរ៉េខាងជើងឱ្យវិលត្រឡប់ទៅប្រទេសពួកគេវិញ បណ្តាលឱ្យពួកគេប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ មានរួមទាំងការប្រហារជីវិតផងដែរ។
សេចក្តីថ្លែងការណ៍នេះចែងថា «យើងអំពាវនាវដល់ពួករដ្ឋជាសមាជិកទាំងអស់នៃអ.ស.ប.ឱ្យប្រព្រឹត្តតាមកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ពួកគេនិងគោរពគោល ការណ៍នៃការមិនបង្ខំធ្វើមាតុភូមិនិវត្តន៍»។
សេចក្តីថ្លែងការណ៍នេះនិយាយទៀតថា «យើងអំពាវនាវដល់សាធារណរដ្ឋ DPRK ឱ្យធ្វើតាមកាតព្វកិច្ចខ្លួនតាមរយៈច្បាប់អន្តរជាតិដើម្បីចាត់វិធានការជាបន្ទាន់សម្រាប់បញ្ឈប់ការរំលោភសិទ្ធិមនុស្សទាំងអស់ និងទាក់ទងជាមួយពួកអ្នកជំនាញខាងសិទ្ធិមនុស្សរបស់អ.ស.ប.ដើម្បីធ្វើឱ្យសម្រេចបំណងនេះ។ យើងក៏អំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ឱ្យចូលរួមជាមួយយើងក្នុងការធ្វើឱ្យរដ្ឋាភិបាលសាធារណរដ្ឋ DPRK ទទួលខុសត្រូវដល់ការរំលោភសិទ្ធិមនុស្សរបស់ខ្លួន»៕