Accessibility links

Breaking News

បទវិចារណកថា៖ ការខ្វែង​គំនិតគ្នា​ប្រកប​ដោយ​គ្រោះថ្នាក់​អំពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ


រូបឯកសារ៖ គ្រាប់រ៉ុក្កែត Unha-3 របស់​កូរ៉េ​ខាងជើង​ត្រូវបាន​បាញ់​​បង្ហោះ​ចេញ​ពី​កន្លែង​បាញ់​បង្ហោះ Sohae នៅ Tongchang-ri ប្រទេស​កូរ៉េ​ខាងជើង។
រូបឯកសារ៖ គ្រាប់រ៉ុក្កែត Unha-3 របស់​កូរ៉េ​ខាងជើង​ត្រូវបាន​បាញ់​​បង្ហោះ​ចេញ​ពី​កន្លែង​បាញ់​បង្ហោះ Sohae នៅ Tongchang-ri ប្រទេស​កូរ៉េ​ខាងជើង។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

ក្នុង​ឆ្នាំ​២០២២​នេះ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​បាន​បង្ហោះ​មីស៊ីលផ្លោង​៣១​គ្រឿង​ដោយ​មានរួម​បញ្ចូលមីស៊ីលផ្លោង​អន្តរទ្វីប៦​គ្រឿង មីស៊ីល​ផ្លោងមានវង់​ប្រតិបត្តិការ​មធ្យម​មួយ​គ្រឿង និង​យ៉ាងហោច​ណាស់កាំជ្រួចមានល្បឿន​លឿន​ជាង​សំឡេងពីរ​គ្រឿង។ ការ​បង្ហោះ​មីស៊ីល​ទាំង​នេះ​បានរំលោភ​លើសេចក្តី​សម្រេច​ចិត្ត​ជា​ច្រើន​របស់ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ បន្ថែមលើ​នេះ របាយការណ៍​នានាបញ្ជាក់​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងកំពុងប្រុងប្រៀបធ្វើតេស្តនុយក្លេអ៊ែរ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ។

នៅ​ក្នុង​ការប្រឈម​នឹងការបង្ក​រឿង​ទាំង​នេះ ស.រ.អ.បានដាក់ស្នើ​សេចក្តី​សម្រេចចិត្ត​មួយ​ក្នុ​ង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.កាលពី​ខែ​ឧសភា​ដើម្បី​ពង្រឹង​ការដាក់ទណ្ឌកម្ម​លើសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ហៅ DPRK អំពី​ការបង្ហោះមីស៊ីលផ្លោង​របស់​ខ្លួន។ តែ​យ៉ាង​ណាក៏​ដោយ​ក៏​ក្នុង​ពេល​១៥ឆ្នាំ​នេះ មានការ​ខ្វែង​គំនិត​គ្នាមួយ​ប្រកប​ដោយ​គ្រោះថ្នាក់​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.ទាក់​ទិននឹង​ DPRK។​ នៅ​ពេល​ដែលប្រទេស​ជា​សមាជិក​១៣​បានបោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​នេះ​ ប្រទេស​រុស្ស៊ី​និងសាធារណរដ្ឋប្រជាមានិត​ចិន​ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍ពីរ​នៃក្រុមប្រឹក្សា​សន្តិសុខ​បានបោះឆ្នោត​វ៉េតូ​ជំទាស់នឹង​សេចក្តី​សម្រេច​ចិត្ត​នេះ ដែល​នាំ​ឱ្យ​វា​បរាជ័យ។​

កាល​ពី​ថ្ងៃទី៨ មិថុនានៅ​ក្នុង​ការពិភាក្សា​គ្នា​មួយនៅ​ក្នុង​មហា​សន្និបាតអ.ស.ប.អំពីការ​បោះឆ្នោត​វ៉េតូដោយ​ប្រទេស​រុស្ស៊ី ​និងសាធារណរដ្ឋប្រជាមានិត​ចិន​ លោកឯកអគ្គ​រដ្ឋទូត Jeffrey DeLaurentis ទី​ប្រឹក្សាជាន់​ខ្ពស់​ខាង​កិច្ចការនយោបាយ​នៃ​ស្ថាន​បេសកកម្ម​ស.រ.អ.ប្រចាំ​អ.ស.ប. បាន​និយាយ​ថា ការ​បោះឆ្នោត​វ៉េតូ​ទាំង​នេះបង្ហាញ​«ការ​យល់​ព្រម​ទាំង​ស្រុង»ដល់​សកម្មភាព​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ធ្វើឱ្យ​មាន​អស្ថិរភាពនៃ​សាធារណរដ្ឋ DPRK​។​ លោក​បានថ្លែងថា «សមាជិក​១៣​ប្រទេសនៃ​ក្រុមប្រឹក្សា​សន្តិសុខ​បានបញ្ជូន​សារខ្លាំង​មួយ​ទៅឱ្យ​សាធារណរដ្ឋ DPRK ថា​ អាវុធ​មហា​ប្រល័យ និង​ការ​អភិវឌ្ឍន៍​មីស៊ីលផ្លោង​របស់​ខ្លួន​នឹងមិន​ត្រូវ​អត់​ឱន​ឱ្យ​បានទេនិងដើម្បី​បញ្ជូន​សញ្ញា​មួយ​ដល់​ពួក​អ្នកធ្វើឱ្យ​រីកសាយ​អាវុធ​ថា ​គួរមានផល​វិបាកសម្រាប់​អាកប្បកិរិយា​ពួក​គេ​ផង​ដែរ។ ប្រទេស​ពីរ​មិនបាន​ធ្វើ​ដូច្នេះ​ទេ»។

លោកឯកអគ្គ​រដ្ឋទូត DeLaurentis បាន​កត់​សម្គាល់កាលពី​ដើម​ឆ្នាំនេះ​ថា រុស្ស៊ី និង​សាធារណរដ្ឋ PRC បាន​សន្យា​អំពី«ភាព​ដៃគូ​គ្មានកម្រិត»។

លោកបាននិយាយ​ថា «យើង​សង្ឃឹម​ថា ​ការបោះឆ្នោត​វ៉េតូ​ទាំង​នេះ​មិន​មែន​ជា​ការ​បញ្ចាំង​ឱ្យ​ឃើញភាព​ដៃគូ​មួយត្រូវ​ដាក់លើ​ផលប្រយោជន៍រួម​នៃ​អង្គការ​នេះ ឬលើ​ផលប្រយោជន៍រួម​នៃ​ស្ថាប័ន​ពហុភាគី​ដែល​មាន​អាណត្តិធ្វើឱ្យ​ប្រាកដ​អំពី​សុវត្ថិភាព​ និង​សន្តិសុខរបស់​យើង​ទាំង​អស់គ្នាទេ»។

ស.រ.អ.​បាន​និយាយ​ច្រើន​ដងមក​ហើយ​ថា ​ខ្លួនស្វះស្វែង​ឱ្យ​មានការ​សន្ទនា​គ្នា​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងដោយ​គ្មាន​លក្ខខ័ណ្ឌ ហើយ​នៅ​តែ​មានការសន្យា​ធ្វើឱ្យ​មាន​មាគ៌ាការទូត​មួយ​ជា​មួយ​សាធារណរដ្ឋ DPRK។​ ស.រ.អ.បាននិយាយច្បាស់លាស់ដែរ​ថា​ ជា​មួយ​ពួក​សម្ព័ន្ធ​មិត្តខ្លួន ខ្លួន​នឹងរក្សា​ឱ្យ​មានសមត្ថភាពធ្វើឱ្យរារាំងដល់​ការធ្វើ​សង្គ្រាម ហើយ​នឹង​ធ្វើឱ្យ​មានការ​អនុវត្ត​ការដាក់ទណ្ឌកម្ម​ពហុភាគី​និង​ឯកតោភាគី​ទាំង​អស់ផង​ដែរ។

នៅឯ​អ.ស.ប. លោក​ឯកអគ្គ​រដ្ឋទូត DeLaurentis បាន​ប្រកាស​ថាស.រ.អ.នឹង​បន្ត​ធ្វើការ​«ជា​ទៀង​ទាត់ ដោយ​យក​ចិត្តទុកដាក់និង​ប្រកប​ដោយ​តម្លាភាព​ជា​មួយ​ក្រុមប្រឹក្សា​សន្តិសុខ​ ពួក​សម្ព័ន្ធមិត្ត​និងក្រុមដៃគូរបស់យើង និង​ពួក​រដ្ឋជា​សមាជិក​ទាំង​អស់​ដែល​ចង់​បញ្ឈប់កម្មវិធី​អាវុធ​មហា​ប្រល័យនិងកម្មវិធីមីស៊ីលផ្លោង​មិន​ត្រឹមត្រូវ​តាមច្បាប់​របស់​សាធារណរដ្ឋ DPRK ព្រម​ទាំងប្រព្រឹត្តតាមគុណតម្លៃនៃ​ការ​មិន​រីកសាយ​អាវុធផង​ដែរ»៕

XS
SM
MD
LG