Accessibility links

Breaking News

បទវិចារណកថា៖ ការគាំទ្រ​របស់​អន្តរជាតិ​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ឈរ​ជិត​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ខាងក្រៅ​សន្និសីទ​សន្តិសុខ​ទីក្រុង Munich (MSC) នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ឈរ​ជិត​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ខាងក្រៅ​សន្និសីទ​សន្តិសុខ​ទីក្រុង Munich (MSC) នៅ​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​នៅក្នុង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​អំពី​ការ​ធានា​ចំពោះ​ការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​ចំនួន ១ ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​របៀបវារៈ​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន និង​ការ​បន្ត​ចូលរួម​របស់​អ៊ុយក្រែន​ជាមួយ​នឹង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ការ​ផ្ដល់​ជូន​នេះ រួម​ជាមួយ​នឹង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​អ៊ុយក្រែន អង្គការ IMF ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេង​ទៀត ក្រុម​ប្រទេស G-7 និង​ម្ចាស់​ជំនួយ​ទ្វេភាគី​ដទៃទៀត នឹង​ជួយ​ជំរុញ​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ុយក្រែន ការ​រីកចម្រើន និង​វិបុលភាព នៅក្នុង​ការ​ប្រឈម​នឹង​ភាព​គឃ្លើន​របស់​ប្រទេស​រុស្ស៊ី»។

នៅ​រវាង​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៦ សហរដ្ឋ​អាមេរិក​បាន​ចេញ​ការ​ធានា​ផ្ដល់​ប្រាក់​កម្ចី ៣ លើក​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន ដោយ​មួយ​លើកៗ​មាន​ទឹក​ប្រាក់​ចំនួន ១ ពាន់​លាន​ដុល្លារ បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ចាប់ផ្ដើម​កាន់កាប់​ឧបទ្វីប Crimea។

លោក​រដ្ឋមន្ត្រី Blinken បាន​ថ្លែង​ថា៖ «ការ​ធានា​ប្រាក់​កម្ចី​ទាំងនេះ​ដើរ​តួនាទី​សំខាន់​នៅក្នុង​ការ​ជួយ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​ស្ថិរភាព​ដោយ​ជោគជ័យ នៅ​ចំពេល​មាន​ភាព​គឃ្លើន​របស់​រុស្ស៊ី​កាលពី​មុន និង​នៅក្នុង​ការ​ជួយ​អ៊ុយក្រែន​ឲ្យ​អនុវត្ត​របៀបវារៈ​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​ដ៏​មុះមុត ដែល​មាន​ការ​គាំទ្រ​ពី​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​មហិច្ឆតា​ជាមួយ​នឹង​អង្គការ IMF»។

សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ជាង ២ ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​តាំងពី​ឆ្នាំ ២០១៤ មក។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏​បាន​ធ្វើការ​ផងដែរ​ដើម្បី​លើកកម្ពស់​ការ​ចូលរួម​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាមេរិកាំង​នានា​នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ុយក្រែន។

ធនាគារ​អាហរ័ណ​នីហរ័ណ​របស់​សហរដ្ឋ​អាមេរិក​ មាន​គោល​បំណង​ត្រៀម​ថវិកា​រហូត​ដល់ ៣ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​លទ្ធកម្ម​នៃ​ទំនិញ​ និង​សេវាកម្ម​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​គម្រោង​នានា​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ (DFC) របស់​សហរដ្ឋ​អាមេរិក មាន​ការ​វិនិយោគ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុង​ទឹកប្រាក់​ប្រហែល ៨០០ លាន​ដុល្លារ លើ​គម្រោង​ជាច្រើន។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «នឹង​បន្ត​ស្វែងរក​វិធី​គាំទ្រ​ប្រទេស​និង​ប្រជាពលរដ្ឋ​អ៊ុយក្រែន» ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី៕

XS
SM
MD
LG