តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ការផ្តល់សេវាថែទាំសុខភាព គឺជាការវិនិយោគទៅលើធនធានមនុស្ស និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ វារួមចំណែកដល់ការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនិងជួយសម្រួលដល់ការសម្រេចបានពេញលេញនូវសក្តានុពលរបស់មនុស្ស។
ខាងលើនេះគឺជាហេតុផលមួយចំនួនដែលនាំឱ្យអង្គការសហប្រជាជាតិរួមបញ្ចូលសេវាថែទាំសុខភាពសម្រាប់មនុស្សទាំងអស់គ្នាទៅក្នុងចំណោមគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលនឹងត្រូវសម្រេចឱ្យបាននៅឆ្នាំ២០៣០។ ដើម្បីជួយសម្រេចឱ្យបាននូវគោលដៅនេះ កាលពីដើមខែតុលា ឆ្នាំ២០២៣នេះ អង្គការសហប្រជាជាតិបានអនុម័តសេចក្តីប្រកាសស្តីពីការបង្ការជំងឺរាតត្បាត ការផ្តល់សេវាថែទាំសុខភាពជាសកល និងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង។
សហរដ្ឋអាមេរិកអបអរសាទរចំពោះការអនុម័តសេចក្តីប្រកាសទាំងបីនោះ។ អ្នកស្រី Lisa Carty អ្នកតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ បាននិយាយថា៖ «សហរដ្ឋអាមេរិក គឺជាមេដឹកនាំដែលមានមោទនភាព និងជាប្រទេសដែលផ្តល់ជំនួយដ៏ធំបំផុតក្នុងផ្នែកសុខភាពពិភពលោក ដោយផ្តល់ជំនួយដែលគិតជាទឹកប្រាក់មានចំនួនជាង ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំ»។
អ្នកស្រី Lisa Carty ថ្លែងថា៖ «សហរដ្ឋអាមេរិកបានបញ្ជាក់ម្តងហើយម្តងទៀតនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនក្នុងការពង្រឹងសន្តិសុខផ្នែកសុខភាពពិភពលោក និងការទទួលស្គាល់អំពីតម្រូវការក្នុងការដែលត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីធានាថា ដៃគូរបស់យើងនៅជុំវិញពិភពលោកបានត្រៀមខ្លួនកាន់តែល្អជាងមុនក្នុងការដោះស្រាយការគំរាមកំហែងផ្នែកសុខភាពនាពេលអនាគត»។
អ្នកស្រី Lisa Carty ថ្លែងទៀតថា៖ «ពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ដោយមានមនុស្សជិតមួយពាន់លាននាក់បានឆ្លង និងមនុស្សជាង៧លាននាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ហើយក្នុងនោះផងដែរ វាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ជីវភាពរស់នៅ និងប្រព័ន្ធសុខាភិបាល»។
អ្នកស្រី Lisa Carty បានថ្លែងបន្តទៀតថា៖ «ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ហាញថា ក្នុងនាមជាសហគមន៍សាកល យើងមិនបានត្រៀមខ្លួនទុកជាមុនទេ។ យើងត្រូវដោះស្រាយបញ្ហាចន្លោះប្រហោងដែលបានលាតត្រដាងឡើងនៅពេលដែលមានការរាតត្បាតដោយជំងឺកូវីដ១៩ ហើយយើងត្រូវត្រៀមខ្លួនសម្រាប់ពេលអនាគត។ សហរដ្ឋអាមេរិកកំពុងបញ្ចូលអ្វីដែលខ្លួនបានរៀនពីការរាតត្បាតដោយជំងឺកូវីដ១៩ ទៅក្នុងចំណាត់ការមូលដ្ឋានដែលខ្លួនកំពុងធ្វើជាបន្តបន្ទាប់ ហើយបន្តធ្វើការដែលជាចំណែករបស់យើងដើម្បីត្រៀមខ្លួន និងឆ្លើយតបទៅនឹងគ្រាអាសន្នផ្នែកសុខភាពនៅលើកក្រោយ»។
អ្នកស្រី Lisa Carty ថ្លែងទៀតថា គេគួរកត់សម្គាល់ថា វិធានការទាក់ទងនឹង«ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង កើតឡើងនៅក្នុងពេលដ៏សំខាន់។ ខណៈពេលដែលពិភពលោកនៅតែបន្តបោះជំហានឆ្ពោះទៅរកការផ្តល់សេវាថែទាំសុខភាពជាសកល និងធ្វើការឱ្យមានប្រសិទ្ធភាពជាងមុនដើម្បីរារាំងមិនឱ្យមានជំងឺរាតត្បាត ការត្រៀមលក្ខណៈនិងការឆ្លើយតបនោះ ជំងឺរបេងដែលជាជំងឺមានអាយុកាលដ៏យូរលង់និងដ៏អាក្រក់នេះ បានឆក់យកជីវិតមនុស្សជាង ១ លាន ៦ សែននាក់ក្នុងមួយឆ្នាំៗ»។
អ្នកស្រី Lisa Carty ថ្លែងទៀតថា៖ «សហរដ្ឋអាមេរិកនៅតែជាម្ចាស់ជំនួយទ្វេភាគីដ៏ធំបំផុតក្នុងការផ្តល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីបញ្ចប់ជំងឺរបេង ដោយកិច្ចប្រឹងប្រែងនេះបានជួយសង្គ្រោះជីវិតមនុស្សជាង ៧៥ លាននាក់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលយើងបានធ្វើការជាមួយដៃគូដើម្បីបញ្ចប់ជំងឺរបេងតាមរយៈការតាមដាន កម្មវិធីនានា និងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ។ យើងនឹងបន្តកិច្ចសហប្រតិបត្តិការទាំងនេះ ដោយរួមទាំងតាមរយៈការរួមចំណែករបស់យើងនៅក្នុងមូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់»។
អ្នកស្រី Lisa Carty ថ្លែងទៀតថា៖ «ចំពោះការផ្តល់សេវាថែទាំសុខភាពជាសកលវិញ សហរដ្ឋអាមេរិកសាទរចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញអាទិភាពនេះ ដែលជាផ្នែកដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវសមធម៌ផ្នែកសុខភាពសាកល និងការពង្រឹងសន្តិសុខផ្នែកសុខភាពសាកល»៕